ដោយ: ពៅនិមល / ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម និងអង្គការ Swisscontact Cambodia តំណាងឱ្យសម្ព័ន្ធសកលសម្រាប់កិច្ចសម្រួលពាណិជ្ជកម្ម បានសហការគ្នា ដាក់ឱ្យអនុវត្តជាផ្លូវការ នូវគម្រោងថ្មីមួយ ឈ្មោះថា “គម្រោងធ្វើឱ្យ ប្រសើរឡើង នូវការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក នៃកញ្ចប់ទំនិញខ្នាតតូច សម្រាប់សហគ្រាសធុនតូច និងមធ្យម (Improving Small Package e-Trade for SMEs (SeT4SME)។
កម្មវិធីនេះ បានប្រព្រឹត្តទៅ កាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ នៅរាជធានីភ្នំពេញ ក្រោមវត្តមានរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងពាណិជ្ជកម្ម តំណាងដៃគូ អនុវត្តគម្រោង តំណាងដៃគូអភិវឌ្ឍន៍ ព្រមទាំងតំណាងវិស័យ ឯកជនជាច្រើនរូប។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានសម្តែងការថ្លែងអំណរគុណ និងគាំទ្រ ចំពោះ គំនិតផ្តួចផ្តើម ក្នុងការបង្កើតគម្រោង នេះឡើង ក្រោមកិច្ចសហប្រតិ បត្តិការ អនុវត្តន៍ពី វិស័យសាធារណៈ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។
លោកបានលើកឡើងថាៈ ការចុះអនុស្សរណៈនៃ យោគយល់គ្នា លើកិច្ចសហ ប្រតិបត្តិការ រវាងគម្រោង Go4eCAM នៃក្រសួងពាណិជ្ជកម្ម និងគម្រោង SeT4SME នៃអង្គការ Swisscontact Cambodia ក្នុងការអនុវត្តគម្រោងថ្មីនេះ នឹងរួមចំណែក ផ្តល់អត្ថប្រយោជន៍ សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលកំពុងធ្វើ ការនាំចេញ ព្រមទាំងអ្នកប្រើប្រាស់ នៅទីផ្សារអន្តរជាតិ តាមរយៈការធ្វើឱ្យ ប្រសើរឡើង នូវនីតិវិធីគយ និងសេវាប្រៃសណីយ៍ឆ្លងដែន ដោយប្រើប្រាស់ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យជាមុន (Electronic Advance Data-EAD)។
លោករដ្ឋមន្ត្រី បានបន្តថាៈ ការអនុវត្តគម្រោងនេះ នឹងរួមចំណែក យ៉ាងសំខាន់ ក្នុងការជំរុញបន្ថែម នូវកិច្ចខិតខំប្រឹងប្រែង របស់កម្ពុជា ក្នុងការជំរុញកិច្ចសម្រួល ពាណិជ្ជកម្ម តាមរយៈការធ្វើឌីជីថលរូបនីយកម្ម ជាពិសេស សម្រាប់ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ឆ្លងកាត់ព្រំដែន។
លោកបានបញ្ជាក់ទៀតថាៈ នេះជាជំហ៊ានថ្មីមួយទៀត ក្នុងការអភិវឌ្ឍគោល នយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្ម ស្របគ្នាជាមួយនឹងយុទ្ធសាស្ត្រ សមាហរណកម្ម ពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ (CTIS 2019-2023) ដែលបានដាក់ចេញ និងយុទ្ធសាស្ត្រពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក នាពេលថ្មីៗ កន្លងមកផងដែរ។
ជាមួយគ្នានេះ លោកបានលើកទឹកចិត្ត ឱ្យមានការចូលរួមពី គ្រប់ភាគីពាក់ព័ន្ធ ក្នុងការអនុវត្ត គម្រោងនេះ ប្រកបដោយភាពជោគជ័យ និងប្រសិទ្ធភាពខ្ពស់ ដើម្បីជាប្រយោជន៍ ដល់ការនាំចេញ របស់សហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា។
គម្រោង SeT4SME មានគោលបំណងធ្វើឱ្យប្រសើរឡើង នូវការអនុវត្តកិច្ច ព្រមព្រៀង កិច្ចសម្រួលពាណិជ្ជកម្ម និងការអនុវត្តនីតិវិធីគយ សម្រាប់ការ ដឹកជញ្ជូន ដើម្បីបង្កើន ឱកាសសម្រាប់ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ឆ្លងកាត់ព្រំដែន សម្រាប់សហគ្រាស ធុនតូច និងធម្យមកម្ពុជា។
ដៃគូអនុវត្តន៍គម្រោងនេះ រួមមាន អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រៃសណីយ៍កម្ពុជា នៃក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយធ្វើការសហការ បច្ចេកទេសជាមួយ អង្គការ UNCTAD និងសហភាពប្រៃសណីយ៍សកល (UPU) ព្រមទាំងមានការចូលរួម សហការ អនុវត្តន៍ ពីវិស័យឯកជន ក្នុងការបង្កើត e-Trade Portal ដើម្បីជួយជំរុញ ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ឱ្យមានប្រសិទ្ធភាព។
គម្រោងនេះ ប្រើប្រាស់ថវិការបស់អង្គភាព EIF ដែលមានកញ្ចប់ថវិកា ក្នុងសមាសភាគទី ៣.៣ របស់គម្រោង Go4eCAM និងថវិការបស់មូលនិធិរបស់ សម្ព័ន្ធសកល សម្រាប់កិច្ចសម្រួលពាណិជ្ជកម្ម (Global Alliance for Trade Facilitation)៕/V-PC