ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ របាយការណ៍មួយបានបង្ហាញថា ទូរស័ព្ទ iPhone SE 3 របស់ក្រុមហ៊ុន Apple អាចនឹងចេញនៅដើមខែក្រោយ ដោយស្មាតហ្វូនលំដាប់ថវិកាថ្មីនេះគ្រោងនឹងបំពាក់មកជាមួយនឹងសមត្ថភាព 5G។
គេបានដឹងមកថា ទូរស័ព្ទ ដែលធ្វើបច្ចុប្បន្នភាពចុងក្រោយកាលពីពីរឆ្នាំមុននៅពេលដែលក្រុមហ៊ុនបច្ចេកវិជ្ជាយក្សនេះចេញកំណែថ្មីដែលគេរង់ចាំយ៉ាងយូរចំពោះ SE ដើមរបស់ខ្លួននោះ នឹងមានប្រព័ន្ធដំណើរការលឿនជាងមុននិងកាមេរ៉ាប្រសើរជាងមុន។
ប៉ុន្តែវាទំនងជាមិនមានការរចនាម៉ូតថ្មីទាំងស្រុងនោះទេ ដូច្នេះមានន័យថាប៊ូតុង Homeរបស់ iPhone បែបបុរាណ នឹងមិនត្រូវបានលុបចោលទាំងស្រុងនោះទេ។
iPhone SE បច្ចុប្បន្នប្រើប៊ូតុង Home ស្រដៀងនឹង iPhone 8 ឆ្នាំ ២០១៧ ដែរ។
យោងតាមលោកម៉ាក ហ្គួមែន (Mark Gurman) មកពីវេបសាយ Bloomberg បានឱ្យដឹងថា ក្រុមហ៊ុន Apple អាចនឹងបង្ហាញម៉ូដែល iPhone SE ថ្មីក្នុងព្រឹត្តិការណ៍និទាឃរដូវ ដែលលេចឮរហិចរហៀងថាអាចនឹងធ្វើឡើងនៅថ្ងៃទី ៨ ខែមីនា។
មិនទាន់មានការបញ្ជាក់លម្អិតអំពីតម្លៃនៅឡើយទេ ហើយក៏មិនទាន់មានការលើកឡើងអំពីរបៀបដែល Apple អាចដោះស្រាយជាមួយនឹងការស្រកចុះថាមពលថ្មដែលទាក់ទងនឹងប្រព័ន្ធ 5G ដោយហេតុថា SE មានថ្មតូចជាងថ្មស្តង់ដារនាពេលបច្ចុប្បន្ន។
លោកហ្គួមែនបានដកស្រង់ប្រភពដែលដឹងពីផែនការរបស់ Apple និងលើកឡើងថា ការប្រកាសសំខាន់ៗចំនួនបួនរំពឹងធ្វើឡើងនៅក្នុងព្រឹត្តិការណ៍នេះ។
ពាក្យចចាមអារ៉ាមមួយគឺថា iPad Air នឹងទទួលបានការធ្វើបច្ចុប្បន្នភាព ជាមួយនឹងប្រព័ន្ធដំណើរការលឿនជាងមុន និងសមត្ថភាព 5G ៕
ទូរស័ព្ទ iPhone SE 3 អាចនឹងប្រកាសនៅថ្ងៃទី ៨ មីនា