ដោយៈរ៉ាម៉ន/ភ្នំពេញៈនៅថ្ងៃទី ១០ ខែកុម្ភៈឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីណែនាំមួយដើម្បី ស្ថានភាពវិវត្តន៍នៃមេរោគបំប្លែងថ្មីប្រភេទអូមីក្រុងក្នុងសហគមន៍បាននិងកំពុងតែរីករាលដាលរហូតដល់មានកំណើនលខបីខ្ទង់។ រដ្ឋបាលរាជធានីបញ្ជាក់ថានេះដោយសារប្រជាពលរដ្ឋមួយចំនួន មានការធ្វេសប្រហែសដោយមិនបានអនុវត្តវិធានការសុខាភិបាលពេញលេញដូចជា មិនបានពាក់ម៉ាស មិនរក្សាគម្លាតសុវត្ថិភាព និងមិនបានលាងដៃនឹងអាកុលឬដែល នៅកន្លែងជួបជុំមនុស្សច្រើនដូចជាមង្គលការ បុណ្យទាន ភោជនីយដ្ឋាន ផ្សារ រោងចក្រ រោងសិប្បកម្ម កន្លែងកម្សាន្តផ្សេងៗ និងតាមទីសាធារណៈ ជាដើម។
សេចក្តីណែនាំបានបញ្ជក់ថា រដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការក្រើនរំលឹកដល់រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ក្នុង រាជធានីភ្នំពេញដូចខាងក្រោម ៖
១- ត្រូវធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាព ដោយចុះណែនាំទីតាំងដែលមានការជួបជុំជា លក្ខណៈទ្រង់ទ្រាយធំ ដូចជានៅតាមទីផ្សារនានាត្រូវក្រើនរំលឹកប្រធានផ្សារ គណៈកម្មការផ្សារ ឱ្យ ធ្វើការផ្សព្វផ្សាយតាមមេក្រូ ដើម្បីដាស់តឿនអាជីវករ អតិថិជន ចេញ-ចូលផ្សារ ឱ្យពាក់ម៉ាស បាញ់ អាកុលឬជែលលាង វាស់កម្ដៅ រក្សាគម្លាតសុវត្ថិភាព ពិនិត្យប័ណ្ណចាក់វាំកំលាំង ជាពិសេសត្រូវ រំលឹកពីវិធានការ “ពាការពារ ៣កុំ” របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី
២- ចំពោះទីតាំងដែលប្រមូលផ្តុំមនុស្សច្រើនដូចជា កន្លែងរៀបចំពិធីមង្គលការ ភោជនីយដ្ឋាន ពិធី បុណ្យទាន កន្លែងកម្សាន្ត និងការជួបជុំ ប្រមូលផ្តុំផ្សេងៗដែលមានមនុស្សច្រើន ត្រូវណែនាំឱ្យ រៀបចំកៅអីអង្គុយមានគម្លាតសុវត្ថិភាព ដោយមិនឱ្យលើសពី០៧នាក់ក្នុងមួយនិងត្រូវប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដូចជាបាញ់ អាកុល ដែលលាងដៃ វាស់កំដៅ រក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស ហើយការដោះម៉ាសេចញ ក្នុងអំឡុងពេលទទួលទានអាហារ ត្រូវទុកដាក់ឱ្យបានត្រឹមត្រូវ និងត្រូវពាក់ម៉ាសវិញនៅពេលងើបចេញពីតុ។ ទន្ទឹមនេះ ត្រូវពិនិត្យប័ណ្ណចាក់វាំក់សាំង បើបុគ្គលណាមួយមិនបានចាក់វាំក់សាំង ឬ ហួសរយៈពេល៤ខែហើយ មិនបានទៅចាក់វាក់សាំងដូសទី៣ ឬដូសជំរុញដោយគ្មានមូលហេតុត្រឹមត្រូវ បុគ្គលនោះមិនអនុញ្ញាតឱ្យចូលទីតាំង ឬកន្លែងប្រារព្ធពិធីឡើយ
៣- ត្រូវធ្វើការក្រើនរំលឹកដល់មន្ត្រី បុគ្គលិក សិស្ស និស្សិត និងកៀរគរប្រជាពលរដ្ឋឱ្យទៅចាក់ វាំក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសទី៣ ឬដូសជំរុញ ឱ្យបានគ្រប់ៗគ្នា ដើម្បី បង្កើនភាពរឹងមាំក្នុងសហគមន៍ និងចៀសវាងនូវមហន្តរាយសុខភាពសាធារណៈ ដែលធ្វើឱ្យប៉ះពាល់ ដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គម
៤- ត្រូវធ្វើការត្រួតពិនិត្យ និងជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ បន្តការប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារខ្លួន ហើយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅ ឱ្យស្របតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទប្រយុទ្ធនឹងជំងឺ កូវីដ-១៩ សំដៅបង្ការ និងកាត់ផ្តាច់នូវខ្សែចម្លងវីរុសកូវីដ-១៩ ជាពិសេសពពួកមេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង និងប្រភេទផ្សេងៗទៀត។ ក្នុងករណីរកឃើញបុគ្គលណាមួយ មិនអនុវត្តតាម ខ្លឹមសារនៃសេចក្ដីណែនាំនេះ ហើយប្រព្រឹត្តល្មើសនឹងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ បុគ្គលនោះនឹងត្រូវប្រឈមនឹងការពិន័យជាប្រាក់ស្របតាម ប្រការ ២ ន ប្រកាសអន្តរក្រសួងលេខ ១៧៨ សហវប្រក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល ស្តីពីការពិន័យជាប្រាក់ចំពោះបុគ្គល ឬ នីតិបុគ្គល ក៏ដូចជា ប្រឈមនឹងទោសដាក់ពន្ធនាគារ ស្របតាមមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដោយគ្មានការលើកលែងឡើយ។
គួររំលឹកថា យោងតាមសេចក្តីជូនព័ត៌មានស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២បានបង្ហាញថា មានករណីឆ្លងថ្មី ២៦២នាក់ដែលជាប្រភេទអូមីក្រុងទាំងអស់(លទ្ធផលបញ្ជាក់ដោយ PCR),ករណីជាសះស្បើយ ៧៦នាក់និង ករណីស្លាប់មិនមាន៕ សរន