ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP)បាននិយាយកាលពីថ្ងៃអង្គារទី៨កុម្ភៈថា ប្រជាជនប្រមាណ១៣លាននាក់នៅក្នុងប្រទេសកេនយ៉ា សូម៉ាលី និងអេត្យូពីកំពុងប្រឈមមុខនឹងភាពអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ ខណៈតំបន់ស្នែងអាហ្វ្រិកជួបប្រទះនឹងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។
ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិមួយនេះបាននិយាយថា រដូវវស្សាចំនួនបីជាប់ៗគ្នាមិនបានកើតឡើងនោះទេ ខណៈតំបន់នេះបានកត់ត្រាស្ថានភាពរាំងស្ងួតខ្លាំងបំផុតចាប់តាំងពីឆ្នាំ ១៩៨១។
គ្រោះរាំងស្ងួតបានបំផ្លាញដំណាំនិងធ្វើឱ្យងាប់សត្វពាហនៈក្នុងចំនួនខ្ពស់ “មិនធម្មតា” ដោយបង្ខំឱ្យគ្រួសារនៅជនបទដែលពឹងផ្អែកលើការចិញ្ចឹមសត្វនិងការធ្វើស្រែចម្ការបោះបង់ចោលផ្ទះសម្បែងរបស់ពួកគេ។
លោក ម៉ៃឃើល ដាន់ហ្វត (Michael Dunford) ជានាយកប្រចាំតំបន់របស់អង្គការ WFP នៅអាហ្វ្រិកខាងកើត បាននិយាយថា ទឹកនិងដីដាំដុះកំពុងខ្វះខាតហើយការព្យាករណ៍នៃទឹកភ្លៀងទាបជាងមធ្យមក្នុងប៉ុន្មានខែខាងមុខនេះរឹតតែគំរាមបង្កទុក្ខព្រួយខ្លាំងថែមទៀត។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការប្រមូលផលត្រូវបានបំផ្លាញ សត្វពាហនៈកំពុងងាប់ និងភាពអត់ឃ្លានកំពុងកើនឡើងខណៈគ្រោះរាំងស្ងួតដែលកើតឡើងម្តងទៀតនេះកំពុងប៉ះពាល់ដល់តំបន់ស្នែងអាហ្វ្រិក”។
“ស្ថានភាពនេះទាមទារឱ្យមានសកម្មភាពមនុស្សធម៌ជាបន្ទាន់” ដើម្បីបញ្ចៀសការកើតឡើងម្តងទៀតនៃវិបត្តិដូចនៅប្រទេសសូម៉ាលីក្នុងឆ្នាំ ២០១១ នៅពេលដែលមនុស្ស ២៥០.០០០នាក់ស្លាប់ដោយសារភាពអត់ឃ្លានក្នុងអំឡុងពេលគ្រោះរាំងស្ងួតដ៏យូរ។
ជំនួយស្បៀងអាហារកំពុងត្រូវបានចែកចាយនៅទូទាំងតំបន់រាំងស្ងួតនៃប្រទេសកេនយ៉ា អេត្យូពី និងសូម៉ាលី កន្លែងដែលអត្រាកង្វះអាហារូបត្ថម្ភមានខ្ពស់និងមនុស្សប្រហែល ១៣លាននាក់ប្រឈមនឹងហានិភ័យនៃភាពអត់ឃ្លានធ្ងន់ធ្ងរនៅត្រីមាសទីមួយនៃឆ្នាំនេះ។
មនុស្សប្រហែល ៥,៧ លាននាក់ត្រូវការជំនួយស្បៀងអាហារនៅភាគខាងត្បូងនិងភាគអាគ្នេយ៍នៃប្រទេសអេត្យូពី រួមទាំងកុមារ និងម្តាយដែលខ្វះអាហារូបត្ថម្ភកន្លះលាននាក់។
នៅក្នុងប្រទេសសូម៉ាលី ចំនួនប្រជាជនដែលត្រូវបានចាត់ថ្នាក់ថាអត់ឃ្លានយ៉ាងធ្ងន់ធ្ងរត្រូវគេរំពឹងថានឹងកើនឡើងពី ៣,៥ លាននាក់ទៅ ៤,៦ លាននាក់នៅខែឧសភាលុះត្រាតែមានអន្តរាគមន៍ជាបន្ទាន់។
មនុស្ស ២,៨ លាននាក់ផ្សេងទៀតត្រូវការជំនួយនៅភាគអាគ្នេយ៍និងភាគខាងជើងប្រទេសកេនយ៉ា ជាកន្លែងដែលភាពអាសន្នគ្រោះរាំងស្ងួតត្រូវបានប្រកាសនៅខែកញ្ញា។
អង្គការ WFP បាននិយាយថា ទឹកប្រាក់ចំនួន ៣២៧ លានដុល្លារគឺត្រូវការចាំបាច់ដើម្បីឆ្លើយតបទៅនឹងតម្រូវការភ្លាមៗក្នុងរយៈពេលប្រាំមួយខែខាងមុខនិងគាំទ្រសហគមន៍ចិញ្ចឹមសត្វឱ្យកាន់តែមានភាពធន់នឹងការប៉ះទង្គិចពីអាកាសធាតុរាំងស្ងួតដែលកើតឡើងវិញនេះ៕
គ្រោះរាំងស្ងួតបានបំផ្លាញដំណាំនិងធ្វើឱ្យងាប់សត្វពាហនៈក្នុងចំនួនខ្ពស់ “មិនធម្មតា”ក្រោយរដូវវស្សាបីជាប់គ្នាមិនមានទឹកភ្លៀងនៅតំបន់ស្នែងអាហ្រ្វិក