ដោយៈ រ៉ាម៉ន / ភ្នំពេញៈ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានសម្តែងការកោតសរសើរ ចំពោះលទ្ធផលការងារ សម្រេចបានមួយចំនូន របស់អាជ្ញាធរ រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពេញ១ ខែមករា កន្លងមកនេះ ក្នុងនោះ បានដោះស្រាយបញ្ហាបាតុកម្ម នៅណាហ្គាវើលដ៍ ដោយអត់ធ្មត់ តែម៉ឹងម៉ាត់ និងប្រកបដោយ បញ្ញាញាណ មិនបង្កឱ្យមាន ប្រតិកម្មខ្លាំងក្លា ពីមជ្ឈដ្ឋានានា ហើយបញ្ហាសំរាម ក៏ជាបញ្ហាមួយ ដែលអាជ្ញាធរ រាជធានីភ្នំពេញ ខិតខំដោះស្រាយបាន យ៉ាងល្អប្រសើរផងដែរ។
ការកោតសរសើរខាងលើនេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី១០ ខែមករា នេះ ក្នុងកិច្ចប្រជុំ សាមញ្ញលើកទី៣៣ របស់ក្រុមប្រឹក្សា រាជធានីភ្នំពេញ ក្រោមវត្តមាន លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី និងលោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញនៅសាលា រាជធានីភ្នំពេញ។
លោក ម៉ប់ សារិន បានមានប្រសាសន៍ថាៈ សមាជិក សមាជិកា ក្រុមប្រឹក្សា រាជធានី ពិតជា មានការកោតសរសើរ ចំពោះគណៈអភិបាល អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ និងកងកម្លាំង មានសមត្ថកិច្ចទាំងអស់ ដែលបានដោះស្រាយបញ្ហា បាតុកម្ម នៅណាហ្គាវើលដ៏ ដោយភាពអត់ធ្មត់ តែម៉ឹងម៉ាត់ និងប្រកបដោយ បញ្ញាញាណ មិនបង្កឱ្យមានប្រតិកម្ម ខ្លាំងក្លា ពីមជ្ឈដ្ឋានានា , សូមកោត សរសើរលោកអភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ ដែលបានខិតខំ ដោះស្រាយ ដាក់ធុងសំរាម តាមផ្លូវនានា ពិសេសខណ្ឌ ក្នុងរាជធានី ធ្វើឱ្យសោភ័ណភាព អនាម័យ បរិស្ថាន ក្នុងរាជធានីភ្នំពេញ កាន់តែល្អប្រសើរ ពីមួយថ្ងៃ ទៅមួយថ្ងៃ និងសូមអបអរសាទរ និងថ្លែងអំណរគុណ លោកអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានផ្តួចផ្តើមសាងសង់ ស្ពានអាកាស ឫស្សីកែវ ដែលបានសម្រួលដល់ការកកស្ទះចរាចរ តាមផ្លូវជាតិលេខ៥ ពិសេសតំបន់ឫស្សីកែវ និងតំបន់ក្បែរៗនោះ។
ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាបាតុកម្ម នៅណាហ្គាវើលដ៍ លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ បានមានប្រសាសន៍ថាៈ បញ្ហាបាតុកម្ម នៅណា ហ្គាវើលដ៏ វាមិនមែន ជារឿងធម្មតាពេកទេ ដោយសារតែបាតុករ ត្រូវបានរៀបចំ និងមានការចាត់តាំង ដែល យើងពិបាក ក្នុងការដោះស្រាយបញ្ចប់ ។ បន្ថែមពីលើនេះទៀត ការជួបជុំធ្វើ បាតុកម្មនេះ បានបង្កអោយមាន ការរីករាល ដាលជំងឺកូវីដ-១៩ ប្រភេទ អូមីក្រុងថែមទៀត ។
លោក កើត ឆែ បានបញ្ជាក់ថាៈ មកដល់ពេលនេះ ក្រុមបាតុករ ចំនួនជាង ៥០ នាក់ ហើយ ដែលមានវិជ្ជមានកូវីដ-១៩ ។ នេះមិនបានគិត ចំពោះបាតុករ មួយចំនួនទៀត ដែលមិនបានចូលរួម សហការជាមួយអាជ្ញាធរ ក្នុងការយក សំណាកផងទេ ។
លោក កើត ឆែ ក៏បានបញ្ជាក់បន្ថែមថាៈ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច របស់យើង ក៏បានធ្វើការឃាត់ខ្លួន ក្រុមបាតុករ មួយចំនួនផងដែរ ។ តែការឃាត់ខ្លួននោះ គឺអនុវត្ត ទៅតាមនីតិវិធី នៃច្បាប់ទាំងអស់ ។
លោក កើត ឆែ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ ក្នុងនាមគណៈអភិបាលរាជធានី ក៏បានជូនបាច់ផ្កា ទៅលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ ផងដែរ ក្នុងឱកាសដែលលោក ម៉ប់ សារិន ត្រូវបានជ្រើសតាំង ជាប្រធានសមាគមជាតិ ជំនួសលោក ប៉ា សុជាតិវង្ស ដែលបានទៅកាន់តួនាទី ជាទេសរដ្ឋមន្ត្រី ទទួលបេសកកម្មពិសេស៕/V-PC