ដោយ:សុវណ្ណកុម្ភៈ/ភ្នំពេញ: ថ្លែងក្នុងឱកាសធ្វើសន្និបាទបូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២-២០២៣ និងសិក្ខាសាលាថ្នាក់ជាតិស្ដីពី អភិបាលកិច្ចល្អ នៃការគ្រប់គ្រងព្រឹត្តិការណ៍ SEA Games-ASEAN Para Games ឆ្នាំ២០២៣ នៅ ថ្ងៃទី០៩ ខែកុម្ភៈនេះ លោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC បានមានប្រសាសន៍បង្ហាញពីគោលបំណងសំខាន់ៗចំនួនប្រាំមួយ ចំណុចដូចខាងក្រោម៖
១៖ការយល់ដឹងពីវឌ្ឍនភាពការងារ និងទិសដៅបន្តរបស់ CAMSOC រហូតដល់ព្រឹត្តិការណ៍ SEA Games-ASEAN Para Games ឆ្នាំ២០២៣។
២៖បញ្ជ្រាបការយល់ដឹងស្ដីពីតួនាទីភារកិច្ចស្នូលនិងភារកិច្ចសហការរបស់គណៈកម្មការជំនាញនីមួយៗព្រមទាំងកំណត់ប្រតិទិនការងារសំខាន់ៗមួយចំនួនបន្ថែមទៀត។
៣៖បញ្ជ្រាបការយល់ដឹងស្ដីពីរដ្ឋបាលកិច្ចផ្ទៃក្នុងនិងយន្តការជំនាញរបស់គណៈកម្មការជំនាញនីមួយៗ។
៤៖ ស្វែងរកដំណោះស្រាយបញ្ហាប្រឈម ឬកង្វល់នានា ដែលនៅសេសសល់ឲ្យបានទាន់ពេលវេលា។
៥៖ពង្រឹងតម្លាភាព គណនេយ្យភាព និងអភិបាលកិច្ចល្អ ក្នុងការគ្រប់គ្រង ព្រឹត្តិការណ៍ប្រកួត SEA Games- ASEAN Para Games ឆ្នាំ២០២៣។
៦៖ ការដាក់ចេញនូវក្រមប្រតិបត្តិ និងក្រមសីលធម៌របស់ CAMSOC ដើម្បីធានាប្រសិទ្ធភាពបន្ថែមក្នុងការងាររៀបចំ SEA Games – ASEAN Para Games ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ។
សន្និបាត និងសិក្ខាសាលានេះ មានវត្តមានអញ្ជើញចូលរួមពី លោក លោកស្រី ជាថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ អាជ្ញាធររាជធានី-ខេត្ត តំណាងអង្គភាពកីឡា, សហព័ន្ធកីឡាជាតិ, អ្នកជំនាញការកីឡាអន្តរជាតិ និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ប្រមាណ២០០នាក់ ដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ រយៈពេលពេញ១ថ្ងៃ និងបន្ត១ព្រឹកទៀតនាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះទៀត៕