ដោយៈសុផល/ភ្នំពេញ:ចលនានៃភ្ញៀវទេសចរមានការកម្រើកឡើងវិញទាំងការមកដល់នៃភ្ញៀវអន្តរជាតិនិងការធ្វើដំណើររបស់ភ្ញៀវក្នុងស្រុកក្នុងនោះចាប់ផ្ដើមមានការតភ្ជាប់ជើងហោះហើរឡើងវិញរួមជាមួយនឹងកំណើនភ្ញៀវទេសចរអន្តរជាតិមកតាមផ្លូវអាកាស ព្រមទាំងកំណើនភ្ញៀវទេសចរមកតាមផ្លូវគោកផងដែរ។នេះជាការលើកឡើងរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
នៅក្នុងជំនួបជាមួយលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ដើម្បីពិនិត្យតាមដានវឌ្ឍនភាពការងារលើការអនុវត្តផែនទីចង្អុលផ្លូវ ស្តីពី ផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩(Roadmap)កាលពីថ្ងៃទី៨កុម្ភៈ លោកបណ្ឌិត ថោង ខុន មានប្រសាសន៍ថា៖ការរើបឡើងវិញនៃភ្ញៀវទេសចរនេះ ដោយសាររាជរដ្ឋាភិបាលបានចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋ និងការគ្រប់គ្រងសភាពការណ៍នៃការចម្លងឱ្យមានការថយចុះមកនៅកម្រិតទាបនិងបានឈានទៅបើកប្រទេសឡើងវិញលើគ្រប់វិស័យសេដ្ឋកិច្ច-សង្គម រួមទាំងវិស័យទេសចរណ៍ផងដែរ។
លោករដ្ឋមន្ត្រី បានបន្តថា ចំពោះចលនាទេសចរណ៍ក្នុងស្រុក ចរន្តភ្ញៀវទេសចរផ្ទៃក្នុងចាប់ផ្ដើមមានសន្ទុះល្អប្រសើរនៅរៀងរាល់ថ្ងៃឈប់សម្រាកចុងសប្ដាហ៍ និងថ្ងៃបុណ្យទានសំខាន់ៗ ដែលបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេស។ ទន្ទឹមនឹងនេះ យើងនឹងបន្តខិតខំប្រឹងប្រែងបន្តទៀតជាមួយគ្រប់ភាគីពាក់ព័ន្ធនៅក្នុងការជំរុញការអនុវត្ត SOP និងវិធានសុវត្ថិភាព សំដៅធានាឱ្យដំណើរកម្សាន្ត និងការទស្សនារបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចប្រព្រឹត្តទៅបានតាមគន្លងប្រក្រតីភាពថ្មី។
លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់គណៈកម្មការទី៧នៃរដ្ឋសភា ជាពិសេស ឯកឧត្តមប្រធានគណៈកម្មការផ្ទាល់ ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ និងបានផ្ដល់នូវអនុសាសន៍ ជាធាតុចូលសំខាន់ៗនៅក្នុងដំណាក់កាលវិបត្តិ ដែលជាមូលដ្ឋានសម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រ និងវិធានការគោលនយោបាយចំពោះមុខនានា ដើម្បីគ្រប់គ្រង និងកាត់បន្ថយឥទ្ធិពលពីវិបត្តិនៃជំងឺកូវីដ-១៩ រួមជាមួយនឹងទិសដៅនៃការអនុវត្តទៅមុខបន្តទៀត។
គួររម្លឹកដែរថា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០កន្លងទៅ គណៈកម្មការទី៧ នៃរដ្ឋសភា បានជួបប្រជុំផ្លូវការជាមួយគណៈប្រតិភូក្រសួងទេសចរណ៍ ដឹកនាំដោយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីពិភាក្សាអំពី «វិធានការជាដំណោះស្រាយចំពោះវិស័យទេសចរណ៍ ក្នុង និងក្រោយវិបត្តិកូវីដ-១៩» និងបានឯកភាពវាយតម្លៃថាវិបត្តិកូវីដ-១៩ ពិតជាបានជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរមកលើវិស័យទេសចរណ៍កម្ពុជា ហើយការស្តារឡើងវិញនៃវិស័យនេះទាមទារឱ្យមានការគិតគូរ និងតម្រង់ទិសគោលនយោបាយច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយនិងត្រូវការការចូលរួមពីភាគីពាក់ព័ន្ធដោយត្រូវប្រែក្លាយការគំរាមកំហែងពីវិបត្តិជំងឺកូវីដ១៩ទៅជាកាលានុវត្តភាពសម្រាប់ការកែទម្រង់ក្នុងវិស័យទេសចរណ៍កម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាព៕សរន