ដោយ:មុនីរ័ត្ន/ភ្នំពេញៈ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការបានលើកឡើងថា ទិន្នន័យជំរឿនសេដ្ឋកិច្ច គឺពិតជាមានសារៈសំខាន់បំផុត ដែលត្រូវធ្វើមិនអាចខ្វះបាន ដើម្បីឆ្លើយតបសេចក្តីត្រូវការប្រើប្រាស់ទិន្នន័យ សម្រាប់ជាធាតុចូលដ៏សំខាន់ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច បរិស្ថាន សង្គម វប្បធម៌ និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា និងផ្តល់សូចនាករសម្រាប់ចំណុចដៅនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០១៦-២០៣០។

លោកបញ្ជាក់បែបនេះក្នុងពិធីបើកកិច្ចប្រជុំនៃគណៈកម្មាធិការជំរឿនសេដ្ឋកិច្ចនៅរាជធានីខេត្ត ស្តីពី ដំណើរការរៀបចំ និងការប្រព្រឹត្តទៅនៃជំរឿនសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២។

លោកបានថ្លែងទៀតថា ការធ្វើជំរឿនសេដ្ឋកិច្ច ត្រូវបានធ្វើជាលើកទី២ បន្ទាប់ពីបានធ្វើជាលើដំបូងនៅឆ្នាំ២០១១ ហៅថា “ជំរឿនសហគ្រាសនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១១” និងបានធ្វើ “អង្កេតចន្លោះជំរឿនសហគ្រាសនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៤” ដែលឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសពីភ្នាក់ងារJICA រដ្ឋាភិបាលជប៉ុន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកកិត្តិសេដ្ឋាបណ្ឌិត បានបន្តថា ផ្អែកលើរបាយការណ៍លទ្ធផលបឋមស្តីពីការស្រង់បញ្ជីអង្គភាពសេដ្ឋកិច្ច នៅតាមរាជធានីខេត្ត ទាំង២៥ បានឱ្យដឹងថា មានចំនួនអង្គភាពសេដ្ឋកិច្ចសរុប ៧៤៣ ៥៣២ ទីតាំងមូលដ្ឋាន នៅឆ្នាំ២០២១ ក្នុងទូទាំងប្រទេស។ ចំនួនអង្គភាពសេដ្ឋកិច្ច បានកើនទ្បើងប្រមាណ ៤៧% បើធៀបនឹងឆ្នាំ២០១១ (ជំរឿនសហគ្រាសឆ្នាំ២០១១) ហើយបានកើនទ្បើងប្រមាណ ៤៥% បើធៀបនឹងឆ្នាំ២០១៤ (ទិន្នន័យអង្កេតចន្លោះជំរឿនសហគ្រាសឆ្នាំ២០១៤)។ លទ្ធផលបឋមនេះ បានបង្ហាញឱ្យឃើញអំពីការប្រែប្រួលរចនាសម្ព័ន្ធកំណើនប្រជាជន និងភូមិសាស្រ្តរដ្ឋបាលគ្រប់គ្រងនៅថ្នាក់មូលដ្ឋាន (ភូមិ ឃុំ/សង្កាត់) នៅតាមរាជធានី ខេត្ត ដែលមានចំនួនប្រជាជនសរុបបានកើនទ្បើងដល់ជិត ១៦លាននាក់ និងមានគ្រួសារសរុបប្រមាណ ៣,៦លានគ្រួសារ នៅឆ្នាំ២០១៩។

ទន្ទឹមនឹងការកើនទ្បើងប្រជាសាស្រ្តនោះ ប្រទេសកម្ពុជាបច្ចុប្បន្ន មានការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើនផងដែរ កន្លងមកនៅមុនពេលការរីករាលដាលនៃជំងឺកូវីដ-១៩ សេដ្ឋកិច្ចកម្ពុជាអាចរក្សាកំណើនសេដ្ឋកិច្ចសម្រេចបានជាមធ្យម ៧% ដោយការធ្វើសមាហរណ័កម្ម និងពិពិធកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និងពិភពលោក។ លើសពីនេះ កម្ពុជានឹងឈានទៅសម្រេចគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ទោះជាយ៉ាងនេះក្តី កម្ពុជាយើងក៏បានទទួលរងនូវផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចមានការថមថយមកវិញពីឆ្នាំ២០២០-២០២១ ផងដែរ ដែលជាហេតុនាំឱ្យប្រជាជនប្រមាណ១៧,៨% នៃប្រជាជនសរុបបានរស់ក្រោមខ្សែបន្ទាត់ភាពក្រីក្រ ក្នុងនោះរួមមាន៖ អត្រាភាពក្រីក្រនៅរាជធានីភ្នំពេញមាន ៤,២% តំបន់ទីប្រជុំជនផ្សេងៗទៀតមាន១២,៦% និងតំបន់ជនបទមាន២២,៨%។ដើម្បីគណនាវាយតម្លៃអំពីកំណើនសេដ្ឋកិច្ចតាមវិស័យនៅរាជធានីខេត្តនីមួយៗ យើងត្រូវតែមានទិន្នន័យតួលេខឱ្យបានច្បាស់ ត្រឹមត្រូវ ជឿជាក់ខ្ពស់ និងទាន់ពេលវេលា សម្រាប់ឆ្លើយតបតម្រូវការប្រើប្រាស់ទិន្នន័យ ដោយផ្អែកតាមបរិបទសេដ្ឋកិច្ចនៅក្នុងរាជធានីខេត្ត ថ្នាក់តំបន់ និងសកលលោក ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ជាមួយនឹងបដិវត្តឧស្សាហកម្មជំនាន់ទី៤ ដែលនឹងនាំមកនូវបច្ចេកវិទ្យាដ៏ទំនើបសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ស្របតាមយុទ្ធ-សាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ លោករដ្ឋមន្ត្រីបញ្ជាក់បន្ថែម។

គួររំលឹកថា ជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នៅទូទាំងប្រទេស ដោយត្រូវប្រើប្រាស់មន្ត្រីសម្ភាសន៍សរុបចំនួនប្រមាណ៥ពាន់នាក់៕ សរន