ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖កាលពីថ្ងៃអង្គារទី៨កុម្ភៈក្រុមធុរកិច្ចអាម៉េរិកនិងកាណាដាបានទាមទារឱ្យអ្នកដឹកទំនិញដែលតវ៉ាប្រឆាំងនឹងការរឹតបន្តឹងទប់ស្កាត់កូវីដបញ្ចប់ការបិទផ្លូវពាណិជ្ជកម្មដ៏សំខាន់រវាងប្រទេសទាំងពីរ។
ស្ពានឯកអគ្គរដ្ឋទូត (Ambassador Bridge)ដែលតភ្ជាប់ខេត្តអុងតារីយ៉ូ (Ontario)និងរដ្ឋមីស៊ីហ្គែនរបស់សហរដ្ឋអាម៉េរិកត្រូវបានបិទមួយផ្នែកចំពោះចរាចរណ៍យានយន្តចាប់តាំងពីថ្ងៃចន្ទដោយអ្នកគាំទ្រនៃក្បួនរថយន្តដឹកទំនិញ ដែលកាន់កាប់ទីក្រុងអូតាវ៉ាដើម្បីបដិសេធការវ៉ាក់សាំងជាចាំបាច់និងការរឹតបន្តឹងសុខភាពសាធារណៈផ្សេងទៀត។
ក្រុមធុរកិច្ចទាំងនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា”សមាគមធុរកិច្ចនៅសងខាងព្រំដែនកំពុងអំពាវនាវឱ្យបើកវិញយ៉ាងឆាប់រហ័សនិងជាបន្ទាន់នៃការបិទស្ពានឯកអគ្គរដ្ឋទូតវីនស័រ-ដេត្រយ (Windsor-Detroit Ambassador Bridge) និងការបើកដំណើរការឡើងវិញទាន់ពេលវេលានៃស្ពាននេះ”។
ស្ពានខ្សែកាបនេះគឺជាផ្លូវឆ្លងកាត់ពាណិជ្ជកម្មដ៏មមាញឹកបំផុតនៅអាម៉េរិកខាងជើង ដែលជាធម្មតាមានអ្នកដំណើរ ភ្ញៀវទេសចរ និងអ្នកបើកបររថយន្តដឹកទំនិញជាង ៤០.០០០នាក់ដឹកទំនិញដែលមានតម្លៃ ៣២៣ លានដុល្លារអាម៉េរិកឆ្លងកាត់ជារៀងរាល់ថ្ងៃ។
ទំនាក់ទំនងពាណិជ្ជកម្មដ៏សំខាន់មួយទៀតរវាងទីក្រុងឃូត ខេត្តអាល់បឺតា (Coutts, Alberta) និងទីក្រុងស្វ៊ីតហ្គ្រាស់ រដ្ឋម៉ុងតាណា (Sweet Grass, Montana)ក៏ត្រូវបានបិទដោយក្រុមអ្នកតវ៉ាអស់ជាច្រើនថ្ងៃផងដែរ។
ក្រុមធុរកិច្ចចំនួន ៦០ ដែលរួមមានសភាពាណិជ្ជកម្មក្រុងដេត្រយ (Detroit) និងសភាពាណិជ្ជកម្មកាណាដាបាននិយាយថា “ខណៈសេដ្ឋកិច្ចរបស់យើងកំពុងងើបចេញពីផលប៉ះពាល់នៃជំងឺរាតត្បាត យើងមិនអាចអនុញ្ញាតឱ្យក្រុមណាមួយធ្វើឱ្យខូចដល់ពាណិជ្ជកម្មឆ្លងព្រំដែនដែលគាំទ្រដល់គ្រួសារនៅសងខាងព្រំដែននោះទេ”។
មុននេះ រដ្ឋមន្ត្រីដឹកជញ្ជូនកាណាដា លោក អូម៉ា អាល់ហ្គាប្រា (Omar Alghabra) បានព្រមានថា ការបិទព្រំដែន ប្រសិនបើនៅតែបន្ត”នឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់យើងលើសង្វាក់ផ្គត់ផ្គង់របស់យើង”។
លោកបាននិយាយថា គាត់បានឮពីក្រុមហ៊ុនផលិតរថយន្តនិងក្រុមហ៊ុនចែកចាយអាហារដែលកំពុងរងផលប៉ះពាល់ ប្រាប់អ្នកយកព័ត៌មាននៅទីក្រុងអូតាវ៉ាថាសង្ឃឹមក្រុមបាតុករនឹងបញ្ឈប់ការបិទស្ពាន “ព្រោះវាកំពុងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាជន”៕
អ្នកគាំទ្រនៃក្បួនរថយន្តដឹកទំនិញបដិសេធការវ៉ាក់សាំងជាចាំបាច់និងការរឹតបន្តឹងសុខភាពសាធារណៈផ្សេងទៀតនៅកាណាដា