ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ការប្រណាំងប្រជែងដើម្បីដឹកនាំប្រទេសហ្វីលីពីនបានចាប់ផ្តើមកាលពីថ្ងៃអង្គារទី៨កុម្ភៈ ដោយកូនប្រុសរបស់អតីតមេដឹកនាំផ្តាច់ការហ្វែរឌីណង់ ម៉ាកូស ក្លាយជាបេក្ខជនឈានមុខគេក្នុងការស្នងតំណែងបន្តពីមេដឹកនាំ រ៉ូឌ្រីហ្គោ ឌុយទែត និងនាំត្រឡប់មកវិញនូវត្រកូលរបស់គាត់មកទៅកាន់វិមានប្រធានាធិបតី ដែលពួកគេបានរត់ចោល។
បេក្ខជននានាបានចាប់ផ្តើមឃោសនាសម្រាប់រដូវកាលយុទ្ធនាការរយៈពេលបីខែតាមរបៀបដ៏ឈ្មុសឈ្មុលចម្រុះពណ៌និងដ៏ច្របូកច្របល់ក្នុងគោលបំណងទាក់ទាញអ្នកបោះឆ្នោតរាប់លាននាក់ ដែលជាធម្មតាចាប់អារម្មណ៍លើបុគ្គលិកលក្ខណៈជាជាងគោលនយោបាយ។
លោកហ្វែរឌីណង់ ម៉ាកូស ជូនៀ កំពុងមានសម្លេងគាំទ្រនាំមុខសំរាប់ការបោះឆ្នោតខែឧសភា
ជាង ៣៥ ឆ្នាំបន្ទាប់ពីប្រទេសនេះបានងើបចេញពីរបបផ្តាច់ការរបស់ឪពុកគាត់ ការស្ទង់មតិបានបង្ហាញថា លោកហ្វែរឌីណង់ ម៉ាកូស ជូនៀ (Ferdinand Marcos Jr)កំពុងឆ្ពោះទៅរកជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតថ្ងៃទី ៩ ខែឧសភា។
ជំរុញដោយយុទ្ធនាការលើបណ្តាញសង្គមដ៏ធំនិងសម្ពន្ធភាពដ៏រឹងមាំជាមួយកូនស្រីរបស់លោកឌុយទែតក្នុងនាមជាបេក្ខជនអនុប្រធានាធិបតីលោកស្រី សារ៉ា ឌុយទែត លោកម៉ាកូសជូនៀដែលជាឥស្សរជនក្លៀវក្លាបំផុតនៅក្នុងប្រទេសហ្វីលីពីន បានប្តេជ្ញាថានឹង “បង្រួបបង្រួមប្រទេស”។
ម៉ាកូសជូនៀបានប្រាប់ទូរទស្សន៍ GMA កាលពីថ្ងៃសៅរ៍ថា “នេះមិនមែនជាពេលវេលានិងទីកន្លែងដែលត្រូវជជែកគ្នាអំពីប្រវត្តិសាស្ត្ររបស់ប្រទេសហ្វីលីពីននោះទេ។យើងត្រូវជជែកនិងពិភាក្សាពីអ្វីដែលយើងត្រូវធ្វើនៅប៉ុន្មានឆ្នាំខាងមុខដើម្បីផ្តល់ការងារដល់ប្រជាជនវិញ ដើម្បីឱ្យពួកគេមានលុយចូលហោប៉ៅ”។
អនុប្រធានាធិបតីកំពុងកាន់អំណាចលោកស្រី ឡេនី រ៉ូប្រេដូ (Leni Robredo)ជាគូប្រជែងរបស់ម៉ាកូស ជូនៀគឺជាអ្នកជាប់លេខពីរតែដាច់ឆ្ងាយពីលេខមួយណាស់ក្នុងការស្ទង់មតិរបស់អ្នកបោះឆ្នោត។
ដោយចាប់ផ្តើមយុទ្ធនាការក្នុងឈុតពណ៌ផ្កាឈូកនៅក្នុងទីក្រុងលូពី (Lupi)ក្នុងខេត្តកាម៉ារីនសួរ (Camarines Sur) ភាគកណ្តាល លោកស្រីរ៉ូប្រេដូបានប្រាប់អ្នកគាំទ្រថា លោកស្រី “ពោរពេញដោយភាពក្លាហាន ព្រោះអ្នកនៅជាមួយខ្ញុំ”។
លោកស្រីរ៉ូប្រេដូមានសន្ទុះនាំមុខអភិបាលក្រុងម៉ានីល លោកហ្វ្រង់ស៊ីស្កូ ដូម៉ាហ្គោសូ (Francisco Domagoso) តារាប្រដាល់មែននី ប៉ាកគីអៅ និងអតីតមេប៉ូលិសលោក ផានហ្វីឡូ ឡាក់សាន់ (Panfilo Lacson)៕
យុទ្ធនាការបោះឆ្នោតប្រធានាធិបតីចាប់ផ្តើមនៅហ្វីលីពីន