ដោយ​:​សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​:​វគ្គ​បណ្ដុះបណ្ដាល​មន្ដ្រី​បច្ចេកទេស​រៀបចំ​ការ​ប្រ​កួ​ទូកក្ដោង​បាន​បើក​ឡើង​រយៈពេល​៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​០៧​ដល់​១០​ខែកុម្ភៈ​ឆ្នាំ​២០២២​នេះ​នៅ​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​ដើម្បី​ពង្រឹងសមត្ថភាព​មន្ដ្រី​បច្ចេកទេស​របស់ខ្លួន​ត្រៀ​ម​រៀបចំ​ការប្រកួត​នានា ទាំង​ថ្នាក់ជាតិ និង​អន្ដរជាតិ ពិសេស​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា ។​

វគ្គ​បណ្តុះបណ្តាល​មន្ត្រី​បច្ចេកទេស​នេះ​មាន​សិក្ខាកាម​ចូលរួម​សរុប​ចំនួន​២៥​នាក់​(​ស្រី​ម្នាក់​)​ដោយ​ផ្តោត​សំខាន់​លើ​ការសិក្សា​ទាំង​ទ្រឹស្តី និង​ការអនុវត្ត​ជាក់ស្តែង ។ សម្រាប់​ទ្រឹស្ដី គ្រូឧទ្ទេស​បានបង្ហាញ​អំពី​ប្រវត្តិ​នៃ​កីឡា​ទូកក្តោង សម្ភារ​ប្រើប្រាស់​សំរាប់​រៀបចំ​ការប្រកួត​ក្បួនខ្នាត​នៃ​ទីលាន​ប្រកួត​ការប្រើប្រាស់​សញ្ញា​ផ្សេងៗ​និង​បទ​បញ្ញា​ត្តិ​នៃ​ការប្រកួត​ជាដើម​។​រីឯ​ការអនុវត្ត​ជាក់ស្ដែង​គឺ​បាន​អនុវត្ត​ផ្ទាល់​ជាមួយ​ការរៀបចំ​ការប្រកួត​មួយ​និង​មានការ​ពន្យល់​ផ្ទាល់​ពី​គ្រូឧទ្ទេស​ទៀតផង ។​

​អគ្គលេខាធិការ​សហព័ន្ធ លោក សោម សុទ្ធ​រិ​ទ្ធិ​ពង្ស បាន​ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​ខាងលើ​ថា ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​ក្នុងនោះ​ក៏​នឹងមាន​ប្រភេទ​កីឡា​ទូកក្តោង ដែលជា​កីឡា​លើទឹក​ដ៏​មាន​ប្រជាប្រិយភាព​មួយ​ក្នុង​តំបន់ និង​បណ្តា​ប្រទេស​ជាច្រើន​លើ​ពិភពលោក ហើយ​មាន​ប្រតិភូ និង​អត្ត​ពលិកម​ក​ពី​បណ្តា​ប្រទេស​អាស៊ាន​យ៉ាងតិច ០៨​ប្រទេស​ចូលរួម​ផងដែរ ។​

​វគ្គ​បណ្ដុះបណ្ដាល​នេះ​ធ្វើឡើង​ក្រោម​គម្រោង​ថវិកា​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ដើម្បី​ពង្រឹងសមត្ថភាព​មន្ដ្រី​បច្ចេកទេស​ឆ្ពោះទៅរក​ចំណេះ​ជំនាញ​កម្រិត​ខ្ពស់ សម្រាប់​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា ។ ដូច្នេះ​សហព័ន្ធ​រំពឹងថា​សិក្ខាកាម​ចូលរួម​នឹង​ទទួលបាន​នូវ​បទពិសោធន៍​និង​ចំណេះដឹង​ថ្មីៗ​ដើម្បី​កែប្រែ​នូវ​ចំណុច​ខ្វះខាត​ហើយ​អភិវឌ្ឍន៍​ខ្លួន​ស្របតាម​និយាម​អន្ដរជាតិ ដែល​អាច​រៀបចំ​ការប្រកួត​ជា​លក្ខណៈ​អន្ដរជាតិ​បាន ។​

​ក្រោយពី​ការធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ទូកក្តោង​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍ ឆ្នាំ​២០២១ នៅ​តំបន់ឆ្នេរ​សុខា ខេត្ត​ព្រះសីហនុ កាលពី​ខែធ្នូ ឆ្នាំ​២០២១ កន្លងទៅ កម្ពុជា​បានសម្រេច​ជោគជ័យ​គួរ​ជាទី​មោទន ទាំង​ការរៀបចំ ការទទួល​បដិសណ្ឋារកិច្ច​និង​ទីលាន​ប្រកួត​ដែល​ទទួលបាន​ការវាយតម្លៃ​ខ្ពស់​ពី​អ្នកជំនាញ​អន្ដរជាតិ​ពិសេស​លើ​សមត្ថភាព​មន្ដ្រី​បច្ចេកទេស​កម្ពុជា​ថា​អាច​ទទួល​រៀបចំ​ការប្រកួត​កម្រិត​អន្ដរជាតិ​បាន​ទៀតផង ៕​srn