ភ្នំពេញៈការអនុវត្តគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា រយៈពេល៦ឆ្នាំនឹងជួយលើកស្ទួយដល់ជីវភាពប្រជាសហគមន៍ និងពិសេសនៅបានជួយដល់កិច្ចការពារធនធានធម្មជាតិកម្ពុជាឱ្យគង់វង្សយូរអង្វែងទៅថ្ងៃខាងមុខ។នេះជាការថ្លែងរបស់មន្ត្រីនៃក្រសួងបរិស្ថាន។
បញ្ជាក់ក្នុងពិធីបើកសិក្ខាសាលាស្តីពីគម្រោង “និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា”ដែលបានរៀបចំឡើងនាមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉ែ(CKCC)នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីថ្ងៃទី ៨ ខែ កុម្ភៈឆ្នាំ ២០២២ លោក ឃិន ម៉េង ឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានក្រសួងបរិស្ថានបានថ្លែងថាគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា បានទទួលពីហិរញ្ញទានឥណទានជា កញ្ចប់ថវិកាសរុបចំនួន ៥៧.៥៨លានដុល្លារ ដោយត្រូវអនុវត្តរយៈពេលប្រាំមួយឆ្នាំ គិតចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥។សម្រាប់កញ្ចប់ថវិកាទាំងនោះក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ ទទួលពីភាគីពាក់ពាក់ព័ន្ធមួយចំនួនដូចជា ថវិកាហិរញ្ញប្បទាន ឥណទានពីធនធាគារពិភពលោកចំនួន៥០.៦០លានដុល្លារ ថវិកាពីមូលនិធិបរិស្ថានសកល ដែលជាថវិកាជំនួយមានចំនួន៤.៤២លានដុល្លារ និងថវិកាបដិភាគពីរាជរដ្ឋាភិបាលមានចំនួន២,៥លានដុល្លារ ។
លោកបានបញ្ជាក់ថាចំពោះការងារអេកូទេសចរណ៍ក្រសួងបានរៀបចំរួចហើយ ហើយក្រុមហ៊ុនឯកជនមួយចំនួនក៏បានជួយគាំទ្រការអនុវត្តតំបន់ទេសចរណ៍ និង ព្រមទាំងវិនិយោគសប្បទានលើវិស័យ ទេសចរណ៍ក្នុងនេះដូចជាការអនុវត្តផ្លូវធ្វើដំណើរ ទីកន្លែងចំណត កន្លែងបោះតង់ ទឹកស្អាត អនាម័យ កន្លែងម្ហូបអាហារ កន្លែងដើរព្រៃជាដើម។
ប្រធាននាយកដ្ឋានរូបនេះបានបញ្ជាក់បន្ថែមថា ក្នុងការអនុវត្តគម្រោងរយៈពេលប្រាំមួយឆ្នាំនេះរំពឹងថា ការគ្រប់គ្រងធនធានធម្មជាតិនឹងកាន់តែប្រសើរឡើង តាមរយៈយើងអនុវត្តផែនការ អនុវត្តច្បាប់ យើងដាំស្តារឡើងវិញ យើងការពារ ។ក្រៅពីនេះការអភិវឌ្ឍន៍វិស័យអេកូទេសចរណ៍ទាំងឯកជន និងសហគមន៍ពិតណាស់នឹងជួយបង្កើតការងារជូនប្រជាពលរដ្ឋ ដែលជាផ្នែកមួយកាត់បន្ថយការដាក់សម្ពាធទៅលើការចូលព្រៃកាប់ឈើនិងចាប់សត្វព្រៃពីព្រោះថាកាលណាប្រជាជនគ្មានមុខរបរគាត់អាចចូលព្រៃបំផ្លិចបំផ្លាញធនធានធម្មជាតិ។ជាមួយគ្នាការអភិរក្សបានប្រសើរជាងមុន និងក្រៅពីនេះការលើកកម្ពស់នូវខ្សែសង្វាក់ផលិតផលក៏ល្អតាមមកជាមួយដែរ។
ដោយឡែក លោកស្រី ឆាយស៊ីលីន ប្រធានសហគមន៍ទេសចរណ៍កម្ពុជាបានលើកឡើងដោយ បានសំណូមដល់ភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ពីការអភិវឌ្ឍន៍លើវិស័យទេសចរណ៍ គន្លងបែបថ្មីក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩។ ត្រូវប្រើប្រាស់សក្តានុពល ក្នុងទម្រង់ជាគោលដៅអេកូទេសចរណ៍ដែលក្រសួងបរិស្ថានបានអនុវត្តគម្រោងរយៈពេល៦ឆ្នាំនេះដោយបានផ្តោតទីកលើការវិនិយោគ សាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ ដែលគាំទ្រដល់សកម្មភាពនិងសម្បទានអេកូទេសចរណ៍ដែលចាំបាច់និងរួមយុទ្ធសាស្ត្រទីផ្សារ ផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថលក្នុងក្រមខណ្ឌគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា។
គួរបញ្ជាក់ថាគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា មានវិសាលភាពអនុវត្តន៍លើខេត្តចំនួន៧រួមមាន ខេត្តនៅជុំវិញបឹងទន្លេសាប និងខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ ដែលគ្រប់ដណ្តប់លើតំបន់ការពារធនធានធម្មជាតិចំនួន១៤ និងដែនទេសសភាពចំនួនពីរ គឺជុំវិញបឹងទន្លេសាប និងជួរភ្នំក្រវាញ៕សរន