ដោយៈតារារិទ្ធ/ភ្នំពេញៈដូចកម្មវិធីដែលបានគ្រោងទុក នៅព្រឹកថ្ងៃទី ១០ ខែកុម្ភៈនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងនិងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ។កិច្ចប្រជុំកំពូលនេះ ធ្វើឡើងក្រោមមូលបទ«ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ»។សម្តេចតេជោនឹងធ្វើជាសហប្រធានជាមួយលោកស្រីបណ្ឌិត ហាក់ ចាហាន់មូន (Dr. Hak Ja Han Moon ) សហស្ថាបនិកនៃ សហព័ន្ធសន្តិភាពសកល (UPF) និងលោក បាន គី-មូន (Ban Ki-moon) អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ។
ប្រមុខរាជរដ្ឋាភិបាលអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចកិច្ចនៅសាធារណរដ្ឋកូរ៉េនិងចូលរួមធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២(រូបថតផេកសម្តេចតេជោហ៊ុន សែន)
កិច្ចប្រជុំកំពូលសន្តិភាពពិភពលោកនេះ រៀបចំឡើងរយៈពេលបួន ថ្ងៃចាប់ពីថ្ងៃទី១០ ដល់១៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដោយមានការចូលរួមពីបណ្តាវាគ្មិនសំខាន់ៗនិងអ្នកចូលរួមមកពី ១៥៧ ប្រទេសដើម្បីស្វែងរកក្តីសង្ឃឹមក្នុងការបង្រួបបង្រួមឧបទ្វីបកូរ៉េ ប្រកបដោយសន្តិវិធី។
អញ្ជើញអមសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងដំណើរទស្សនកិច្ច រួមមាន៖ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និង ព័ត៌មាននៃរដ្ឋសភា និងលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងរដ្ឋសភាកម្ពុជាមួយចំនួនទៀត ។
ប្រភពក្រសួងការបរទេសបានបញ្ជាក់ថា នៅក្នុងអំឡុងពេលស្នាក់នៅទីក្រុងសេអ៊ូល សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបជាមួយលោក មូន ចេអ៊ីនប្រធានាធិបតីកូរ៉េចខាងត្បូងដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរួមមានកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ និងធ្វើការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់និងអន្តរជាតិ ដែលជាកង្វល់និងចំណាប់អារម្មណ៍រួមគ្នា ។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏នឹងទទួលជំនួបសម្តែងការគួរសមពីសំណាក់លោក បាន គីមូន អតីតអគ្គលេខាធិការនៃអង្គ ការសហប្រជាជាតិផងដែរ ។ បន្ថែមលើនេះសម្តេចតេជោ ហ៊ុន សែន រំពឹងថានឹងមានជំនួបជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសមួយចំនួនទៀត ក៏ដូចជាទទួល សវនាការពីសំណាក់ឥស្សរជននយោបាយនិងធុរជនផ្សេងទៀត។
ដោយឡែកនៅថ្ងៃទី ១២ ខែកុម្ភៈកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក នឹងប្រគល់ជាផ្លូវការនូវពានរង្វាន់សន្តិភាព «ស៊ុនហាក់» លើកទី៥ជូនដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាសម្រាប់ភាពជាអ្នកដឹកនាំដ៏ខ្ជាប់ខ្ជួនរបស់សម្តេចក្នុងរយៈពេលជាច្រើនឆ្នាំមកនេះក្នុងនាមជានាយករដ្ឋមន្ត្រី នៃ ព្រះរាជានាចក្រកម្ពុជា ដែលបានរួមចំណែកដល់ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច និង សន្តិភាពនៅកម្ពុជានិងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ។
បើតាម ឯកសារ ដែល ផ្ដល់ ដោយSUNHAK Peace Prize បាន បញ្ជាក់ថាសម្តេចតេជោនាយក រដ្ឋមន្ត្រី ហ៊ុន សែន បាននិងកំពុង ជំរុញ កិច្ចសហប្រតិបត្តិការ អន្តរជាតិដើម្បី សន្តិភាពដោយបាន ចូលរួម យ៉ាងសកម្ម នៅក្នុង វេទិកា សន្តិភាព អន្តរជាតិនិង គំនិត ផ្តួចផ្តើម សន្តិភាពរួមទាំង កម្មវិធី ដែល រៀបចំ ដោយ សហព័ន្ធ សន្តិភាព សកល (UPF) ហើយ ជាពិសេស បានបង្ហាញ ពី ភាពជា អ្នកដឹកនាំ ឆ្នើមសម្រាប់ការអភិវឌ្ឍ ប្រកបដោយ ចីរភាព នៅ អាស៊ីអាគ្នេយ៍ ។ជាពិសេស សម្រាប់ សម្តេច នាយករដ្ឋមន្ត្រីបាន ធ្វើជាសហប្រធាន នៃ “ កិច្ចប្រជុំ កំពូល ស្តីពី សន្តិភាព នៅ ឧបទ្វីប កូរ៉េ ” ស្របតាម គម្រោង សន្តិភាព កូរ៉េ តែមួយ ដែលជា ដំណើរការ សន្តិភាព ថ្មី នៅលើ ឧបទ្វីប កូរ៉េ ហើយ ដែល ស្នើឡើង ដោយ លោកស្រី បណ្ឌិត ហាក់ចា ហាន់មូន ។
ទន្ទឹមនឹងដំណើរទស្សនកិច្ចនេះ មានប្រជាពលរដ្ឋ សិស្សនិស្សិត ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅសាធារណរដ្ឋកូរ៉េ បានប្រកាសស្វាគមន៍វត្តមានសម្តេចតេជោ ហ៊ុន សែន ។ តាមរយៈឃ្លីបវីដេអូដែលប្រជាពលរដ្ឋ សិស្សនិស្សិត ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅសាធារណរដ្ឋកូរ៉េ បានបង្ហោះជាបន្តបន្ទាប់ បានបញ្ជាក់ដូចៗគ្នាថា៖ សូមស្វាគមន៍វត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងអញ្ជើញមកដល់សាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១០ ខែកុម្ភៈ ខាងមុខនេះ ដើម្បីទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ នៃអំឡុងពេលកិច្ចប្រជុំកំពូលពិភពលោក និងធ្វើជាសហប្រធាននៃកិច្ចប្រជុំដ៏សំខាន់ នៅសាធារណរដ្ឋកូរ៉េ៕សរន
ប្រមុខរាជរដ្ឋាភិបាលអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចកិច្ចនៅសាធារណរដ្ឋកូរ៉េនិងចូលរួមធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២(រូបថតផេកសម្តេចតេជោហ៊ុន សែន)