ដោយៈ មុនីរ័ត្ន/ភ្នំពេញ: ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សានៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំពិធីប្រកាសសមាសភាពគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្តនិងក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន នៃក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានៅសណ្ឋាគារ សុខាភ្នំពេញកាលពីរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
រូបថតៈលោក ហ៊ុន ម៉ានី ប្រកាសសមាសភាពគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត និង ក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន
លោក ស សុខា ប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) បានរាយការណ៍សង្ខេបអំពីលទ្ធផលជោគជ័យរបស់ក្រុមប្រឹក្សា ក្នុងការបំពេញភារកិច្ចរបស់ខ្លួនក្នុងឆ្នាំ២០២១ កន្លងទៅ។ លោកបានសង្កត់ធ្ងន់លើសមិទ្ធផលការងារជាច្រើនដែលសម្រេចបានទោះបីកម្ពុជាបានរងឥទ្ធិពលដោយសារជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ។
ថ្លែងក្នុងឱកាសលោក ហ៊ុន ម៉ានី បានសម្តែងនូវការកោតសរសើរអំពីការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនសម្រេចបានលើសផែន ការកំណត់។លោកបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានបង្កើត ចលនាយុវជនមួយមានឈ្មោះថា «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ» ដែលមានសសរស្ដម្ភចំនួន៩ ព្រមទាំងបានលើកឡើងអំពីមូលហេតុ និងគោលបំណងនៃការបង្កើត «ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា» ដែលមានតួនាទីធ្វើជាសេនាធិការឱ្យប្រធាន ស.ស. យ.ក. និងមានភារកិច្ចបំពេញការងារសំខាន់ៗជាច្រើន ដើម្បីជាប្រយោជន៍ដល់យុវជនប្រមាណជាង ២០ម៉ឺននាក់ នៅតាមគ្រឹះស្ថានឧត្តមសិក្សា។
សូមជម្រាបថា សមាសភាពដែលត្រូវប្រកាសទទួលស្គាល់ក្នុងពិធីនេះ មានចំនួន ៣៣២នាក់ តំណាងឱ្យសមាសភាពជាង ២ពាន់នាក់ ដែលបានទទួលស្គាល់ដោយសហភាពសហព័ន្ធយុវជនកម្ពុជា មកពីតំណាងគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន ១១៤ នៅទូទាំងប្រទេស។
គណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)ប្រចាំគ្រឹះស្ថានឧត្តមសិក្សាឯកជនមានលោកបណ្ឌិត ហេង វ៉ាន់ដា ប្រធាន។ គណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋមាន ឯកឧត្តម បណ្ឌិត ធន់ វឌ្ឍនា ជាប្រធាន។ គណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត ស.ស.យ.កប្រចាំគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិង វិជ្ជាជីវៈរដ្ឋចំណុះក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈមាន ឯកឧត្តម ហេង សួរ ជាប្រធាន៕សរន