ដោយ:ពៅនិមល/ភ្នំពេញ: មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា គម្រោងស្ពានឆ្លង រវាងខេត្តក្រចេះ និងខេត្តកំពង់ធំ ដែលគ្រោងនឹងសាងសង់នៅឆ្នាំ២០២៣ខាងមុខនេះ នឹងត្រូវប្រើប្រាស់ថវិកាសរុបចំនួន ១១១,៩៨លានដុល្លារ ដោយត្រូវប្រើរយៈពេលសាងសង់ ៤២ខែ។
លោក វ៉ាស៊ីម សុរិយា មន្ត្រីអ្នកនាំពាក្យ នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះបានមានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំពិភាក្សាបច្ចេកទេស និងចចារតម្លៃគម្រោងសាងសង់ស្ពានមេគង្គក្រចេះ និងផ្លូវតភ្ជាប់ ខេត្តក្រចេះ ជាមួយក្រុមហ៊ុន Shanhai Co.,Ltd និងក្រុមហ៊ុនកុងស៊ុលតង់ Guangzhou Wanan Construction Supervision Co.,Ltd ដោយមានសមាសភាពចូលរួមដទៃផ្សេងទៀត បានបង្ហាញឲ្យដឹងថា គម្រោងស្ពាននេះ មានប្រវែងសរុប ១.៧៦១ម៉ែត្រ ទទឹង ១៣,៥០ម៉ែត្រ, ផ្លូវភ្ជាប់ក្បាលស្ពានទាំងសងខាង និងផ្លូវខ្នែងមានប្រវែងសរុប ៣១.៦៩៨គីឡូម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ៧សង់ទីម៉ែត្រ ទទឹង ១៩ម៉ែត្រ លើតួផ្លូវ ៣០ម៉ែត្រ ប្រវែង ៥.០២៥គីឡូម៉ែត្រ, កម្រាស់AC ៧សង់ទីម៉ែត្រ ទទឹង ១៣ម៉ែត្រ លើតួផ្លូវ ១៩,៥០ម៉ែត្រ ប្រវែង ០.៤២៤គីឡូម៉ែត្រ, កម្រាស់ AC ៧ សង់ទីម៉ែត្រ ទទឹង ១០ម៉ែត្រ លើតួផ្លូវ ១១ម៉ែត្រ ប្រវែង ១៥,៤៩គីឡូម៉ែត្រ, កម្រាស់ AC ៧សង់ទីម៉ែត្រ ទទឹង ៩ម៉ែត្រ លើតួផ្លូវ ១៣ម៉ែត្រ ប្រវែង ០.៥៩៧គីឡូម៉ែត្រ, កម្រាស់ AC ៧សង់ទីម៉ែត្រ ទទឹងចាប់ពី ៩,៥០ម៉ែត្រ ទៅ១០ម៉ែត្រ លើតួផ្លូវ ១២ម៉ែត្រ ប្រវែង ១០.១៦២គីឡូម៉ែត្រ, ស្ពានប្រវែងមធ្យមចំនួន ៤កន្លែង ប្រវែងសរុប ៣៨៤ម៉ែត្រ (ផ្លូវតភ្ជាប់ ៣កន្លែង និងផ្លូវខ្នែង ១កន្លែង) និងលូគ្រប់ប្រភេទចំនួន ៣២កន្លែង។
សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ នៅខេត្តក្រចេះ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ បានថ្លែងបញ្ជាក់ថា “នៅឆ្នាំ២០២៣ខាងមុខ នឹងសម្ពោធបើកការដ្ឋានសម្រាប់ការសាងសង់ស្ពានឆ្លងពីក្រចេះ ទៅកំពង់ធំ។ សម្តេចថ្លែងបន្តថា លោកមិនភ្លេចទេ ហើយការតភ្ជាប់នេះ មិនមែនសម្រាប់ចម្លងពីខ្សែម្ខាងទៅម្ខាងនោះទេ គឺថ្ងៃក្រោយនឹងឆ្លងកាត់ផ្លូវមួយខ្សែ ទៅដល់កំពង់ថ្ម ព្រោះមិត្តចិនគាត់និយាយហើយធ្វើលឿន ជាងផែនការ នេះជាទំលាប់របស់ចិន ដែលគាត់និយាយតិច គាត់ធ្វើច្រើន សម្រាប់ខេត្តក្រចេះ ភ្ជាប់ទៅខេត្តស្ទឹងត្រែង និងទៅខេត្តកំពង់ធំ មិត្តចិនជួយធ្វើការងារនេះបន្ត”៕