ប្រែសម្រួលៈបំណង(ST,បាងកកប៉ុស្តិ៍)៖ នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់ អូចា កាលពីថ្ងៃអង្គារទី៨កុម្ភៈត្រូវបានរដ្ឋមន្ត្រីប្រាំពីររូបបំបាក់មុខដោយសារតែពួកគេធ្វើពហិការមិនចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលវាជាសញ្ញាមួយទៀតបង្ហាញការមិនចុះសម្រុងកាន់តែខ្លាំងឡើងនៅក្នុងក្រុមចំរុះ១៨គណបក្សដឹកនាំដោយអតីតមេទ័ពរូបនេះ។
អវត្តមានរបស់រដ្ឋមន្ត្រីមកពីគណបក្សភូមចៃថៃ(Bhumjaithai)ដែលជាសមាជិកធំទីពីរក្នុងរដ្ឋាភិបាលចម្រុះ អាចជាការអាម៉ាស់មុខមួយទៀតសំរាប់លោកប្រាយុទ្ធ បន្ទាប់ពីគណបក្ស ផាឡាងប្រាចារ៉ាត(Palang Pracharat)របស់លោកកាលពីខែមុនបានបណ្តេញក្រុមមួយដែលគ្រប់គ្រងកៅអីសភាចំនួន២១ ដោយចោទក្រុមនេះថាបង្កការបែកបាក់ក្នុងបក្ស។
ពហិការនេះដោយសារតែពួកគេជំទាស់នឹងផែនការរបស់រដ្ឋាភិបាលដើម្បីបន្តអោយក្រុមហ៊ុនBTS Group Holdingsធ្វើអាជីវកម្មរថភ្លើងអាកាសក្នុងក្រុងបាងកករយៈពេល៣០ឆ្នាំទៀត។
លោកប្រាយុទ្ធបង្ហាញទឹកមុខមិនសប្បាយនៅក្រោយកិច្ចប្រជុំ។លោកបានបដិសេធមិនព្រមនិយាយទៅកាន់អ្នកយកព័ត៌មាន។មានសេចក្តីរាយការណ៍ថា សូម្បីតែក្នុងគណបក្សរបស់លោក ក៏លោករងសម្ពាធខ្លាំងផងដែរ
អ្នកវិទ្យាសាស្ត្រនយោបាយ ទីទីផូល ផាកឌីវ៉ានីច (Titipol Phakdeewanich)បាននិយាយថាការបង្ហាញការមងាយជាចំហបែបនេះវាបង្ហាញចលាចលកាន់តែខ្លាំងឡើងនៅក្នុងក្រុមចំរុះកំពុងកាន់អំណាចនៅមុនការកាន់តំណែង១២ខែចុងក្រោយរបស់លោកត្រូវចប់។«ការតថ្លៃអំណាចកំពុងបង្ហាញអោយឃើញកាន់តែច្បាស់រវាងក្រុមក្នុងរដ្ឋាភិបាល ដោយមួយៗបង្កើនចំណែករបស់គេនៅពេលការបោះឆ្នោតជិតចូលមកដល់»។
ក្នុងពេលជាមួយគ្នា ឧបនាយករដ្ឋមន្ត្រី ប្រាវីត វង់ស៊ូវ៉ុន ដែលដឹកនាំគណបក្សផាឡាង ប្រាចារ៉ាត បាននិយាយថា គណបក្សនេះនឹងមិនបែកទៅជាក្រុមតូចៗ តែមានផែនការពង្រីកវានៅក្នុងការបោះឆ្នោតនាពេលខាងមុខ ហើយលោកប្រាយុទ្ធ ចាន់អូចា នៅតែជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សដដែល។
លោកថា ទោះជាមានការជម្រុះចេញសមាជិកបក្សខ្លះកាលពីពេលថ្មីៗ តែគណបក្សរំពឹងថានឹងឈ្នះបានកៅអីសភាយ៉ាងតិច១៥០ ដោយកើនពី១១៥នាក់ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៩។
ទោះជាមានការធានាដូច្នេះ នៅថ្ងៃពុធទី៩កុម្ភៈនេះ អនុរដ្ឋមន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រី ប្រាយុទ្ធ បាននិយាយថាលោកបានបង្កើតគណបក្សថ្មីមួយឈ្មោះថា«រួមថៃសាងជាតិ»ហើយលោកប្រាយុទ្ធនឹងត្រូវអញ្ជើញអោយដឹកនាំគណបក្សនេះ បើគណបក្ស ផាឡាង ប្រាចារ៉ាត(Palang Pracharat)ដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ប្រាវីត បន្តដាក់សម្ពាធលើលោកប្រាយុទ្ធ។
លោកសេកសាកុល អាតថាវុង(Seksakol Atthawong)បានបញ្ជាក់ថា លោកបង្កើតគណបក្សនេះដើម្បីជាការត្រៀមទុកក្នុងករណី ផាឡាង ប្រាចារ៉ាត មិនដាក់លោកប្រាយុទ្ធ ជាបេក្ខជននាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតនាពេលខាងមុខ។
សូមបញ្ជាក់ថា កាលពីខែកញ្ញាឆ្នាំមុនមានការប៉ុនប៉ងមួយដើម្បីទម្លាក់លោកប្រាយុទ្ធចេញពីអំណាចក្នុងអំឡុងការជជែកសួរដេញដោលក្នុងសភាតែលោកបានរួចផុតពីការបាត់បង់តំណែងនៅក្នុងបោះឆ្នោតសម្តែងការមិនទុកចិត្តលោកនាពេលនោះ។ ទោះជាយ៉ាងណាសម្ពាធនៅតែបន្តនៅក្នុងគណបក្ស ផាឡាង ប្រាចារ៉ាត រហូតដល់មានការដេញឧបនាយករដ្ឋមន្ត្រីម្នាក់ អគ្គលេខារបស់ ផាឡាង ប្រាចារ៉ាតនិងសមាជិកសភា២១នាក់ចេញពីក្រុមចំរុះកាន់អំណាច៕