ដោយ:ពៅនិមល / ភ្នំពេញៈ ការដោះដូរពាណិជ្ជកម្ម ទ្វេភាគីរវាងកម្ពុជា និងថៃឡង់ដ៍ គិតត្រឹមឆ្នាំ២០២១ មានតម្លៃសរុប ៧,៩៧៣ ប៊ីលានដុល្លារអាមេរិក កើនឡើងប្រមាណ ១០% បើធៀបទៅនឹងឆ្នាំ២០២០ មានតម្លៃ ៧,២៣១ ប៊ីលានដុល្លារ។ នេះតាមការឲ្យដឹង របស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ។
នៅក្នុងរបាយការណ៍នេះ បានឲ្យដឹងទៀតថាៈ ក្នុងនោះ ការនាំចេញពីកម្ពុជា ទៅថៃ បានធ្លាក់ចុះ ២២% ពីទឹកប្រាក់ ១,១៥ លានដុល្លារ (ឆ្នាំ២០២០) មកនៅ ៨៩៤ លាន ដុល្លារ ចំណែកការនាំចូលពីថៃ បានកើនឡើង ១៦% ពីទឹកប្រាក់ ៦,១ ប៊ីលានដុល្លារ (ឆ្នាំ២០២០) ដល់ ៧,១ ប៊ីលានដុល្លារ ដែលនាំឱ្យប្រទេសទាំងពីរ មានវិសមភាព ទំហំពាណិជ្ជកម្ម ដល់ទៅជាង ៦ ប៊ីលានដុល្លារ។
ផលិតផលវាយនភណ្ឌ កសិផលត្បូងថ្ម មានតម្លៃ វត្ថុធាតុដើម និងទំនិញ ពាក់កណ្តាលសម្រេច គឺជាប្រភេទមុខទំនិញ ដែលកម្ពុជាបានលក់ ទៅកាន់ប្រទេសថៃ ហើយបានទិញចូលមកវិញ នូវថាមពល ត្រី សាច់ បន្លែ និងផលិតផលសម្រេច ដូចជា រថយន្ត ជីសរីរាង្គ ស៊ីម៉ង់តិ៍ ម្ហូបអាហារ ភេសជ្ជៈ គ្រឿងសំអាង និងសម្ភារៈសំណង់។
ជាមួយគ្នានេះ ភាគីថៃ បានលើកឡើងថាៈ រដ្ឋាភិបាលថៃ គ្រោងនឹងបង្កើនទំហំ ពាណិជ្ជកម្ម ឆ្លងកាត់ព្រំដែនពី ៥ ទៅ ៧ ភាគរយ ថែមទៀត បន្ទាប់ពីសម្រេច បានទឹកប្រាក់ ១,៧ ទ្រីលានបាត នៅក្នុងឆ្នាំ២០២១ កើនឡើង ៣០ ភាគរយ ធៀបនឹងឆ្នាំ២០២០។ លើសពីនេះ រដ្ឋាភិបាលថៃ ក៏គ្រោងនឹងបើកឡើងវិញ នូវច្រកទ្វារអន្តរជាតិ ចំនួន ១២ ទីតាំង ដែលបានបិទដោយសារតែជំងឺកូវីដ១៩ នាពេលកន្លងមក បន្ថែមលើច្រកទ្វារ អន្តរជាតិ ចំនួន៣៨ ដែលកំពុងដំណើរការ (ច្រកទ្វារទាំងអស់ មានចំនួន ៧៩)។
បើតាមក្រសួងពាណិជ្ជកម្ម ការពង្រីកពាណិជ្ជកម្ម ឆ្លងកាត់ព្រំដែន ក្នុងឆ្នាំ២០២២ នឹងជំរុញ ដោយកត្តារួមផ្សំជាច្រើន ដូចជា ការបន្តងើបឡើងវិញនៃ សេដ្ឋកិច្ច សាកល និងតំបន់ពី ផលប៉ះពាល់នៃជំងឺកូវីដ១៩ ការចុះខ្សោយប្រាក់បាត ដែលនឹងបង្កើនការប្រកួតប្រជែង តម្លៃផលិតផល និងការប្រើប្រាស់ផ្លូវដែក ចិន-ឡាវ ដែលមានសក្តានុពល សម្រាប់ដឹក ជញ្ជូនកសិផល ពីប្រទេសថៃ ទៅទីក្រុងវៀងចន្ទន៍ និងទីក្រុង ចុងឈីង (Chongqing) ដែលសុទ្ធសឹងតែ ជាទីផ្សារធំៗ សម្រាប់ទំនិញកសិផលរបស់ថៃ។
សម្រាប់ទិសដៅការងារបន្ត នាពេលខាងមុខ ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បានបញ្ជាក់ថា នឹងបន្តចូលរួមអនុវត្ត និងជំរុញគោលនយោបាយការទូត សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២១-២០២៣ និងយុទ្ធសាស្ត្រ សមាហរណកម្ម ពាណិជ្ជកម្មកម្ពុជា (CTIS) ឆ្នាំ២០១៩-២០២៣, បន្តផ្តល់ការប្រឹក្សាធុរកិច្ច ជូនពាណិជ្ជករ-ធុរជនថៃ និងបរទេស ដែលត្រូវការពង្រីកទីផ្សារ ឬវិនិយោគ នៅកម្ពុជា ស្របតាមយុទ្ធសាស្ត្រថៃ បូក១ និងបន្ត ផ្សព្វផ្សាយឃ្លីបវីដេអូខ្លីៗ ស្តីពីសក្តានុពល វិស័យពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ និងបន្តសហការ រៀបចំ ជំនួបធុរកិច្ច-វេទិកាពាណិជ្ជកម្មផ្សេងៗ ដើម្បីផ្សព្វផ្សាយ កាលានុវត្តភាព ធុរកិច្ច ច្បាប់វិនិយោគ គោលនយោបាយ លើកទឹកចិត្ត និងកំណែទម្រង់ របស់រដ្ឋាភិបាល ក្នុងការលើកស្ទួយបរិយាកាសវិនិយោគ និងភាពប្រកួតប្រជែង របស់កម្ពុជា ៕/V-PC