ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ អាជ្ញាធរបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានការរអិលបាក់ដីដែលសង្កត់លើតំបន់លំនៅដ្ឋានមួយក្នុងទីក្រុងមួយនៅភាគខាងលិចប្រទេសកូឡុំប៊ីកាលពីព្រឹកថ្ងៃអង្គារទី៨កុម្ភៈ ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤ នាក់ និង៣៥ នាក់ផ្សេងទៀតរងរបួស។
ក្រុមមន្ត្រីបាននិយាយថា មនុស្សម្នាក់ត្រូវបានរាយការណ៍ថាបាត់ខ្លួន បន្ទាប់ពីការរអិលបាក់ដីនៅសង្កាត់រីសារ៉ាល់ដា (Risaralda)ក្នុងទីក្រុងប៉េរីរ៉ា (Pereira)។
អភិបាលក្រុងប៉េរីរ៉ា លោក កាឡូស ម៉ាយ៉ា (Carlos Maya)ដែលបានបញ្ជាក់ពីចំនួនអ្នកស្លាប់ បានព្រមានថា ហានិភ័យនៃការរអិលបាក់ដីនៅតែបន្តកើតមាននៅក្នុងតំបន់នេះហើយជំរុញឱ្យប្រជាជនចាកចេញដើម្បីចៀសវាងការស្លាប់និងរបួសបន្ថែមទៀត។
ផ្ទះជាច្រើននៅក្នុងសង្កាត់ដែលរងការវាយប្រហារគឺធ្វើពីឈើ ហើយមនុស្សនៅក្នុងផ្ទះជាង ៦០ ត្រូវបានជម្លៀសចេញ ខណៈក្រុមសង្គ្រោះកំពុងវាយតម្លៃការខូចខាតនិងហានិភ័យ។
ប្រធានាធិបតីកូឡុំប៊ី លោក អ៊ីវ៉ាន់ ឌូកេ (Ivan Duque) បានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារសព៕
ទិដ្ឋភាពក្រោយហេតុការណ៍រអិលបាក់ដីនៅសង្កាត់រីសារ៉ាល់ដាក្នុងទីក្រុងប៉េរីរ៉ាកាលពីថ្ងៃអង្គារ