ដោយៈ គង់ហេង / កំពង់ចាមៈ ប្តីប្រពន្ធ នៃគ្រួសារមួយ បានសម្រេចចិត្ត បោះបង់ចោល មុខរបរចិញ្ចឹមសត្វមាន់ ហើយបានងាកចាប់យក មុខរបរចិញ្ចឹម សត្វចង្រិត ដែលទទួល ការបណ្តុះបណ្តាល បង្រៀនតាម ប្រព័ន្ធអនឡាញវិញ ក្នុងកំឡុងពេល ការឆ្លងរាលដាល ជំងឺកូវីដ ១៩។
ជាលទ្ធផល មួយឆ្នាំ បានកន្លងផុតទៅ គឺបានទទួលទិន្នផល ប្រសើរជាងការ ចិញ្ចឹមមាន់។ ប៉ុន្តែការប្តូរមុខរបរ ពីកសិកម្ម ទៅមុខរបរកសិកម្ម ដដែលរបស់ កសិករប្តីប្រពន្ធមួយគូ ដែល មានកសិដ្ឋានចិញ្ចឹមចង្រិត សម្រាប់លក់ជាចង្រិត រស់ និងជាពង ដែលស្ថិតក្នុងភូមិ កោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀមនេះ គឺនៅតែជួបបញ្ហា ប្រឈមនឹងជំងឺម្តងម្កាល នៅពេលសត្វចង្រិត ដុះស្លាបពាក់ អាវកាក់ អាយុចន្លោះ ២៧ ទៅ ៣០ ថ្ងៃ បានឆ្លង និងងាប់តគ្នា អស់ពេញកសិដ្ឋាន គឺអត់មានវិធីព្យាបាល ក្រៅពីចាប់ប្រមូលដុតកម្ទេចចោល ទាំងសម្បុក ហើយចាប់ជ្រើសរើសពូជថ្មី មកចិញ្ចឹមបន្ត។
ជុំវិញបញ្ហាជំងឺលើសត្វចង្រិតនេះ អ្នកចិញ្ចឹម បានសាកសួរព័ត៌មាន តាមប្រព័ន្ធ សង្គម ពីអ្នកចិញ្ចឹមសត្វ មួយប្រភេទនេះ រួចហើយ គឺនៅតែគ្មានវិធីព្យាបាល និងទប់ស្កាត់ ជំងឺនេះដដែល។ ដូច្នេះពួកគាត់ សូមស្នើដល់មន្ត្រីជំនាញ ជួយបង្រៀនពីការព្យាបាលជំងឺ និងវិធីទប់ស្កាត់លើសត្វចង្រិតនេះ ដើម្បីជៀសវាងការខាតបង់ច្រើនបែបនេះ។
ស្ត្រីវ័យ ៣៤ ឆ្នាំ ឈ្មោះ ហួរ វួចឡែន ជាម្ចាស់កសិដ្ឋានចិញ្ចឹមសត្វចង្រិត នៅទីតាំង ខាងលើ បានប្រាប់ឱ្យដឹង នៅថ្ងៃទី ៩ កុម្ភៈថាៈ អ្នកស្រី និងស្វាមី វ័យ ៣៥ ឆ្នាំឈ្មោះ អុល សំអន បានរៀនចិញ្ចឹមសត្វចង្រិត តាមអនឡាញ ពីលោកគ្រូ នៅខេត្តតាកែវ។ ក្រោយពី ចេះវិធីចិញ្ចឹម ក៏បានចាប់ផ្តើម បង្កើតមុខរបរ ចិញ្ចឹមចង្រិត ជាមួយដើមទុនចំនួន ៥០ ម៉ឺនរៀល។
ម្ចាស់កសិដ្ឋានរូបនេះ បានឱ្យដឹងទៀតថាៈ ក្នុងនោះអ្នកស្រី និងប្តី បានជ្រើស រើសទិញពូជ ចង្រិតខ្នាតតូច ពីរប្រភេទ ក្រហម និងប៉ារ៉ា មកចិញ្ចឹមរយៈពេលជាង ៣០ ថ្ងៃទៅ ៥០ ថ្ងៃ គឺបានប្រមូលផល ដោយក្នុងមួយអាង ទំហំ ១,២ ម៉ែត្រ គុណនឹង ២,៤០ ម៉ែត្រ បានចំនួន ពី ១៥ ទៅ ២០គីឡូក្រាម ចង្រិត ចំនួន ១៨ អាង និងក្នុងមួយខែចាប់ ឬប្រមួលផលចំនួន ពីរ លើក សរុបប្រមាណ ១០០ គីឡូក្រាម។
អ្នកស្រី វួចឡែន បានបន្ថែមថាៈ ការចិញ្ចឹមចង្រិត រយៈពេលមួយឆ្នាំ មកនេះ ក្រៅពីលក់ ជាចង្រិតរស់ មួយគីឡូក្រាម តម្លៃ ១៧.០០០ រៀល អ្នកស្រី ក៏លក់ជាពងចង្រិត ដល់អ្នកចិញ្ចឹមដូចគ្នា មួយកញ្ចប់ សម្រាប់មួយអាងតម្លៃ ៦០.០០០ រៀល ដែលអតិថិជន បានទូរស័ព្ទមកសួរ ហើយមកទិញ ដល់កសិដ្ឋាន គឺមានលក្ខណៈល្អប្រសើរ ជាងការ ចិញ្ចឹមមាន់ស្រែ ដែលអ្នកស្រី និងប្តី បានចិញ្ចឹមច្រើនខែ នាពេលកន្លងមកនោះ។
អ្នកស្រី បានបន្តថាៈ ប៉ុន្តែទោះជាយ៉ាងណា ការចិញ្ចឹមចង្រិត នៅជួបបញ្ហា ប្រឈមនឹងជំងឺ ម្តងម្កាលដែរ ដោយការចិញ្ចឹម មួយឆ្នាំមកនេះ បានជួបនឹង ជំងឺម្យ៉ាង ធ្វើឱ្យសត្វចង្រិត មានអាយុចន្លោះពី ២៧ ទៅ ៣០ ថ្ងៃ កំពុងដុះស្លាប ពាក់អាវកាក់ មិនស៊ីចំណី និងមិនផឹកទឹក ហើយពោះរបស់វា មានសភាពពណ៌ខ្មៅ រួចក៏ឆ្លងតគ្នា ពីអាងមួយ ទៅអាងមួយ ពេញកសិដ្ឋានទាំងមូល។ អ្នកស្រី បានសាកសួរពីវិធីព្យាបាល និងទប់ស្កាត់ ជំងឺនេះ ក្នុងបណ្តាញសង្គម អ្នកចិញ្ចឹមចង្រិត ដូចគ្នា ទូទាំងប្រទេស គឺគ្មានមធ្យោបាយ ណាផ្សេង ក្រៅពីប្រមូលចង្រិត និងសម្បុក ដុតកម្ទេចចោល ហើយចាប់ជ្រើសរើសពូជ ចិញ្ចឹមសារជាថ្មីឡើងវិញ។
ទាក់ទិននឹងជំងឺ លើសត្វចង្រិតចិញ្ចឹមនេះ លោក កាតំម សូណាវណ្ណ អនុប្រធាន មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម បានប្រាប់ឱ្យដឹង នៅថ្ងៃទី ១០ កុម្ភៈ នេះថាៈ យើងនៅពុំទាន់មាន វិធីព្យាបាល ប្រភេទជំងឺជាបាក់តេរី លើសត្វចង្រិតចិញ្ចឹមនេះ នៅឡើយទេ។ ប៉ុន្តែយើងមានវិធីទប់ស្កាត់ មួយចំនួន ដូចជា ទីតាំងកន្លែងចិញ្ចឹម ចាំបាច់ត្រូវមានលក្ខណៈទូលាយ ការផ្តល់ចំណី ជៀសវាងជម្រក មានសំណើម។ ដោយបង្កើតបរិយាកាស ចេញចូល ឱ្យបានល្អ ពោលគឺ ជៀសវាងបរិយាកាសអាប់អួរ។
លោកអនុប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងទៀតថាៈ អ្នកចិញ្ចឹមចង្រិត ត្រូវប្រើប្រាស់ពន្លឺអំពូលភ្លើង ពណ៌ក្រហម ឱ្យបានច្រើន ដោយមិនត្រូវប្រើ អំពូលភ្លើង ដែលមានពន្លឺពណ៌ស ឡើយ។ ព្រោះជំងឺជា បាក់តេរីនេះ ឆ្លងលឿនតែ ១២ ម៉ោង ធ្វើឱ្យសត្វចង្រិត ងាប់អស់ ជាពិសេស ឧស្សាហ៍ ផ្លាស់ប្តូរសម្បុក និងទីតាំងកន្លែង រស់នៅរបស់វា (សត្វចង្រិត) ចំពោះប្រភេទចង្រិតដូង មួយ ម៉ែត្រការ៉េ ផ្ទុកមិនលើស ពីចំនួន ៣៥ ក្បាលឡើយ។
សូមបញ្ជាក់ថា ជុំវិញប្រជាពលរដ្ឋ ចិញ្ចឹមចង្រិតនេះ គឺនៅពុំទាន់មានប្រភពណា បញ្ជាក់ពីចំនួន កសិដ្ឋាន អ្នកចិញ្ចឹមសត្វនេះ នៅឡើយទេ នៅខេត្តកំពង់ចាម ប៉ុន្តែសម្រាប់ នៅក្នុងឃុំកោះរកា ស្រុកកំពង់សៀម តាមការប្រាប់ឱ្យដឹង របស់អ្នកស្រី ហួរ វួចឡែន មានកន្លែងចិញ្ចឹមសត្វចង្រិតចំនួន បី កន្លែង៕/V-PC