ដោយ:ពៅនិមល/ភ្នំពេញ៖ នៅទីស្ដីការក្រសួងពាណិជ្ជកម្មកាលពីព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងឆ្លងយោបល់លើសេចក្ដីព្រាងច្បាប់ ស្ដីពីវិធានដើមកំណើតទំនិញ ដែលមានការចូលរួមពីថ្នាក់ដឹកនាំនិងក្រុមការងាររៀបចំសេចក្តីព្រាងច្បាប់និងបទប្បញ្ញត្តិនានាស្តីពីវិធានដើមកំណើតទំនិញ។
រូបថតៈលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ
ក្នុងអង្គប្រជុំ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាធ្លាប់បានសន្យាក្នុងការកសាងច្បាប់ខាងលើនេះ ដោយអនុលោមតាមកិច្ចព្រមព្រៀងស្ដីពីវិធានដើមកំណើតទំនិញ ក្រោមអង្គការពាណិជ្ជកម្មពិភពលោក(WTO) និងដើម្បីឱ្យស្របទៅតាមការអនុម័តកម្មវិធីការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមក្របខ័ណ្ឌ WTO ដែលក្នុងនោះ រួមមានផងដែរនូវការកសាងច្បាប់ និងបទប្បញ្ញត្តិស្តីពីវិធានដើមកំណើតទំនិញ ដែលជាភារកិច្ចរួមគ្នារវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកបានបន្តថាការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតនេះក៏ជាលក្ខខណ្ឌមួយក្នុងកម្មវិធីផ្តល់កម្ចីផ្អែកលើគោលនយោបាយ ដែលអនុវត្តដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារពិភពលោក (World Bank)។ ម្យ៉ាងវិញទៀត សេចក្តីព្រាងច្បាប់នេះ ក៏បានរំលេចនៅក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ ដែលរដ្ឋាភិបាល ទើបដាក់ប្រកាសអនុវត្តជាផ្លូវការកាលពីពេលថ្មីៗនេះផងដែរ។
នៅក្នុងឱកាសនោះ លោក ហូ ស៊ីវយ៉ុង អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម បានធ្វើបទបង្ហាញសង្ខេបស្ដីពីវឌ្ឍនភាពនៃការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីដើមកំណើតទំនិញ ដែលរួមមានដូចជា គោលបំណងយុត្តិកម្ម ភាពចាំបាច់ អត្ថប្រយោជន៍ សាវតា និងដំណើរការប្រព្រឹត្តទៅនៃការរៀបចំតាក់តែងសេចក្ដីព្រាងនេះ។
ជាមួយនឹងការផ្តល់ធាតុចូល និងមតិយោបល់របស់អង្គប្រជុំ លោករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ណែនាំឱ្យក្រុមការងាររៀបចំ និងស្រង់យកចំណុចល្អៗ ដើម្បីប្រមូលចងក្រងដាក់ក្នុងសេចក្តីព្រាងច្បាប់នេះឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ សង្គតិភាព អនុលោមភាព ទៅតាមកិច្ចព្រមព្រៀង និងបទប្បញ្ញត្តិជាធរមាន ព្រមទាំងជាទឡ្ហីករណ៍ដ៏រឹងមាំ ក្នុងការការពារសេចក្ដីព្រាងច្បាប់នេះ។ ទន្ទឹមនេះ លោកបានលើកទឹកចិត្ត និងកោតសរសើរចំពោះក្រុមការងាររៀបចំសេចក្តីព្រាងច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីវិធានដើមកំណើតទំនិញ ក៏ដូចជាអសើលោក លោកស្រីជាថ្នាក់ដឹកនាំ និងក្រុមការងារអន្តរក្រសួង ក៏ដូចជាជំនាញការ WTO និង UNCTAD ដែលបានផ្តល់មតិយោបល់ ធាតុចូល និងបទពិសោធន៍ ក្នុងការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់នេះ៕សរន