ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញៈ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើការព្រមាន ជាសាធារណៈ ចំពោះក្លិប សមាគម មន្ត្រី និងកីឡាករ ដែលជាសមាជិក របស់សហព័ន្ធ កីឡាបាល់ទាត់កម្ពុជា មិនឲ្យធ្វើសកម្មភា្នល់ និងការផ្សព្វផ្សាយ អាជីវកម្ម ល្បែងភ្នាល់ គ្រប់ប្រភេទ ទាំងក្នុង និងក្រៅប្រទេស ។
ក្នុងលិខិតមួយ ដែលចុះហត្ថលេខា ដោយលោក កែវ សារ៉េត អគ្គលេខាធិការ សហព័ន្ធ កីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថាៈ នាពេលបច្ចុប្បន្ន សហព័ន្ធ កីឡាបាល់ទាត់កម្ពុជា បានសង្កេតឃើញថា សកម្មភាពអាជីវកម្មល្បែងភ្នាល់ តាមម៉ាស៊ីនអេឡិចត្រូនិក និងតាមរយៈអ៊ីនធឺណេត អនឡាញ (Internet Online) ក្នុងនិងក្រៅប្រទេស បាននិងកំពុងតែរីកដុះដាលខ្លាំង។ សកម្មភាពធ្វើអាជីវកម្ម ល្បែងភ្នាល់ទាំងនេះ ក៏មានក្លិប សមាគម មន្ត្រី និង កីឡាបាល់ទាត់មួយចំនួន បានចូលរួមសកម្មភាពភ្នាល់ និងធ្វើជាអ្នក តំណាង ផ្សព្វផ្សាយឲ្យអាជីវកម្ម ល្បែងភ្នាល់ទាំងនោះ។
បន្ទាប់ពីបានពិនិត្យឃើញ មានក្លិប សមាគម មន្ត្រី កីឡាករ មួយចំនួន បានធ្វើសកម្មភាព ភ្នាល់ និងផ្សព្វផ្សាយអាជីវកម្មល្បែងភ្នាល់តាមរយៈ អ៊ីនធឺណេត អនឡាញ និងយោងតាម ស្មារតីអង្គប្រជុំ គណៈកម្មការជំនាញមក ទង្វើរបស់ក្លិប សមាគម មន្ត្រី កីឡាករ ដែលធ្វើសកម្មភាពភ្នាល់ និង ផ្សព្វផ្សាយ ឲ្យអាជីវកម្មភ្នាល់ទាំងនោះ គឺមិនត្រឹមត្រូវទេ ។
លេខាធិការដ្ឋាន សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានពិនិត្យឃើញថា ទង្វើ របស់ក្លិប សមាគម មន្ត្រី កីឡាករ គឺផ្ទុយស្រឡះពីលក្ខន្តិកៈ សហព័ន្ធកីឡា បាល់ទាត់ និង FIFA code of Ethics ផ្ទុយពីច្បាប់របស់ ព្រះរាជាណាចក្រកម្ពុជា និងសារាចររបស់ រាជរដ្ឋាភិបាល ស្ដីពីការពង្រឹងការគ្រប់គ្រងអាជីវកម្ម ល្បែងភ្នាល់ តាមម៉ាស៊ីនអេឡិចត្រូនិក និងតាមរយៈអ៊ីនធឺណេត អនឡាញ ក្នុង និងក្រៅប្រទេស គ្រប់ប្រភេទ និងគ្រប់រូបភាព នៅព្រះរាជាណាចក្រកម្ពុជា និងសេចក្ដីប្រកាសពត៌មាន របស់និយ័តករ របស់ទូរគមនាគមន៍កម្ពុជា ។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសព្រមាន ចំពោះសមាគម ក្លិប មន្ត្រី និងកីឡាករ ដែលស្ថិតជាសមាជិក សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មិនអនុញ្ញាត ឲ្យធ្វើទង្វើទាំងអស់ នេះ បានទៀតទេ។ នរណា នៅតែបន្ត នឹងត្រូវទទួល ការពិន័យ ៕/V-PC