ដោយៈមុនីរ័ត្ន/ភ្នំពេញ:លោក ប្រាជ្ញ ចន្ទ ប្រធានគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)បានបង្ហាញនូវសង្ឃឹមថា គ្រប់គណបក្សនយោបាយ ភាគីពាក់ព័ន្ធ នឹងការបោះឆ្នោត និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ នឹងយកចិត្តទុកដាក់ សហការ ល្អ ដើម្បីជំរុញឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខឱ្យប្រព្រឹត្តទៅប្រកបដោយជោគជ័យ។
រូបថតៈលោក ប្រាជ្ញ ចន្ទ ប្រធានគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)
ក្តីំពឹងនេះបានលើកឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលដែលមានរយៈពេលបីថ្ងៃ ស្តីពីការចុះបញ្ជីបេក្ខជននៃគណបក្ស នយោបាយ និងការឃោសនាបោះឆ្នោតកាលពីព្រឹកថ្ងៃពុធ ទី៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការ គ.ជ.ប.។
ទាក់ទងនឹងវគ្គបណ្តុះបណ្ដាលនេះ លោកប្រធានគ.ជ.ប.បានបញ្ជាក់ថា ការបណ្តុះបណ្តាលរយៈពេលបីថ្ងៃនេះ មានសារៈសំខាន់ណាស់ ដែលទាមទារឱ្យមន្ត្រីបោះឆ្នោត គណបក្សនយោបាយ សមាគម អង្គការមិនមែន រដ្ឋាភិបាល និង ភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ត្រូវមានចំណេះដឹង និងជំនាញបច្ចេកទេសខ្ពស់ ក្នុង ការអនុវត្ត ការងារបោះឆ្នោតឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ ស្របតាមច្បាប់ និងបទបញ្ជា និងនីតិវិធី របស់ គ.ជ.ប.។
លោកប្រធាន គ.ជ.ប ក៏បានណែនាំដល់លោក លោកស្រី ប្រធាន គណៈកម្មការ រាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) និងប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការ រាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) ទាំង ២៥ យកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ ក្នុង ការ រៀបចំបើកវគ្គបណ្តុះបណ្តាលបន្តជូនដល់មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់របស់ខ្លួន ដើម្បីធានា ការ អនុវត្ត តួនាទី និងភារកិច្ច ទទួលបានជោគជ័យ។
ប្រធាន គ.ជ.ប. បានរំលឹកថា គ.ជ.ប. ធ្លាប់បានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន បួនលើករួចមកហើយ។ សម្រាប់ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ គណបក្ស នយោបាយដែលមានបំណងចូលរួមប្រកួតប្រជែងការបោះឆ្នោត ត្រូវរៀបចំដាក់ពាក្យចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយដោយដៃទៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ដូចដែលគណបក្ស នយោបាយធ្លាប់បានអនុវត្តកន្លងមក ។
លោកប្រធាន គ.ជ.ប. បានបន្តថា គណបក្ស នយោបាយអាច ស្នើសុំ គ.ជ.ប. បង្កើតគណនីប្រើប្រាស់សម្រាប់រៀបចំបញ្ជីបេក្ខជននៃគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត តាមកម្មវិធីរបស់ គ.ជ.ប.។
លោកប្រធាន គ.ជ.ប.ក៏បានលើកឡើងថា បច្ចេក វិទ្យា ដែល គ.ជ.ប. បានប្រើសម្រាប់ការចុះឈ្មោះបោះឆ្នោត គឺទទួលបានលទ្ធផលល្អ ហើយឥឡូវនេះ គ.ជ.ប. បានដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាថ្មីមួយទៀត គឺកម្មវិធី គ្រប់គ្រងការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយកម្មវិធីចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត និងកម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត។
សិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលដែលរៀបចំឡើងដោយ គ.ជ.ប. មានមន្ត្រី បោះឆ្នោតមកពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) លេខាធិការដ្ឋាននៃ គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) ទាំង ២៥ តំណាង គណបក្ស នយោបាយ ចំនួន ១៦ តំណាង សមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ១២ ដែលមានអ្នកចូលរួមប្រមាណ ១៣៦ នាក់។
យោងតាមប្រតិទិននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ ការទទួលពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត មានរយៈពេលបីថ្ងៃ គឺពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ ហើយការទទួលពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្ស នយោបាយនេះធ្វើនៅទីស្នាក់ការគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត៕សរន