ដោយៈភ្នំសន្ទុក-សុក្ខារិន/កំពង់ធំៈ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច អមដំណើរដោយលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រី, លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ មន្ត្រីរាជការតំណាងរាស្ត្រ បានអញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រទេសជាតិ និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ចំនួន២៩៧គ្រួសារ ដែលមកពីតាមបណ្ដាខេត្តទាំង៣នៅចំណុច «ក-ដប» ដែលមានព្រំប្រទល់រវាងខេត្តទាំង៣ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២។
ថ្លែងក្នុងឱកាសនោះ លោកស្រីបណ្ឌិត ម៉ែន សំអន បានថ្លែងថា នៅចំណុច «ក-ដប» នេះ គឺជាព្រំប្រទល់ទឹករវាងខេត្តចំនួន៣ គឺខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ។ តំបន់នេះ ជាតំបន់មួយដែលមានជីវៈចម្រុះ យ៉ាងសម្បូរបែប ទាំងក្នុងតំបន់ ក៏ដូចជា នៅក្នុងពិភពលោក ដែលបានផ្តល់ជាទីជម្រកដល់រុក្ខជាតិ និងសត្វ និងជាទីកន្លែងដ៏សក្តិសិទ្ធ ដែលប្រសិទ្ធិនាមថា តំបន់ ក-ដប ប្រកបដោយសីលអ្នកបានទៅដល់មិនចង់វិលវិញ ដោយសារតំបន់នេះត្រជាក់ល្អ និងមានបរិស្ថានល្អ។
លោកស្រីបណ្ឌិត ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យថ្វាយ ព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនិនាថ សីហនុ និងប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរថ្នាក់ដឹកនាំ ព្រឹទ្ធសភា រដ្ឋសភា និងសូមគោរពជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឱ្យជួបសេចក្តីសុខ សន្តិភាព សេចក្តីចម្រើន គ្រប់ៗក្រុមគ្រួសារឲ្យចៀសផុតពីជំងឺផ្សេងៗ និងជួបតែសេចក្ដីសុខជារៀងរហូត។
បន្ទាប់ពីពិធីបួងសួងចប់ លោកស្រីបណ្ឌិត ក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន២៩៧គ្រួសារផងដែរ ដោយពាំនាំនូវអំណោយមួយចំនួនដូចជាអង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី និងថវិកាមួយចំនួន៕