ដោយៈ ភ្នំសន្ទុក/កំពង់ធំ: អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងជានាយកអង្គភាពអនុវត្តន៍គម្រោងថ្នាក់ជាតិសម្រាប់កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ជំរុញប្រជាកសិករត្រូវផលិតគ្រាប់ពូជឲ្យមានគុណភាពល្អនិងប្រសិទ្ធភាពខ្ពស់ ។
លោក គិត សេង អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ បានថ្លែងយ៉ាងដូច្នេះក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការត្រួតពិនិត្យគុណភាព និងទម្រង់ការនៃវិញ្ញាបនកម្មគ្រាប់ពូជស្រូវ» ដែលរៀបចំឡើងដោយអង្គភាពអនុវត្តន៍គម្រោងថ្នាក់ជាតិសម្រាប់កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF-NIO for Rice SDP) នៅមន្ទីរកសិកម្មខេត្តកំពង់ធំថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណង:
១.ផ្តល់ចំណេះដឹងអំពីដំណាក់កាលនៃដំណើរការផលិតកម្មគ្រាប់ពូជស្រូវដើម្បីទទួលបានវិញ្ញាបនបត្រ
២.គោលការគ្រឹះនៃប្រព័ន្ធផលិតកម្មគ្រាប់ពូជស្រូវ
៣.ការប្រើប្រាស់ឧបករណ៍សម្រាប់ចុះធ្វើអធិការកិច្ចទីវាល
៤.ការធ្វើតេស្តគុណភាពគ្រាប់ពូជស្រូវ ហើយវគ្គបណ្តុះបណ្តាលនេះគឺជាឱកាសសម្រាប់យើងទាំងអស់គ្នារៀន និងអនុវត្តន៍ ដើម្បីទទួលបានបានចំណេះដឹងអំពីការងារបច្ចេកទេសបន្ថែមតាមរយៈការបង្រៀនរបស់ក្រុមការងារនាយកដ្ឋានពូជដំណាំ។
ជាមួយគ្នានេះលោកបានជំរុញប្រជាកសិករត្រូវបង្កើនសមត្ថភាពជំនាញទាំងអស់ដើម្បីទទួលបាននូវគ្រាប់ពូជស្រូវដែលមានគុណភាពល្អ ស្របទៅតាមស្តង់ដារជាតិដើម្បីបំពេញតម្រូវការទីផ្សារ និងបង្កើនផលិតភាពនាំចេញស្រូវអង្ករទៅកាន់ទីផ្សារអន្តរជាតិដើម្បីលើកស្ទួយសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋកម្ពុជា៕