ដោយៈ សរិទ្ធ / ភ្នំពេញៈ នារីម្នាក់បានសម្រេចចិត្ត លោតពីលើអគារខុនដូ ជាន់ទី៨ មួយកន្លែង ស្ថិតតាមបណ្តោយផ្លូវលេខ២៧១ ក្នុងភូមិចំរើនផល៤ សង្កាត់បឹង ទំពន់ទី១ ខណ្ឌមានជ័យ បណ្តាលឲ្យស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ៦ ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ។
នារីអត្ដឃាតជន មានឈ្មោះ អៀម រដ្ឋា អាយុ ២៧ ឆ្នាំ មានស្រុកកំណើត នៅឃុំអង្គរជ័យ ខេត្តកំពត។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថាៈ កាលពីវេលាម៉ោង ៥ ព្រឹក ថ្ងៃខែឆ្នាំខាងលើ ស្ត្រីរងគ្រោះបានទៅលេងមិត្តភ័ក្ដិ នៅបន្ទប់លេខ៨០២ ជាន់ទី៨ ដោយនាងបានទូរស័ព្ទ ទៅមិត្តភ័ក្ដិ ជាច្រើនលើក ច្រើនសា តែមិត្តភ័ក្ដិ មិនទទួលទូរស័ព្ទ ព្រោះកំពុងលង់លក់ ក្នុងដំណេក។ បន្ទាប់ពីទំនាក់ទំនងទូរស័ព្ទ មិត្តភ័ក្ដិមិនលើកហើយនោះ អត្ដឃាតជន បានដើរចូលក្នុងបន្ទប់ដាក់ អីវ៉ាន់ក្បែរនោះ ហើយក៏សម្រេចចិត្ត បើកបង្អួច លោតពីលើ អគារខុនដូ ជាន់ទី៨ មកដល់ក្រោម បណ្តាលឲ្យស្លាប់ ក្នុងថ្លុកឈាមតែម្តង បង្កឲ្យមាន ការភ្ញាក់ផ្អើល ទាំងព្រឹកព្រលឹម តែម្តងទៅ។
បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមជាមួយមន្ត្រីជំនាញ បានចុះ អន្តរាគមន៍ ដល់ទីតាំងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យ ពិនិត្យលើសាកសព និងសាកសួរនាំ ព័ត៌មានបន្ថែម។
ជុំវិញករណីដដែលនេះ អធិការរងនគរបាលខណ្ឌមានជ័យ ទទួលផែនយុត្តិធម៌ លោក កឹម កល្យាណ បានឲ្យដឹងថាៈ បន្ទាប់ពីធ្វើកោសល្យវិច័យ ពិនិត្យលើសព និងសាកសួរនាំ ព័ត៌មានល្អិតល្អន់រួចមក ករណីនេះ គឺជាការធ្វើអត្តឃាត សម្លាប់ខ្លួនឯង ពុំមែនជាករណី ឃាតកម្មនោះឡើយ។ យ៉ាងណាមិញ សពត្រូវបានសមត្ថកិច្ច ដឹកតាមរថយន្ត យកទៅកាន់ វត្តស្ទឹងមានជ័យ ដើម្បីតម្កល់នៅទីនោះ បណ្តោះអាសន្ន រង់ចាំទំនាក់ទំនង ទៅកាន់សាច់ញាតិ ដើម្បីទៅទទួលយក ទៅធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់ថា បើតាមការឲ្យដឹងពី ស្ត្រីជាមិត្តភ័ក្ដិ របស់ស្ត្រីអត្ដឃាតជន បានឲ្យដឹងថាៈ ស្ត្រីនោះ គឺឧស្សាហ៍ពិបាកចិត្ត ញឹកញាប់ណាស់ ហើយនាង ក៏ចេះតែមានបញ្ហាផ្ទាល់ខ្លួន ជាបន្តបន្ទាប់ផងដែរ។ នៅវេលាកើតហេតុ បើនាងដឹងថា ស្ត្រីជាមិត្តភ័ក្ដិ (អត្ដឃាតជន) មកលេងបន្ទប់ នាងក៏បើកទ្វារ ទទួលដែរ ប៉ុន្តែមិនបានដឹងសោះ ព្រោះនាងបានបិទ សម្លេងទូរស័ព្ទ ហើយសម្រាកបាត់ទៅហើយ ។ លុះព្រឹកឡើង ទើបប៉ូលិស ហៅសួរនាំ អំពីការស្លាប់របស់មិត្តភ័ក្ដិ ទើបដឹងរឿងហេតុ ដែលបានកើតឡើង៕/V-PC