ដោយ: កាំពី / ក្រចេះ÷ នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ខ័ណ្ឌរដ្ឋបាល ជលផលខេត្តក្រចេះ បានបញ្ជូនជនសង្ស័យ ចំនួនពីរនាក់ ទៅកាន់សាលាដំបូង ខេត្តក្រចេះ។
រដ្ឋបាលជលផល បានសហការជាមួយក្រុមឆ្មាំទន្លេ សហគមន៍នេសាទកោះផ្ដៅ និងកម្លាំងនគរបាលស្រុកសំបូរ បានបង្ក្រាបបទល្មើសឆក់ត្រី ក្នុងទន្លេមេគង្គ ដោយបានឃាត់ខ្លួនជនសង្ស័យ ចំនួនពីរនាក់ និងវត្ថុតាង នៅចំណុចភូមិ អំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ កាលពីយប់ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។
លោក ម៉ុក ពន្លក នាយខ័ណ្ឌរដ្ឋបាលជលផលក្រចេះ បានបញ្ជាក់ឱ្យដឹងថាៈ កម្លាំងចម្រុះ បានចុះល្បាត ត្រួតពិនិត្យចាប់ពីកន្ទុយកោះដំឡូង ឡើងទៅលើ ហើយក៍ជួបប្រទះ បទល្មើសឆក់ត្រី មួយករណី ហើយកម្លាំងសមត្ថកិច្ច ក៍បានដេញបង្ក្រាប ដោយចាប់បាន ជនសង្ស័យ ដែលជាមុខសញ្ញាឆក់ត្រី ចំនួនពីរនាក់ ដោយប្រើប្រាស់ទូក ចំនួនពីរគ្រឿង អាំងវែរទ័រ ប្រភេទឆក់ស្រូប ចំនួន១ អាគុយ៧០អំពែរមួយ កន្ទ្រកដងត្រីមួយ និងមានត្រី មួយចំនួន ជាវត្ថុតាងផងដែរ។
លោកបានបន្តទៀតថាៈ ជនសង្ស័យទាំងពីរនាក់ និងវត្ថុតាងខាងលើ ត្រូវបានមន្ត្រីជំនាញ របស់លោក បានកសាងសំណុំរឿង បញ្ជូនខ្លួនទៅ កាន់សាលាដំបូង ខេត្តក្រចេះ នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕/V-PC