ដោយ:រ៉ាម៉ន/ភ្នំពេញ: ដើម្បីទទួលបានជ័យជំនះ នៃការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ នាពេលខាងមុខនេះ លោកឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានស្វះស្វែងរកចំនុចអវិជ្ជមានមួយចំនួនយកមកធ្វើការកែលម្អរឱ្យកាន់តែប្រសើរឡើង ដើម្បីទទួលបានការគាំទ្រ និងជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ ឈានទៅដល់ការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់នាពេលដ៏ខ្លីខាងមុខនេះ។
លោកឃួង ស្រេង បានមានប្រសាសន៍ថា រាល់ការងារអសកម្មត្រូវតែកាត់បន្ថយអោយអស់។ កងកម្លាំងមានសមត្ថកិច្វ ត្រូវតែបង្ក្រាបអោយអស់នូវល្បែងស៊ីសងគ្រប់ប្រភេទ និងគ្រឿងញៀន ពោលគឺរក្សាអោយបាននូវសន្តិសុខ ជូនប្រជាពលរដ្ឋ ។
ការស្វែងរកចំនុចអវិជ្ជមាននេះ បានធ្វើឡើងក្នុងជំនួបសំណេះសំណាលជាមួយប្រធានក្រុមប្រឹក្សាសង្កាត់ទាំង១១ នៃខណ្ឌដូនពេញ នារសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ។
ក្នុងពិធីសំណេះសំណាលនេះ ប្រធានគណបក្សសង្កាត់ទាំង១១ បានលើកឡើងពីភាពជោគជ័យនៃការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ចំនួនបួនអាណត្តិកន្លងមក ហើយក៏សង្ឃឹមថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ក្នុងអាណត្តិទី៥នេះនឹងទទួលបានជោគជ័យ។ ការរំពឹងទុកបែបនេះ ដោយសារតែយើងមានគោលនយោបាយរបស់បក្សល្អត្រឹមត្រូវ ពិសេសថែមទៀត មានសម្ដេចតេជោ ហ៊ុនសែន ជាប្រធានគណបក្ប្រជាជនកម្ពុជាសនិងជានាយករដ្ឋមន្ត្រី ដ៏ល្អដែលបានបំរើជាតិមាតុភូមិ បម្រើប្រជាពលរដ្ឋដោយភាពស្រលាញ់និងស្មោះត្រង់ ។ អ្វីដែលយើងមើលឃើញកាន់តែច្បាស់ទៀតនោះ គឺនៅក្នុងដំណាក់កាលនៃការរីករាលដាលកូវីដ-១៩នេះ សម្តេចតេជោ ហ៊ុន សែន អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានបំពេញការងារ ជូនប្រជាពលរដ្ឋបានល្អប្រសើរ ដែលធ្វើអោយកិត្តិនាមរបស់គណបក្សប្រជាជនកម្ពុជាត្រូវបានប្រជាជន គោរព ស្រលាញ់និងមានការជឿទុកចិត្ត ។
នៅទីបញ្ចប់នៃពិធីនេះ លោកឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានឧបត្ថមជាថវិកាជូនគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញចំនួន៥លានរៀល និងប្រធានគណបក្សសង្កាត់ទាំង១១ ក្នុងបក្សសង្កាត់ទទួលបាន២លានរៀលផងដែរ៕