ដោយៈមុនីរ័ត្ន/​ភ្នំពេញៈលោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជនកម្ពុជា(ស.ស.យ.ក.) បានសរសេរថា ព្រះរាជាណាចក្រ​កម្ពុជាក្នុងនាម​ជា​សមាជិក​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ អាស៊ាន មាន​កិត្តិយស និង​មោទនភាព​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ដ៏​មាន​សារៈសំខាន់​របស់​អាស៊ាន​មួយ​នេះ​។ ដូចដែល​ពាក្យស្លោក​របស់ ស៊ី​ហ្គេម​លើក​ទី​៣២ បានដាក់​ចេញរួច​មក​ហើយ “​កីឡា​រស់ក្នុង​សន្តិភាព – Sports lives in peace” ។​

រូបថតៈ លោក ហ៊ុន ម៉ានី (រូបកណ្តាល)

លោកបានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកដោយ​បញ្ជាក់ថា ការធ្វើជា​ម្ចាស់ផ្ទះ​របស់​កម្ពុជា​ឆ្លុះបញ្ចាំង​ពី​គុណ​តម្លៃ​នៃ​សុខសន្តិភាព និង​ស្ថិរភាព ដែល​បានធ្វើឱ្យ​ការអភិវឌ្ឍ​សព្វបែបយ៉ាង​បានកើត​ឡើង ដែល​ក្នុងនោះ​វិស័យ​កីឡា​ក៏​មិន​ខុសពី​វិស័យ​ផ្សេងៗ​ផងដែរ​។

​ទន្ទឹមនឹងនេះលោក ហ៊ុន ម៉ា​នី បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​កីឡាករ កីឡាការិនី យុវជន​ស្ម័គ្រចិត្ត ចូលរួម​ធ្វើឱ្យ​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នេះ​ទទួលបាន​ជោគជ័យ​ដ៏​ត្រចះត្រចង់ និង​បន្សល់ទុក​នូវ​ស្នាមញញឹម និង​អនុស្សាវរីយ៍​ល្អៗ​ពី​សំណាក់​កីឡាករ កីឡាការិនី និង​ អ្នកចូលរួម​ពី​ប្រទេស​នានា​របស់​អាស៊ាន​។​

​គួររំលឹកថា នៅ​ព្រឹក​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ី អាគ្នេយ៍​លើក​ទី​៣២ ស៊ី​ហ្គេម ២០២៣ បានរៀបចំ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២១​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ២០២២ – ២០២៣ របស់ខ្លួន ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ប្រធាន​គណៈកម្មាធិការ​ជាតិ​។​

​សន្និបាត​រយៈពេល​ពីរ​ថ្ងៃ នឹង​ធ្វើការ​បូកសរុប​ការងារ​ដែល​គណៈកម្មាធិកា​រ​សម្រេចបាន និង​ការពិនិត្យ​លើ​ការងារ​ដែល​ត្រូវបំពេញ​បន្ត ឆ្ពោះទៅកាន់​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ដែល​​កម្ពុ​ជា​ធ្វើជា​ម្ចាស់ផ្ទះជា​លើកដំបូង​៕