ដោយ:សុវណ្ណកុម្ភៈ/ភ្នំពេញ: នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ នេះ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២-២០២៣ និងសិក្ខាសាលាថ្នាក់ជាតិស្ដីពី អភិបាលកិច្ចល្អ នៃការគ្រប់គ្រងព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម (SEA Games-ASEAN Para Games) ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា ។
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC និងមានការចូលរួមពីលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈអចិន្ដ្រៃយ៍ CAMSOC និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ហើយក៏មានការចូលរួមជាច្រើនពីថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មាធិការជាតិ CAMSOC ផងដែរ ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២១ កន្លងទៅទោះបីមានឧបសគ្គមួយចំនួនដោយសារជំងឺរាតត្បាលជាសកលកូវីដ១៩ក៏ដោយ។ ចំពោះឆ្នាំ២០២២ គឺជាឆ្នាំប្រតិបត្តិការរៀបចំស៊ី
ហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដូច្នេះសម្ដេចទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវមានភាពប្រាកដនិយម និងការទទួលខុសត្រូវខ្ពស់បំផុត ចំពោះតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ ។
សម្ដេចពិជ័យសេនាបានធ្វើការវាយតម្លៃខ្ពស់ចំពោះអគ្គលេខាធិការដ្ឋាននិងគណៈកម្មការជំនាញពាក់ព័ន្ធដែលបានរៀបចំសន្និបាតបូកសរុប និងសិក្ខាសាលានាពេលនេះ ពិតជាសក្ខីកម្មបង្ហាញនូវអ្វីដែលជាសមិទ្ធផល និងការខ្វះខាតនូវដំណើរការយន្ដការការងាររបស់ CAMSOC សម្រាប់ពង្រឹងការអនុវត្តការងារបន្ដទៀត ។ ទិសដៅឆ្នាំ២០២២ គឺជាឆ្នាំប្រតិបត្តិការរៀបចំស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺ ដែលសន្និបាតថ្ងៃនេះ នឹងរួមគ្នាលើកបញ្ហាប្រឈម ការងារសេសសល់មកពិភាក្សា និងដោះស្រាយឲ្យស៊ីជម្រៅគ្រប់ជ្រុងជ្រោយ និងប្រាកដប្រជា ។
សម្ដេចប្រមុខ CAMSOC បន្ដថា «ខ្ញុំមានជំនឿចិត្តយ៉ាងមុតមាំថា ឆ្លងកាត់សន្និបាត និងសិក្ខាសាលាថ្ងៃនេះ យើងនឹងស្វែងរកគន្លឹះការងារសំខាន់ៗបន្ថែមទៀតដែលជាធាតុចូលដ៏មានសារៈសំខាន់និងផ្ដល់នូវប្រសិទ្ធភាពការងារគ្រប់ជ្រុងជ្រោយរបស់
គណៈកម្មាធិការជាតិ CAMSOC បន្ដទៀត។ ទិសដៅឆ្នាំ២០២២ជាឆ្នាំប្រតិបត្តិការរៀបចំស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេមរបស់យើងដែលទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវមានភាពប្រាកដនិយម ទទួលខុសត្រូវខ្ពស់បំផុត ចំពោះមុខ CAMSOC ចំពោះមុខរាជរដ្ឋាភិបាល និងចំពោះមុខសហព័ន្ធក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍» ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានសំណូមពរឲ្យថ្នាក់ដឹកនាំ និងតំណាងក្រសួង ស្ថាប័ន អង្គការកីឡា និងសហព័ន្ធកីឡាជាតិ ដែលចូលរួមសន្និបាត និងសិក្ខាសាលានេះ ត្រូវផ្ដោតការយកចិត្តទុកដាក់ និងយកបទពិសោធន៍ល្អៗ ធ្វើការផ្លាស់ប្ដូរឲ្យបានផុសផុលបំផុត ដើម្បីប្រមូលនូវធាតុចូលសំខាន់ពីគ្រប់ជំនាញពាក់ព័ន្ធមកសម្រួចផែនការការងារ និងការអនុវត្តឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ក្នុងការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ៕