ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភាបានគូសបញ្ជាក់ថា «ក្នុងដំណាក់កាលនេះ អ្វីដែលចាំបាច់បំផុតនោះ គឺការពង្រឹង និងពង្រីកគោលដៅទេសចរណ៍សុវត្ថិភាព, បង្កើតផលិតផលទេសចរណ៍ថ្មីៗ ឱ្យកាន់តែមានភាពទាក់ទាញ ស្របតាមគន្លងប្រក្រតីភាពថ្មី និងបដិវត្តន៍ឧស្សាហកម្ម ៤.០។ ជាពិសេសជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយពីសក្តានុពលទេសចរណ៍កម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងគ្រប់ដូសមកកម្ពុជា ក៏ដូចជាជំរុញចលនាទេសចរណ៍ផ្ទៃក្នុង»។
លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧បានបញ្ជាក់ដូចនេះនៅក្នុងប្រជុំជាមួយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។កិច្ចប្រជុំនេះ ដើម្បីពិនិត្យវឌ្ឍនភាពការងារលើការអនុវត្ត «ផែនទីចង្អុលផ្លូវស្ដីពីការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩» ។