ដោយៈ ប.ខុន/ភ្នំពេញៈ អ្នកធ្វើអាជីវកម្មនេសាទត្រីតាមគន្លងដាយក្នុងដងទន្លេសាបទាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញក៏ដូចជាក្នុងភូមិសាស្ត្រខេត្តកណ្តាល បាននាំគ្នាចាប់ផ្តើមរុះរើ សាច់ដាយឡើងហើយ បន្ទាប់ពីចរន្តទឹកទន្លេសាបហូរចេញខ្សោយ និងនៅពេលខ្លះទឹកជោរហូរចូលទន្លេសាប (តំបន់ចតុមុខ) វិញ ហើយចាប់ត្រីលែងបានរួចមក។
លោកងិន ឌី នាយខណ្ឌរដ្ឋបាលជលផលរាជធានីភ្នំពេញបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ថា ការធ្វើអាជីវកម្មនេសាទត្រីតាមគន្លងដាយក្នុងដង ទន្លេសាប តាមធម្មតាការធ្វើនេសាទតាមគន្លងដាយចប់នៅក្នុងខែមីនារាល់ឆ្នាំតែសម្រាប់ឆ្នាំ២០២២នេះ អ្នកនេសាទបានចាប់ផ្តើមនាំគ្នារុះរើសាច់ដាយឡើងហើយនៅដើមខែកុម្ភៈនេះទាំងនៅភ្នំពេញ និងខេត្តកណ្តាល ដោយសារចាប់ ត្រីលែងបានមកពីទឹកហូរខ្សោយ និងពេលខ្លះទឹកហូរចូល (ទឹកជោរ) ទៅបឹងទន្លេសាបវិញ។
នាយខណ្ឌរដ្ឋបាលជលផលខាងលើនិយាយឱ្យដឹងទៀតថា នៅសល់គន្លងដាយពីរបីមិនទាន់បានសារសាច់ដាយឡើងដោយសារគេនៅរង់ចាំមើលក្រែងមានត្រីត្រូវច្រើនម្តងទៀតនៅក្នុងខ្នើតខែនេះ ។ នៅពេលចប់រដូវនេសាទឧបករណ៍នេសាទនៅតាមគន្លងដាយត្រូវរុះរើចេញពីក្នុងទន្លេ និងត្រូវអូសទៅចតនៅគោលដៅដែលរដ្ឋបាលរាជធានីភ្នំ ពេញកំណត់ជាបណ្តោះអាសន្ននៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយមិនអនុញ្ញាតឱ្យចតផែនៅកណ្តាលទន្លេ ឬអែបច្រាំងដូចមុនទៀតហើយ។
លោកម៉ូត ហូសាន់ អ្នកធ្វើអាជីវកម្មនេសាទត្រីតាមគន្លងដាយជួលពីរដ្ឋបាលជលផលបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៨ ខែកុម្ភៈថា មកដល់ថ្ងៃទី៧កើត ខែមាឃ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈទៅហើយ អ្នកនេសាទនៅខេត្តកំពង់ឆ្នាំក៏ដូចជានៅខេត្តកណ្តាលនៅតែមិនទាន់ឃើញចាប់បានត្រីចេញពីបឹងទន្លេសាបម្តងទៀត ព្រមជាមួយនឹងចរន្តទឹកសឹងតែលែងហូរទៅហើយ និងនៅ ពេលទឹកជោររុញចូលទន្លេសាបវិញរួចមក អ្នកនេសាទទាំងអស់បានសម្រេចនាំគ្នារុះរើសាច់ដាយឡើងពីទឹកព្រោះដាក់បន្តទៀតក៏ចាប់ត្រីមិនបាន។ តាមធម្មតាការនេសាទត្រីធ្វើ ប្រហុកផ្អកនៅចាប់បានមួយខ្នើតខែមាឃនេះទៀត តែដោយសារទឹកតូច គឺចប់ត្រឹមនេះ។
អ្នកធ្វើអាជីវកម្មនេសាទត្រីខាងលើនិយាយឱ្យដឹងទៀតថាការរុះរើសាច់ដាយនេះត្រូវចំណាយពេលពី១០ទៅ១៥ថ្ងៃទើបរួច ព្រោះត្រូវលាងសម្អាតស្លែ និងហាលថ្ងៃ ឱ្យស្ងួតមុននឹងយកទៅទុកដាក់។ ឯក្បូន និងផែដែលមានបោះយុថ្កានៅបាទទន្លេមិនទាន់រុះរើបានទេព្រោះទឹកនៅហូរ។ រាល់ឆ្នាំពេលចប់ការនេសាទនៅក្នុងខែមីនា ផែ និងក្បូនត្រូវបានអូសចូល ទៅអែបច្រាំង តែឆ្នាំនេះអាជ្ញាធរមិនអនុញ្ញាតឱ្យចតនៅតាមច្រាំងដូនមុនទេ គឺត្រូវអូសទៅចតនៅព្រំប្រទល់ខេត្តកណ្តាល ពេលនេះអូសមិនរួចនៅឡើយទេដោយសារទឹកនៅ ហូរចេញពីបឹងទន្លេសាបនៅឡើយ។
លោកម៉ៅ ហាក់អនុប្រធានអាជ្ញាធរទន្លេសាបបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២២ដែរថា ទឹកបឹងទន្លេសាបនៅក្រគរកំពង់លួង ថ្ងៃទី៨ ខែកុម្ភៈនេះ នៅសល់កម្ពស់១,៨៦ម៉ែត្រ ខ្ពស់ជាងទឹកឆ្នាំ២០២១ ប្រមាណជា០,១៧ម៉ែត្រ និងទាបជាងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ០,៨៣ម៉ែត្រ។ នៅចតុមុខមុខទឹកមានកម្ពស់២,៤២ម៉ែត្រ ទាបជាង កម្ពស់ទឹកឆ្នាំ២០២១ ប្រមាណជា០,១៤ម៉ែត្រ និងទាបជាងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ ០,៣៤ម៉ែត្រ។ចរន្តទឹកហូរចេញពីបឹងទន្លេសាបពេលនេះខ្សោយណាស់ ហើយ បើនៅចតុមុខទឹករុញទៅរុញមកហើយ៕