ដោយៈសរិទ្ធ-ចាន់តូ/ភ្នំពេញ: បុរសម្នាក់បានបែកក្បាល និងបាក់កស្លាប់ បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកគូទរថយន្តដែលកំពុងតែឈប់ភ្លើងស្តុបពីក្រោយយ៉ាងពេញទំហឹង កាលពីវេលាម៉ោង៩:២០យប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅចំណុចភ្លើងស្តុបវត្តស្លែង តាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពជនរងគ្រោះ មានឈ្មោះ ម៉ៅ ចិត្ត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមេជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះជួលក្នុងភូមិបឹងធំ សង្កាត់ប្រទះឡាង ខណ្ឌដង្កោ មានស្រុកកំណើតនៅភូមិកណ្ដាលកើប ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១HI-៣២៩៣។ ចំណែកអ្នកបើកបររថយន្តឈ្មោះ ហ៊ុយ ឡេង ភេទប្រុស អាយុ៤១ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រះសីហនុ ជាអ្នកបើក រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ ព្រះសីហនុ ២A-៨០៥៦។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានធ្វើការទាក់ទងទៅក្រុមគ្រួសារសាច់ញាតិសពឱ្យមកកន្លែងកើតហេតុដើម្បីទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯម៉ូតូ និងរថយន្តរួមទាំងអ្នកបើកបរ ត្រូវសមត្ថកិច្ចធ្វើការវាស់វែង និងយកទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញរង់ចាំដោះស្រាយទៅតាមច្បាប់៕