ប្រែ​សម្រួលៈ​បំណង​(​វ៉េ​អិន​អិច​ស្ព្រេ​ស​)៖ ក្រសួង​សុខាភិបាល​វៀត​ណា​ម​កាលពី​យប់​ថ្ងៃ​អង្គារ​បានប្រកាស​ចំនួន​ឆ្លងកូវី​ដ​ប្រចាំ​ថ្ងៃ​ថ្មី​ច្រើន​បំផុត​ដល់​ទៅ​២១.៩០១​នាក់​នៅ​៦១​ខេត្ត​ក្រុង ក្នុងនេះ​ការឆ្លង​ជិត​៧.០០០​ករណី​ត្រូវបាន​រកឃើញ​នៅ​តំបន់​ចត្តា​ឡី​ស័កឬកន្លែង​បិទ​ខ្ទប់ និង​១៤.៩៨២​នាក់​ឆ្លង​ក្នុង​សហគមន៍​។​

​ការឆ្លង​ជិត​៧.០០០​ករណី​ត្រូវបាន​រកឃើញ​នៅ​តំបន់​ចត្តា​ឡី​ស័កឬកន្លែង​បិទ​ខ្ទប់​

​វា​កើន​៤.០០០​នាក់​ពី​ការឆ្លង​កាល​ពី​មួយ​ថ្ងៃមុន​។​

​កាលពី​ថ្ងៃ​ចន្ទ​វៀតណាម​បាន​ប្រកាស​ចំនួន​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​១៦.៨០៩​នាក់​នៅ​៦១​ខេត្ត​ក្រុង និង​អ្នកជំងឺ​១០០​នាក់​ទៀត​ស្លាប់​។​

​ទី​តាំងបី​មាន​ការឆ្លង​ច្រើន​ជាង​គេ​កាលពី​ថ្ងៃ​អង្គារ គឺ​ក្រុង​ហាណូយ​២.៩០៣​នាក់ ខេត្ត​ង៉េ​អាន​(Nghe An)១.៧១៧​នាក់ និង​ខេត្ត​ហាយ​ហ្វឿង​(Hai Duong)១.២៤៥​នាក់​។​

​កាលពី​ថ្ងៃ​អង្គារ អ្នកជំងឺ​កូវី​ដ​១៩​ចំនួន​១៩២​នាក់​ទៀត​ក៏​បាន​ស្លាប់ ដោយ​កើន​លើស​មួយ​ថ្ងៃមុន​ជិត​មួយ​រយ​ភាគរយ ក្នុងនេះ​៩២​នាក់​នៅ​ក្រុង​ហូជីមិញ​។​

​សូមបញ្ជាក់​ថា ក្នុងចំណោម​ប្រជាជន​វៀតណាម​៩៦​លាន​នាក់ ជាង​៧៤​លាន​នាក់​បាន​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩​ចំនួន​ពី​រដូស និង​ប្រមាណ​៣០​លាន​នាក់​ចាក់ដូស​ជំរុញ​ទីបី​។​

​ទោះជា​ការ​ឆ្លងកូវី​ដ​១៩​នៅ​វៀតណាម​បាន​កើន​ឡើង​វិញ​ចាប់តាំងពី​ដើមឆ្នាំ​២០២២​មក ជា​ពិសេស​ក្រោយ​ការ​ឈប់សម្រាក​ចូលឆ្នាំថ្មី ក៏​អាជ្ញាធរ​បន្ត​បើក​សាលារៀន​និង​កន្លែង​កម្សាន្ត​ឡើងវិញ​។​សិស្ស​ប្រមា​​ណ​១៧,១​លាន​នាក់​បាន​វិល​ទៅ​រៀន​តាម​សាលា​វិញ​ក្រោយ​បុណ្យចូលឆ្នាំថ្មី រួម​មាន​សិស្ស​ប្រមាណ​៦០០.០០០​នាក់​បាន​វិល​ចូលរៀន​វិញ​នៅ​ក្រុង​ហាណូយ​កាលពី​ថ្ងៃ​អង្គារ​ទី​៨​កុម្ភៈ​បន្ទាប់ពី​ផ្អាក​ការរៀន​នៅតាម​​សាលា​ដោយ​ផ្ទាល់​អស់​១០​ខែ​។​

​សិស្ស​មធ្យមសិក្សា​បាន​វិល​ចូល​រៀន​កាលពី​ថ្ងៃ​០៨​កុម្ភៈ​នៅ​ក្រុង​ហាណូយ​។​នៅ​វៀតណាម ក្មេង​អាយុ​១២​ឆ្នាំ​ឡើង​ភាគច្រើន​បាន​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩​ចំនួន​ពី​រដូស​

​រោង​ភាពយន្ត​និង​កន្លែង​សម្តែង​សិល្បៈ​នៅ​ក្រុង​ហាណូយ​ក៏​នឹង​បើក​ឡើង​វិញ​ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១០​កុម្ភៈ ក្រោយ​បិទ​អស់​ប្រចាំ​បួន​ខែ​។​

​សូមបញ្ជាក់​ថា អាជីវកម្ម​និង​សេវា​ភាគច្រើន​នៅ​វៀតណាម​បាន​បើក​ដំណើរការ​ឡើងវិញ លើកលែង​តែ​បារ ហាង​ខារ៉ាអូខេ​និង​កន្លែង​ម៉ាស្សា រួម​ទាំង​ក្លឹប​រាំច្រៀង​៕