ដោយ:បាយ័ន/សៀមរាបៈ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមអ្នកបច្ចេកទេសផ្នែកបុរាណវិទ្យាអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុល ថែទាំ ប្រាសាទលលៃ ដែលកំពុងមានសភាពទ្រុឌទ្រោមប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ដោយសារសម្ភារៈសំណង់ដែលមានអាយុកាលជាង១.០០០ឆ្នាំមកហើយនោះ មានការបែកបាក់ និងពុកផុយច្រើន។
ការងារសំខាន់ៗចំពោះមុខដែលកំពុងយកចិត្តទុកដាក់ធ្វើបច្ចុប្បន្នរួមមាន ជួសជុលពង្រឹងរចនាសម្ព័ន្ធខ្លោងទ្វារដែលធ្វើកំណាយឃើញនៅមុខប្រាសាទផ្នែកខាងកើត ជួសជុលពង្រឹងរចនាសម្ពន្ធជើងក្រោមរបស់តួប្រាសាទ និងចាប់ផ្តើមធ្វើកំណាយយកគំនរថ្មដែលបាក់លុបតួប្រាង្គនិរតីរបស់ប្រាសាទចេញ ដើម្បីត្រៀមធ្វើការជួសជុលនាពេលខាងមុខ។
ចំពោះការងារជួសជុលតាមចំណុចដែលមានហានិភ័យ និងការថែទាំប្រាសាទ អាជ្ញាធរជាតិអប្សរាបាន និងកំពុងអនុវត្តន៍ជាប្រចាំ មិនចំពោះតែប្រាសាទលលៃមួយនេះទេ។
ប្រាសាទលលៃមានទីតាំងនៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលទីនោះជារាជធានីចំណាស់មួយ ដែលគេហៅថារាជធានីរលួស មុនផ្លាស់ប្តូរមកតាំងនៅក្នុងរាជធានីអង្គរ ៕