​ដោយ​: រ៉ា​ម៉ន​/​កែប​: លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​សមាគមជាតិ​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជំនួស​លោក ប៉ា សុជាតិ​វង្ស ដែល​បាន​ទៅកាន់​តំណែង​ជា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​។​

​សមាជិក​ក្រុម​ប្រឹក្សាជាតិ​ចំនួន ៨៥ រូប បានអនុម័ត​គាំទ្រ​ការជ្រើសតាំង​នេះ នៅក្នុង​កិច្ចប្រជុំ​ក្រុម​ប្រឹក្ស​ជាតិ​របស់​សមាគម ដែល​រៀបចំឡើង​នា​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២២ ក្នុង​គោលបំណង​បូកសរុប​សមិទ្ធផល​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២ ដោយមាន​សមាសភាព​ចូលរួម​សរុប​ប្រមាណ ១៩០ រូប ជា​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា តំណាង​ព្រឹទ្ធសភា ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​, សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ៨៥ រូប​, ថ្នាក់ដឹកនាំ​សម្ព័ន្ធភាព​ជាតិ​ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន​, គណៈ​អភិបាល​រាជធានី ខេត្ត​, នាយក​រដ្ឋបាល​រាជធានី ខេត្ត ព្រមទាំង​ប្រធានការិយាល័យ​លេខាធិការ​ក្រុមប្រឹក្សា​រា​ធានី ខេត្ត និង​ដៃគូ​អភិវឌ្ឍន៍​។​

​គួ​បញ្ជាក់ថា សមាគមជាតិ​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត ត្រូវបាន​បង្កើត​ក្នុង​ឆ្នាំ​២០១៣ ជា​នីតិបុគ្គល ធ្វើជា​តំណាងឱ្យ​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត ក្នុង​គោលបំណង​ចម្បង​ចំនួន ៣ រួមមាន​៖

​ទី​១៖ លើកកម្ពស់​ឋានៈ និង​អភិវឌ្ឍ​សមត្ថភាព​ដល់​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត

​ទី​២៖ ការពារ​ផលប្រយោជន៍ និង​គុណប្រយោជន៍​ស្របច្បាប់​របស់​សមាជិក

​ទី​៣៖ កសាង​ភាពជា​ដៃគូ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​អភិវឌ្ឍ​មូលដ្ឋាន ពង្រឹង​នីតិរដ្ឋ និង​ជំរុញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​៕​