ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយកាលពីថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន បានប្រាប់លោកថា រដ្ឋាភិបាលក្រុងមូស្គូនឹងមិនបង្កើនភាពតានតឹងថែមទៀតចំពោះវិបត្តិអ៊ុយក្រែនទេ។
លោកម៉ាក្រុងក៏បាននិយាយថា វានឹងត្រូវការពេលដើម្បីស្វែងរកដំណោះស្រាយការទូតមួយចំពោះភាពតានតឹងដែលកំពុងកើនឡើង ដែលតំណាងអោយវិបត្តិសន្តិសុខធំបំផុតរវាងរុស្ស៊ីនិងលោកខាងលិចចាប់តាំងពីសង្គ្រាមត្រជាក់។
ការលើកឡើងដូច្នេះធ្វើឡើងក្នុងពេលលោកកំពុងធ្វើទស្សនកិច្ចទីក្រុងគៀវរបស់អ៊ុយក្រែន ខណៈរដ្ឋាភិបាលវិមានក្រឹមឡាំងបដិសេធរបាយការណ៍ដែលថាលោកម៉ាក្រុងនិងពូទីនបានចុះហត្ថលេខាមួយស្តីពីការបន្ថយភាពតានតឹងជុំវិញវិបត្តិនេះ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោកឌីមីទ្រី ប៉េស្កូវ បាននិយាយថា «ក្នុងស្ថានភាពបច្ចុប្បន្ន រដ្ឋាភិបាលក្រុងមូស្គូនិងប៉ារីស មិនអាចឈានដល់ការព្រមព្រៀងណាមួយទេ»។
លោកម៉ាក្រុងបានជួបពិភាក្សាជាមួយសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី(Volodymyr Zelensky)ចំពេលមានការបារម្ភកាន់តែខ្លាំងឡើងអំពីការចូលឈ្លានពានពីសំណាក់កងកម្លាំងរុស្ស៊ីដែលកំពុងផ្តុំទាហានជាង១០០.០០០នាក់នៅក្បែរព្រំដែនអ៊ុយក្រែន។
ទោះជាអះអាងថាខ្លួនមិនមានផែនការចូលឈ្លានពានប្រទេសក្បែរខាង ក៏រដ្ឋាភិបាលក្រុងមូស្គូនៅតែទាមទារអោយអាម៉េរិកនិងអង្គការណាតូធានាថានឹងមិនទទួលយកអ៊ុយក្រែននិងអតីតរដ្ឋសមាជិកសហភាពសូវៀតជាច្រើនទៀតជាសមាជិកថ្មីរបស់អង្គការណាតូ បញ្ឈប់ការដាក់តាំងសព្វាវុធនៅអឺរ៉ុបខាងកើតនិងដកកងកម្លាំងចេញពីទីនោះ។ទោះជាយ៉ាងណា អាម៉េរិកនិងណាតូ បានច្រានចោលសំណើទាំងនេះ។
ក្នុងសន្និសីទកាសែតមួយជាមួយលោក ហ្សេឡេនស្គី លោកម៉ាក្រុងបាននិយាយថា លោកពូទីនបានប្រាប់លោកក្នុងជំនួបប្រាំម៉ោងកាលពីថ្ងៃចន្ទថា«លោកនឹងមិនផ្តួចផ្តើមអោយមានភាពតានតឹងបន្ថែមទេ។ខ្ញុំគិតថាវាសំខាន់ណាស់»។
ប្រធានាធិបតី ម៉ាក្រុង (ឆ្វេង)និងសមភាគីអ៊ុយក្រែន ក្នុងជំនួបនៅទីក្រុងគៀវកាលពីថ្ងៃអង្គារ
កិច្ចខិតខំការទូតដើម្បីបន្ថយភាពតានតឹងជុំវិញបញ្ហាអ៊ុយក្រែនត្រូវបានបន្តកាលពីថ្ងៃអង្គារ ដោយប្រធានាធិបតីបារាំងបានទៅដល់ទីក្រុងគៀវ នៅមួយថ្ងៃក្រោយជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីអស់ពេលរាប់ម៉ោង តែទំនងជាមិនបានទម្លុះទម្លាយភាពទាល់ច្រកឬបង្កើតបានកិច្ចព្រមព្រៀងណាមួយទេ។
យោងតាមប្រធានាធិបតីបារាំង លោកពូទីន ក៏បាននិយាយថានឹងមិនចាំបាច់មានមូលដ្ឋានយោធាអចិន្ត្រៃយ៍របស់រុស្ស៊ីណាមួយ ឬក៏បញ្ជូនទាហានទៅឈរជើងនៅបេឡារូសទេ ទោះជាបច្ចុប្បន្នរុស្សីបានចល័តទ័ពប្រមាណ៣០.០០០នាក់ទៅចូលរួមសមយុទ្ធជាមួយកងកម្លាំងបេឡារូសក្តី។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោកឌីមីទ្រី ប៉េស្កូវ បាននិយាយថា រុស្ស៊ីនឹងដកទាហានចេញពីបេឡារូសក្រោយសមយុទ្ធយោធារួមគ្នាដែលត្រូវបានរៀបចំទុកជាមុនយូរមកហើយ៕