ដោយៈសុវណ្ណកុម្ភៈ/ភ្នំពេញៈលោកឧត្តមសេនីយ៍ឯកតែម ម៉ឺន បានដាក់នូវក្ដីសង្ឃឹមថា ប្រដាល់គុនខ្មែរនឹងប្រជែងបានមេដាយពីព្រឹត្តិការណ៍ស៊ីហ្គេមនៅវៀតណាមពាក់កណ្ដាលឆ្នាំ២០២២នេះ និង ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
លោកនិយាយថា ពេលនេះដោយសារតែកូវីដ ១៩នៅមិនទាន់ស្ងប់ស្ងាត់ហេតុនេះការប្រកួតជាលក្ខណៈអន្តរជាតិមិនអាចធ្វើបាននៅឡើយទេតែប្រសិនជាមានការប្រកួតជាលក្ខណៈអន្តរជាតិច្រើនដូចមុនរួមផ្សំជាមួយនឹងការចេញទៅប្រកួតនៅក្រៅប្រទេសផងនោះសមត្ថភាពអ្នកប្រដាល់គុនខ្មែរកម្ពុជានឹងកាន់តែរីកចម្រើន ។ទោះជាយ៉ាងនេះក៏ដោយក៏គ្រូបង្វឹកគាត់មានភាពវាងវៃដោយបង្ហាត់តាមបែបផែនថ្មីដើម្បីបង្កើនទាំងបច្ចេកទេស និង កម្លាំងរួមជាមួយនឹងស្មារតីព្រោះប្រភេទកីឡាប្រយុទ្ធទាមទារនូវស្មារតីរឹងប៉ឹង និងក្លាហានណាស់ ។
ប្រដាល់គុនខ្មែរកម្ពុជាបានបង្កើតនូវប្រវត្តិសាស្ត្រដំបូងដោយប្រជែងបានមេដាយមាសនៅស៊ីហ្គេមដោយអ្នកប្រដាល់ដែលមានរហស្សនាមថានាគខ្មៅជាយដែនឃុន ឌីម៉ាបន្ទាប់ពីនោះមកកម្ពុជាខកខានក្នុងការប្រជែងបានមេដាយមាសគឺបានត្រឹមតែមេដាយប្រាក់ និងមេដាយសំរឹទ្ធិប៉ុណ្ណោះ ។
សូមបញ្ជាក់ថាសព្វថ្ងៃនេះនៅកម្ពុជាមានក្លិប សមាគមប្រដាល់ប្រមាណ១២០ ក្លិប សមាគម និងមានកីឡាករ កីឡាការិនីចំនួនជាង៨០០នាក់ ។ចំពោះអ្នកប្រដាល់គុនខ្មែរជម្រើសជាតិវិញមានកីឡាករ ចំនួន១០រូប និង កីឡាការិនីចំនួន៥រូប ។គ្រូបង្វឹកចំនួន៤រូបនៅតាមជាប់ជាមួយកីឡាករ កីឡាការិនីដោយមិនធ្វេសប្រហែសឡើយ ។
ជាមួយនឹងផែនការហ្វឹកហាត់ត្រឹមត្រូវនោះលោកប្រធានសហព័ន្ធបញ្ចាក់ថាកាលពីបិទប្រទេសដោយសារកូវីដ ១៩ក៏ពួកគេនៅតែហ្វឹកហាត់ដោយអនុវត្តន៍បានយ៉ាងខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាលគឺ៣កុំ និង ៣ការពារ ។កីឡាករ កីឡាការិនីជម្រើសជាតិតែងតែធ្វើតេស្តលើសមត្ថភាពរបស់ខ្លួនជាប្រចាំ ។
អ្នកដែលមិនមានការរីកចម្រើនត្រូវពិចារណាឡើងវិញ ចំពោះអ្នកដែលគ្មានវិន័យនឹងត្រូវផ្លាស់ប្ដូរចេញ ។ជាកីឡាករ កីឡាការិនីតំណាងជាតិមិនអាចមានអត្តចរឹកច្រឡើសបើសបាននោះទេ ៕សរន
រូបថតឯកសារ