ប្រែសម្រួលៈបំណង/បាងកក(ST,បាងកកប៉ុស្តិ៍)៖ រថយន្តដឹកទំនិញធុនធំរាប់រយត្រូវបានម្ចាស់វាបើកមកឈប់ជាជួរក្នុងបំណងធ្វើអោយកកស្ទះចរាចរណ៍នៅក្នុងទីក្រុងបាងកកកាលពីថ្ងៃអង្គារទី៨កុម្ភៈ នៅពេលពួកគេព្យាយាមដាក់សម្ពាធលើរដ្ឋាភិបាលអោយបញ្ចុះថ្លៃប្រេងម៉ាស៊ូត។
ប៉ូលិសបានព្យាយាមប្រាប់អោយរថយន្តធំទាំងនោះរួមទាំងរថយន្តតាក់ស៊ីចាកចេញដោយតែមិនបានសំរេចនៅពេលពួកអ្នកបើករថយន្តឈប់ជាជួរនៅតាមផ្លូវហាយវ៉េចេញពីទីក្រុងបាងកកមួយ ដោយរថយន្តខ្លះមានដាក់បដាទាមទារអោយរដ្ឋមន្ត្រីថាមពលចុះចេញពីតំណែងដោយសារតែប្រេងឡើងថ្លៃ។
លោកអាពីឆាត ប្រាយរុងរឿង(Apichart Prairungruang) ប្រធានសហព័ន្ធគមនាគមន៍ជើងគោកថៃបាននិយាយថា« យើងស្នើសុំរដ្ឋាភិបាលកំណត់ថ្លៃប្រេងជាច្រើនលើក តែរដ្ឋមិនបានចាត់វិធានការទេ។រដ្ឋាភិបាលមិនបានឆ្លើយតបនឹងសំណើរបស់យើង…ចាប់ពីឥឡូវ យើងនឹងដាក់សម្ពាធរដ្ឋាភិបាលជាមួយនឹងការជួបជុំទាមទារធំឡើង»។
សហព័ន្ធនេះចង់អោយប្រេងម៉ាស៊ូតមានតំលៃត្រឹម២៥បាត(០,៧៦ដុល្លារ)ក្នុងមួយលីត្រ ទាបជាង៣០បាតក្នុងមួយលីត្រដែលក្រសួងបានកំណត់អោយលក់ចាប់តាំងពីខែតុលាមក។
តែក្រសួងបាននិយាយថា តំលៃពិតគឺម៉ាស៊ូតមួយលីត្រ៣៥បាត ដែលវាឆ្លុះបញ្ចាំងអំពីការឡើងថ្លៃប្រេងនៅទូទាំងពិភពលោក។
ក្នុងពេលជាមួយគ្នា អ្នកនាំពាក្យក្រសួងថាមពលបាននិយាយថា ការទាមទាររបស់ពួកអ្នកបើកបររថយន្តធំ នឹងនាំអោយរដ្ឋខាត(ធ្វើការឧបត្ថម្ភ)១៨ពាន់លានបាតក្នុងមួយខែ ដែលវាមិនអាចធ្វើទៅបាន៕
អ្នកបើករថយន្តធំមកជួបជុំគ្នានៅតាមផ្លូវធំមួយចេញពីក្រុងបាងកកកាលពីថ្ងៃអង្គារដើម្បីទាមទារអោយរដ្ឋបញ្ចុះថ្លៃប្រេង