ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្ស នកិច្ចនៅប្រទេសកូរ៉េខាងត្បូងនិងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ នៅព្រឹកស្អែកថ្ងៃទី១០ ខែ កុម្ភៈ ឆ្នាំ ២០២២។កិច្ចប្រជុំកំពូលនេះ នឹង ធ្វើឡើងក្រោមមូលបទ«ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ»សម្តេចតេជោនឹងធ្វើជាសហប្រធានជាមួយលោកស្រីបណ្ឌិតហាក់ ចាហាន់មូន(Dr. Hak Ja Han Moon ) សហស្ថាបនិកនៃ សហព័ន្ធសន្តិភាពសកល (UPF) និងលោក បាន គី-មូន (Ban Ki-moon) អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ។
កិច្ចប្រជុំកំពូលសន្តិភាពពិភពលោកនេះនឹងរៀបចំឡើងរយៈពេល៤ ថ្ងៃចាប់ពីថ្ងៃទី១០ ដល់១៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង។ កិច្ចប្រជុំ កំពូលពិភពលោកឆ្នាំ២០២២នេះនឹងមានការចូលរួមពីបណ្តាវាគ្មិនសំខាន់ៗនិងអ្នកចូលរួមមកពី ១៥៧ ប្រទេសដើម្បីស្វែងរកក្តីសង្ឃឹមក្នុងការបង្រួបបង្រួមឧបទ្វីបកូរ៉េ ប្រកបដោយសន្តិវិធី។
នៅក្នុងអំឡុងពេលស្នាក់នៅទីក្រុងសេអ៊ូលសម្តេចតេជោនាយករដ្ឋមន្រ្តីនឹងមានជំនួបជាមួយលោក មូន ចេអ៊ីនប្រធានាធិបតីកូរ៉េចខាងត្បូងដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរួមមានកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ និងធ្វើការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់និងអន្តរជាតិ ដែលជាកង្វល់និងចំណាប់អារម្មណ៍រួមគ្នា ។ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏នឹងទទួលជំនួបសម្តែងការគួរ សមពីសំណាក់លោក បាន គី មូន អតីតអគ្គលេខាធិការនៃអង្គ ការសហប្រជាជាតិផងដែរ ។ បន្ថែមលើនេះសម្តេចតេជោ ហ៊ុន សែន រំពឹងថានឹងមានជំនួបជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសមួយចំនួនទៀតក៏ដូចជាទទួល សវនាការពីសំណាក់ឥស្សរជននយោបាយនិងធុរជនផ្សេងទៀត។
បើតាមក្រសួងការបរទេសនិងសហប្រតិបតិ្តការអន្តរជាតិនៅថ្ងៃទី១២ ខែកុម្ភៈកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកនឹងប្រគល់ជាផ្លូវការនូវពានរង្វាន់សន្តិភាព«ស៊ុនហាក់» លើកទី៥ជូនដល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រាប់ភាពជាអ្នកដឹកនាំដ៏ខ្ជាប់ខ្ជួនរបស់សម្តេចក្នុងរយៈពេលជាច្រើនឆ្នាំមកនេះក្នុងនាមជានាយករដ្ឋមន្រ្តីនៃ ព្រះរាជានាចក្រកម្ពុជាដែលបានរួមចំណែកដល់ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច និង សន្តិភាពនៅកម្ពុជានិងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។
បើតាមឯកសារដែលផ្ដល់ដោយSUNHAK Peace Prize បានបញ្ជាក់ថាសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិងកំពុងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បី សន្តិភាពដោយបានចូលរួមយ៉ាងសកម្មនៅក្នុងវេទិកាសន្តិភាពអន្តរជាតិនិងគំនិតផ្តួចផ្តើមសន្តិភាពរួមទាំងកម្មវិធីដែលរៀបចំដោយសហព័ន្ធសន្តិភាពសកល (UPF)ហើ យជាពិសេសបានបង្ហាញពីភាពជាអ្នកដឹកនាំឆ្នើមសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ីអាគ្នេយ៍។ជាពិសេសសម្រាប់សម្តេចនាយករដ្ឋមន្ត្រីបានធ្វើជាសហប្រ ធាននៃ “កិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ” ស្របតាមគម្រោងសន្តិភាពកូរ៉េតែមួយដែលជាដំណើរការសន្តិភាពថ្មីនៅលើឧបទ្វីបកូរ៉េ ហើយដែលស្នើឡើងដោយលោកស្រីបណ្ឌិត ហាក់ ចាហាន់ មូន៕