ដោយៈ បាយ័ន/សៀមរាបៈ កសិករចំនួន ១២០គ្រួសារ មកពីភូមិចំនួន១៥ ក្នុងស្រុកជីក្រែង និងស្រុកសូទ្រនិគម ខេត្តសៀមរាប បានទទួលពូជបន្លែ ដើម្បីជំរុញការងារដាំដុះ បង្កើនប្រាក់ចំណូល ដល់ប្រជាកសិករ ។ ពិធីផ្តល់ពូជបានធ្វើឡើងកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលមិញ ដោយមានវត្តមានលោក ហៃ វាសនា អនុប្រធានមន្ទីររកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តសៀមរាប លោក សាំង សុផល ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងសហការី។
ក្នុងនោះ ប្រជាកសិករចំនួន ៦០គ្រួសារ មកពី ១០ភូមិ រួមមាន៖ ភូមិថ្នល់ ចាន់សត្បូង ចាន់សជើង តាតោកលិច ជុប ដូនដៀវ ច្បារលើ គោកចិន ស្រែប្រីយ៍ និងភូមិសន្លោង នៅក្នុងឃុំចាន់ស ស្រុកសូទ្រនិគម និងកសិករចំនួន ៦០គ្រួសារ មកពី ៥ភូមិ រួមមាន៖ ភូមិបុសពក កំពង់ស្នោរលិច កំពង់ស្នោរកើត ជីក្រែង និងភូមិសណ្តាន់ នៅក្នុងឃុំជីក្រែង ស្រុកជីក្រែង។
គ្រួសារកសិករនីមួយៗ ទទួលបាន គ្រាប់ពូជចំនួន ៤មុខ រួមមាន៖ ត្រកួន ម្ទេស សណ្តែកកួរ និងស្ពៃ៕