ដោយ:សរិទ្ធ/ភ្នំពេញ: សណ្ឋាគារយីហោ «សឹងប៉ាវឡុង និងក្លឹបកម្សាន្ត» ស្ថិតនៅផ្លូវ៣១០ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះប្រតិបត្តិការបង្ក្រាប និងឡោមព័ទ្ធ ដោយឃាត់ជនសង្ស័យជាជនជាតិចិន ចំនួនប្រាំមួយនាក់ កាលពីវេលាម៉ោង៤:៣០រសៀល ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២។
កម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថរាជធានីភ្នពេញ បានប្រើប្រាស់រថយន្តចំនួនបីគ្រឿង និងមន្ត្រីកម្លាំងកងរាជអាវុធហត្ថជាច្រើននាក់ ប្រដាប់ដោយកាំភ្លើងវែងខ្លីគ្រប់ដៃ បានចុះទៅដល់សណ្ឋាគារខាងលើនេះ និងសម្រុកចូលទៅខាងក្នុង។
កម្លាំងកងរាជអាវុធហត្ថចុះប្រតិបត្តិការបង្ក្រាបជនសង្ស័យអស់រយៈពេលជាងមួយម៉ោង ទើបឃាត់ខ្លួនបុរសជនសង្ស័យជាជនជាតិចិន ចំនួនប្រាំមួយនាក់ បញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
សូមជម្រាបថា ក្នុងប្រតិបត្តិការចុះបង្ក្រាបខាងលើនេះ បើតាមប្រភពព័ត៍មានលួចបង្ហើបប្រាប់ថា ជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួន គឺពាក់ព័ន្ធនឹងករណីចាប់ជំរិតទារប្រាក់៕