ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ ក្រុមហ៊ុន Ford និងToyotaបាននិយាយកាលពីថ្ងៃពុធទី៩កុម្ភៈថាពួកគេបានផ្អាកផលិតកម្មមួយចំនួនខណៈក្រុមអ្នកតវ៉ាប្រឆាំងការចាក់វ៉ាក់សាំងការតព្វកិច្ចបានបិទច្រកព្រំដែនអាម៉េរិក-កាណាដា ដែលញ៉ាំងឱ្យមានការព្រមានពីទីក្រុងវ៉ាស៊ីនតោននិងអូតាវ៉ាអំពីការខូចខាតសេដ្ឋកិច្ច។
បណ្តាប្រទេសលោកខាងលិច ដែលហត់នឿយនឹងជំងឺរាតត្បាត នឹងកត់សម្គាល់ការរឹតបន្តឹងទប់ស្កាត់កូវីដរយៈពេលពីរឆ្នាំក្នុងពេលឆាប់ៗនេះខណៈដែលការតវ៉ាយកស្ទីលបិទផ្លូវដោយឡានដឹកទំនិញធំៗដូចនៅកាណាដាបានរីករាលដាលដល់ប្រទេសអូស្ត្រាលី នូវែលសេឡង់ និងបារាំង ដោយហេតុថាឥឡូវនេះមេរោគអូមីក្រុងចាប់ផ្តើមធូរស្រាលនៅកន្លែងខ្លះ។
ការតវ៉ាដែលមានការចុចស៊ីផ្លេតម្លង់ បានបង្កឱ្យមានការបិទផ្លូវនៅក្នុងរដ្ឋធានីអូតាវ៉ាចាប់តាំងពីចុងខែមករា ហើយចាប់ពីយប់ថ្ងៃចន្ទមកអ្នកដឹកទំនិញបានបិទចរាចរណ៍ចូលប្រទេសកាណាដានៅឯស្ពានឯកអគ្គរដ្ឋទូត (Ambassador Bridge)ដែលជាផ្លូវផ្គត់ផ្គង់សម្រាប់ក្រុមហ៊ុនផលិតរថយន្តនិងផលិតផលកសិកម្មរបស់ទីក្រុងដេត្រយ (Detroit)។
ឥឡូវនេះ ក្រុមហ៊ុនផលិតរថយន្តមួយចំនួនបានរងផលប៉ះពាល់ដោយការរំខាននៅជិតទីក្រុងដេត្រយ ដែលជាបេះដូងនៃវិស័យរថយន្តជាប្រវត្តិសាស្ត្ររបស់សហរដ្ឋអាម៉េរិកប៉ុន្តែមានកត្តាផ្សេងទៀតផងដែរ ដូចជាអាកាសធាតុធ្ងន់ធ្ងរ និងការខ្វះខាតបន្ទះឈីប។
Toyota ដែលលក់ដាច់បំផុតនៅសហរដ្ឋអាម៉េរិក បាននិយាយថា ខ្លួនមិនរំពឹងផលិតរថយន្តនៅទីតាំងនៅខេត្តអុងតារីអូ (Ontario) របស់ខ្លួនសម្រាប់រយៈពេលសេសសល់នៃសប្តាហ៍នេះទេ។ទិន្នផលត្រូវបានបញ្ឈប់នៅរោងចក្រផលិតម៉ាស៊ីនរបស់ Ford និង ក្រុមហ៊ុនផលិតរថយន្ត Chrysler-Stellantis ក៏ត្រូវបានរំខានផងដែរ។
ច្រកព្រំដែនមួយផ្សេងទៀតនៅក្នុងខេត្តអាល់បឺថា (Alberta) ត្រូវបានបិទក្នុងទិសដៅទាំងពីរចាប់តាំងពីល្ងាចថ្ងៃអង្គារ។
សូមបញ្ជាក់ថា ជាងពីរភាគបីនៃទំនិញដែលជួញដូរតម្លៃ ៥១១ ពាន់លានដុល្លារអាម៉េរិកជារៀងរាល់ឆ្នាំរវាងកាណាដានិងសហរដ្ឋអាម៉េរិកត្រូវបានដឹកជញ្ជូនតាមផ្លូវគោក៕
ឡានដឹកទំនិញធំៗរបស់អ្នកតវ៉ាកាណាដាកំពុងបិទច្រកព្រំដែនរវាងកាណាដានិងអាម៉េរិក