ប្រែសម្រួល : កញ្ញាដាលីស (បាងកកប៉ុស្តិ៍) ៖ សត្វក្រពើឥណ្ឌូណេស៊ីមួយក្បាល ដែលបានហែលទឹកទាំងជាប់កជាមួយនឹងកង់ម៉ូតូអស់រយៈពេលប្រាំមួយឆ្នាំនោះទីបំផុតត្រូវបានរំដោះដោយអ្នកស្រឡាញ់សត្វនៅកោះស៊ូឡាវេស៊ី (Sulawesi)។
ក្រពើប្រវែងប្រហែល ៤ ម៉ែត្រនេះបានបង្កការអាណិតអាសូរក្នុងចំណោមអ្នកស្រុកមួយចំនួននៅក្នុងទីក្រុងប៉ាលូ (Palu)ដែលបារម្ភសំបកកង់នៅទីបំផុតនឹងខ្ទប់ដង្ហើមក្រពើ នៅពេលដែលវាធំឡើង។
ប៉ុន្តែការចាប់ក្រពើនេះពិតជាពិបាកចាប់ខ្លាំងណាស់។ មានពេលមួយ អ្នកចាប់ក្រពើជនជាតិអូស្ត្រាលីម្នាក់បានព្យាយាមដោះសំបកកង់ចេញពីវា ប៉ុន្តែមិនបានជោគជ័យទេ។
អ្នកស្រុកឈ្មោះ ទីលី (Tili)អាយុ ៣៥ ឆ្នាំ បាននិយាយថា “ខ្ញុំបានចាប់ក្រពើដោយខ្លួនឯង។ ខ្ញុំបានសុំជំនួយពីមនុស្សនៅទីនេះ ប៉ុន្តែពួកគេខ្លាចមិនហ៊ានជួយទេ”។
គាត់បានបង្កើតអន្ទាក់សាមញ្ញមួយដោយប្រើខ្សែពួរចងជាប់នឹងគល់ឈើ ហើយប្រើមាន់និងទារស់ធ្វើជានុយ។
ប៉ុន្តែបន្ទាប់ពីតាមដានសត្វល្មូននេះអស់រយៈពេលបីសប្តាហ៍ ក្រពើបានរត់គេចពីអន្ទាក់ចំនួនពីរលើក មុនពេលត្រូវចាប់បាននៅទីបំផុត។
ខណៈថតរូបជាមួយក្រពើក្រោយប្រើរណារកាត់កង់ម៉ូតូចេញ លោកទីលីបាននិយាយទាំងស្នាមញញឹមពព្រាយថា “មនុស្សជាច្រើនមានការសង្ស័យលើខ្ញុំហើយគិតថាខ្ញុំមិនមានមន្ទិលលើការចាប់ក្រពើទេ”។
ក្នុងឆ្នាំ ២០២០ អាជ្ញាធរក្នុងខេត្តបានប្រកាសផ្តល់រង្វាន់មិនជាក់លាក់សម្រាប់អ្នកដែលអាចដកសំបកកង់ចេញបាន ប៉ុន្តែសម្រាប់ទីលី គាត់មិនបានមករំដោះក្រពើដោយសារតែលុយរង្វាន់នោះទេ។
ទីលី ដែលជំនាញឯកទេសខាងសត្វព្រៃរបស់ខ្លួនគឺរៀនចេះដោយខ្លួនឯង បាននិយាយថា “ខ្ញុំមិនអាចទ្រាំឈរមើលសត្វរងទុក្ខបានទេ។ សូម្បីតែពស់ក៏ខ្ញុំនឹងជួយដែរ”។
សត្វក្រពើ ដែលប្រជាជនក្នុងតំបន់ហៅថា«បួយ៉ា កាលុង ប៊ែន- buaya kalung ban-ឬ«ក្រពើដែលមានសំបកកង់ជាប់ក» ត្រូវបានដោះលែងវិញទៅក្នុងព្រែកកាលពីល្ងាចថ្ងៃចន្ទទី៧កុម្ភៈ៕
ក្រពើប្រវែងប្រហែល ៤ ម៉ែត្រនេះត្រូវបានព្រលែងចូលព្រែកវិញកាលពីល្ងាចថ្ងៃចន្ទទី៧កុម្ភៈក្រោយជាប់ក្នុងសំបកកង់អស់៦ឆ្នាំ