ប្រែសម្រួលៈបំណង(ST)៖ រដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោកឡយ អូស្ទីន កាលពីថ្ងៃពុធទី៩កុម្ភៈបាននិយាយជាមួយសមភាគី កូរ៉េខាងត្បូងនិងជប៉ុនអំពីការគំរាមបង្កឡើងដោយកូរ៉េខាងជើងក្រោយការបាញ់កាំជ្រួចបន្តបន្ទាប់ដោយរដ្ឋាភិបាលក្រុងព្យុងយ៉ាង។
ភាពតានតឹងអន្តរជាតិបាននិងកំពុងកើនឡើងដោយសារការបាញ់សាកល្បងកាំជ្រួចជាបន្តបន្ទាប់របស់កូរ៉េខាងជើង ជាអំពើដែលត្រូវក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហាមឃាត់ជាយូរមកហើយ។កាលពីខែមករា ការសាកល្បងដូច្នេះកើតមានច្រើនបំផុតគឺដល់ទៅ៧លើក រួមមានការបាញ់សាកល្បង«កាំជ្រួចលឿនជាងសម្លេង»ដែលអាចគេចចេញពីការស្ទាក់កំទេច។
អ្នកនាំពាក្យក្រសួងការពារជាតិអាម៉េរិក លោកចន ឃឺប៊ី (John Kirby)បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា «ពួកមេដឹកនាំបានសង្កត់ធ្ងន់ថា ការបាញ់កាំជ្រួចដោយកូរ៉េខាងជើងកំពុងធ្វើអោយសន្តិសុខតំបន់បាត់បង់ស្ថិរភាពនិងជាការរំលោភយ៉ាងច្បាស់ក្រឡែតមួយលើសេចក្តីសំរេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។
ចំណែករដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោកស៊ូ វូក(Suh Wook)បាននិយាយថាការបាញ់បង្ហោះទាំងនេះបង្ក«ការគំរាមដោយផ្ទាល់និងធ្ងន់ធ្ងរ»មួយហើយបានប្តេជ្ញាពង្រឹងសមត្ថភាពឆ្លើយតបឈរលើសម្ពន្ធភាពជាមួយអាម៉េរិក។
រដ្ឋមន្ត្រីទាំងបីបានព្រមព្រៀងបើកជំនួបផ្ទាល់នៅពេលអនាគតដ៏ខ្លី ។
សូមបញ្ជាក់ថា កាលពីថ្ងៃអង្គារ កូរ៉េខាងជើងបានអួតអាងថា ខ្លួនស្ថិតចំណោមប្រទេសបួនប្រាំក្នុងលោកដែលមានសព្វាវុធនុយក្លេអ៊ែរនិងកាំជ្រួចទំនើប និងក៏ជាប្រទេសតែមួយគត់ដែលងើបឈរប្រឆាំងនឹងអាម៉េរិកតាមរយៈ«អង្រួនពិភពលោក»ជាមួយនឹងការសាកល្បងកាំជ្រួច។
របាយការណ៍មួយរបស់អង្គការសហប្រជាជាតិបាននិយាយថា កូរ៉េខាងជើងបានបន្តអភិវឌ្ឈកម្មវិធីនុយក្លេអ៊ែរនិងកាំជ្រួចរបស់ខ្លួននៅមួយឆ្នាំមកនេះនិងការវាយប្រហារតាមអ៊ិនធឺណិតលើការដោះដូររូបិយបណ្ណអេឡិចត្រូនិចជាប្រភពចំណូលដ៏សំខាន់មួយសំរាប់រដ្ឋាភិបាលក្រុងព្យុងយ៉ាង៕
ភាពតានតឹងអន្តរជាតិបាននិងកំពុងកើនឡើងដោយសារការបាញ់សាកល្បងកាំជ្រួចជាបន្តបន្ទាប់របស់កូរ៉េខាងជើង