ដោយ:សុវណ្ណកុម្ភៈ/ភ្នំពេញ: វគ្គបណ្តុះបណ្តាលគណៈកម្មការបច្ចេកទេស និងមន្ត្រីដឹកនាំការប្រកួតកីឡាហែលទឹកថ្នាក់ជាតិបានបញ្ចប់ហើយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ដែលនៅក្នុងពិធីបិទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ប៉ែន វុទ្ធី អនុប្រធានទទួលបន្ទុកទូទាំងនាយកដ្ឋានអប់រំកាយ និងកីឡា និងលោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹក។
សម្រាប់ការសិក្សារយៈពេល៣ថ្ងៃសិក្ខាកាមចំនួន៣០នាក់ទទួលបាននិទ្ទេសល្អរហូតដល់៩០ភាគរយឯណោះនេះសបញ្ជាក់សិក្ខាកាមដែលជាគណៈកម្មការបច្ចេកទេស និងមន្ត្រីដឹកនាំការប្រកួតមានការយកចិត្តទុកដាក់ក្នុងការសិក្សា ។ វគ្គនេះបង្រៀនដោយលោក នាង សូរិទ្ធិយ៉ា ជាមន្ត្រីបច្ចេកទេសកម្រិតអន្តរជាតិធ្លាប់ចូលរួមធ្វើអាជ្ញាកណ្តាល និងចៅក្រមការប្រកួតកីឡា SEA GAMES ២០១៩ រូបលោកក៏ជាជាមន្ត្រីបច្ចេកទេសកម្រិតអន្តរជាតិ គឺលោក ហែម ថុនពន្លឺ។
លោកហែមគីរីដែលជាអគ្គលេខាធិការសហព័ន្ធបានមានប្រសាសន៍ថាវគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចំនួន៣០នាក់មកខេត្តកំពង់ចាម ខេត្តបាត់ដំបង ស្រុកកោះធំ (ខេត្តកណ្តាល) ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ត្រីពហុកីឡដ្ឋានជាតិមរតកតេជោមន្ត្រីសហព័ន្ធខ្មែរកីឡាហែលទឹករៀបចំដោយសហព័ន្ធខ្មែរកីឡាហែលទឹកបានរៀបចំក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២១។
វគ្គនេះធ្វើឡើងដើម្បី ពង្រឹងសមត្ថភាព ចំណេះដឹងរបស់មន្ត្រីគណៈកម្មការទាំងអស់របស់សហព័ន្ធខ្មែរកីឡាហែលទឹក ជាមួយនឹងលោកគ្រូឧទ្ទេសដែលមានបទពិសោធន៍និងជាមន្ត្រីគណៈកម្មការបច្ចេកទេសអន្តរជាតិទទួលស្គាល់ដោយសហព្ធ័ន្ធកីឡាហែលទឹកអន្តរជាតិ (FINA) ដើម្បីយកមកចែករម្លែកបង្ហាត់បង្រៀននូវបច្ចេកទេសក៏ដូចជាបទបញ្ជាថ្មីៗបានកែប្រែជារៀងរាល់ឆ្នាំជូនទៅដល់សិក្ខាកាមទាំងអស់បានសិក្សាស្វែងយល់ និងយកទៅអនុវត្តផ្ទាល់ ដើម្បីត្រៀមខ្លួនចូលរួមដឹកនាំការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ៕