ដោយៈ​សម្បត្តិ​/ ភ្នំពេញៈ ​កម្លាំង​សមត្ថកិច្ច​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ដង្កោ ក្រោម​ការបញ្ជា ផ្ទាល់​របស់លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការ​ខណ្ឌ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​យុវជន​ជា​សង្ស័យ​បួន​នាក់ ក្នុងចំណោម​បក្ខពួក​ប្រាំមួយ​នាក់​ជា​បន្តបន្ទាប់​កាលពី​ព្រឹក​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២២​។ ពួកគេ​ជាប់​សង្ស័យ ធាក់​ដួល​យក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​បានសម្រេច​ហើយ​រត់គេចខ្លួន កាលពី​វេលា​ម៉ោងជាង​៣ ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២១ ត្រង់ចំណុច​ក្បែ ក្រុមហ៊ុន Kerry World Bridge Logistics ផ្លូវជាតិ​លេខ​២​ស្ថិតនៅ ភូមិ​ដំណាក់​សង្កែ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ អោម សំបូរ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​លក់ដូរ ទីលំនៅ​ភូមិ​បា​គូ ឃុំ​បា​គូ ស្រុក​កណ្តាល​ស្តឹង​ខេត្តកណ្តាល​។​ចំណែក​ជនសង្ស័យ​បួន​នាក់​ដែល​សមត្ថកិច្ច ឃាត់ខ្លួន​មាន​៖ ទីមួយ​. ឈ្មោះ គុជ រ៉ា​យុទ្ធ អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស នៅផ្ទះ​លេខ​៩៨ ផ្លូវ​លេខ​៥ បុរី​ពិភពថ្មី​កួរស្រូវ​២ ស្ថិតនៅ​ភូមិ​ស្រីស្នំ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ , ទី​ពីរ​. ចាន់ ស៊ី​យាន អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស ស្នាក់នៅ​ផ្ទះជួល សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ , ទី​បី​.​ឈ្មោះ ទូច អេ​ន​ថូ​នី អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស ទីលំនៅ​សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ និង ទី​បួន​. គ្រី​ស ឈិ​ត​វិសាល អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស ស្នាក់នៅ​ផ្ទះជួល ភូមិ​៥ សង្កាត់​ផ្សារកណ្តាល​ទី​២ ខណ្ឌដូនពេញ ។

​លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការ​ខណ្ឌដង្កោ បាន​បញ្ចា​ក់ថា កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​៣​និង​១៥​នាទី ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០២០ ពាក់​ផ្លាកលេខ​កណ្តាល 1AK-5045 ឌុប​ប្រពន្ធ​ចេញពីផ្ទះ ស្ថិតនៅ​ភូមិ​បា​គូ ឃុំ​បា​គូ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ទៅ​ទិញ​ត្រី​នៅ​ផ្សារ​តាខ្មៅ ខេត្តកណ្តាល យកមក​លក់ដូរ​នៅ​ភូមិ​បា​គូ ឃុំ​បា​គូ ។ ពេល​ជនរងគ្រោះ​បើក​ម៉ូតូឌុប​ប្រពន្ធ​តាមផ្លូវ​ជាតិ​លេខ​២ ដល់​ចំណុច​ក្បែរ ក្រុមហ៊ុន Kerry World Bridge Logistics ស្ថិតនៅ​ភូមិ​ដំណាក់​សង្កែ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ ស្រាប់​តែមាន​ជនសង្ស័យ​ដែលមាន​គ្នា​ប្រាំមួយ​នាក់ បាន​ជិះ​ម៉ូតូ​បី​គ្រឿង (​ម៉ូតូ​ម៉ាក​ស្កូ​ប​ពី​ពណ៌​ខ្មៅ​ចំនួន​មួយគ្រឿង និង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​ចំនួន​ពីរ​គ្រឿង​) ឌុប​គ្នា ។ ពេលនោះ​ជនសង្ស័យ​ឈ្មោះ គុជ រ៉ា​យុទ្ធ បាន​បើក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៩ ពាក់​ផ្លាកលេខ​ភ្នំពេញ​1HP-8108 ឌុប​ជនសង្ស័យ​ឈ្មោះ គ្រី​ស ឈិ​ត​វិសាល ទៅ​អែប​ខាងស្តាំ​ដៃ​របស់​ជនរងគ្រោះ ហើយ​ជនសង្ស័យ​ឈ្មោះ គុជ រ៉ា​យុទ្ធ បាន​ធាក់​ផ្តួល​ម៉ូតូ​របស់​ជនរងគ្រោះ​ផ្តួល រួច​ជនសង្ស័យ​ឈ្មោះ គ្រី​ស ឈិ​ត វិសាល បាន​ចុះទៅ​លើក​ម៉ូតូ​របស់​ជនរងគ្រោះ​បើក​គេចខ្លួនបាត់​។​

​ក្រោយ​កើតហេតុ​ជនរងគ្រោះ​ក៏​បានមក​រាយការណ៍​ប្រាប់​សមត្ថកិច្ច និង​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ព្រែកកំពឹស ដើម្បីឱ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រក​ជនសង្ស័យ យកមក​ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី ។

​លុះដល់​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២២ វេលា​ម៉ោង​១១​យប់ ជនសង្ស័យ​ខាងលើ​បាន​ប្រមូលផ្តុំ គ្នា​នៅ​ចំណុច​ក្បែរ​បុរី​ជីបម៉ុង លើផ្លូវ​៦០​ម៉ែត្រ ស្ថិតនៅ​ភូមិ​ស្រុក​ចេក សង្កាត់​ជើងឯក ខណ្ឌដង្កោ ក្នុងពេល​កម្លាំង​សមត្ថកិច្ច​ដែល​កំពុង​ជិះ​ល្បាត​តាមផ្លូវ​៦០​ម៉ែត្រ បានឃើញ​ក្រុម​ជនសង្ស័យ​ក៏បាន​ធ្វើការ​ឡោមព័ទ្ធ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​បីនាក់ រួម​និង​វត្ថុតាង ម៉ូតូ​ម៉ាក​ស្កូ​ប​ពី​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​ភ្នំពេញ 1IR-7215 ១​គ្រឿង យកមក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែកកំពឹស ។ បន្ទាប់មក​ថ្ងៃទី​៩ ខែកុម្ភៈ វេលា​ម៉ោង​៩ សមត្ថកិច្ច​បានធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​បក្ខពួក​បាន​ម្នាក់ទៀត​ឈ្មោះ គុជ រ៉ា​យុទ្ធ ត្រង់ចំណុច​ផ្ទះ​លេខ​៩៨ ផ្លូវ​លេខ​៥ បុរី​កួរស្រូវ​២ ស្ថិតនៅ​ភូមិ​ស្រីស្នំ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ យកមក​ធ្វើការ​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ។ ប៉ុន្តែ​នៅពេល​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ គុជ រ៉ា​យុទ្ធ នោះ សមត្ថកិច្ច​ពុំបាន​ដកហូត​វត្ថុតាង​ជា​មធ្យោបាយ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៩ ពាក់​ផ្លាកលេខ​ភ្នំពេញ​1HP-8108 ដែល​ជិះ​ធ្វើ​សកម្មភាព​នោះទេ ដោយសារ​ក្រុមគ្រួសារ​របស់​ជនសង្ស័យ​ឈ្មោះ គុជ រ៉ា​យុទ្ធ បានធ្វើ​ការរារាំង និង​ថត​សកម្មភាព​របស់​សមត្ថ​កិច្ច​ថែម​ទៀតផង ។ ក្រោយពី​ធ្វើការ​សាកសួរ​ជនសង្ស័យ​ទាំង​បួន​នាក់​ខាងលើ បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ពួកគេ (​ជនសង្ស័យ​) និង​បក្ខពួក ពិតជា​បានធ្វើ​សកម្មភាព​ជិះ​ម៉ូតូ ធាក់​ផ្តួល​ប្លន់​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ប្រាកដ​មែន​។ វត្ថុតាង​ដែល​ចាប់បាន​មានៈ​ម៉ូតូ​ម​ស្កូ​ប​ពី ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ 1IR-7215 ចំនួន​មួយគ្រឿង ។​

​បច្ចុប្បន្ននេះ ជនសង្ស័យ​ទាំង​បួន​នាក់​ខាងលើ​កំពុង​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​សរន​-PC