ភ្នំពេញៈ អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិភាក្សា លើរបាយការណ៍ ស្តីពីលទ្ធផល នៃការធ្វើអធិការកិច្ច ពាក់ព័ន្ធមន្ត្រីពន្ធនាគារ ខេត្តបន្ទាយមានជ័យ ប្តឹងលោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារ ខេត្តបន្ទាមានជ័យ ក្នុងការបំពេញតួនាទី ភារកិច្ច មានភាពមិនប្រក្រតី និងបក្ខពួកនិយម ពុករលួយ កាលពីថ្ងៃទីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២។
កិច្ចប្រជុំនេះ ដឹកនាំដោយលោក អ៊ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដោយមានការចូលរួម អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន តំណាង ក្រុមការងារអគ្គនាយកដ្ឋានពន្ធនាគារ និងមន្ត្រីពាក់ព័ន្ធ។
បើយោងតាមគេហទំព័រ អគ្គាធិការដ្ឋាន បានឲ្យដឹងថាៈ “នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០២២ នៅសាលប្រជុំរបស់ អគ្គាធិការដ្ឋាន លោក អ៊ីវ លាង អគ្គាធិការ នៃអគ្គាធិការ ដ្ឋាន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា លើរបាយការណ៍ ស្តីពីលទ្ធផលនៃការធ្វើអធិការកិច្ច ពាក់ព័ន្ធនឹងខ្លឹមសារ ដែលបានចុះផ្សាយ លើគេហទំព័រថា មន្ត្រីពន្ធនាគារខេត្ត ប្តឹងមេកើយ ខ្លួនឯង ជិត១ឆ្នាំហើយ មេនៅតែមេដដែល ថែមទាំងភ្ជាប់មកជាមួយ ពាក្យបណ្តឹងរបស់ មន្ត្រីពន្ធនាគារ ចំនួន ២១រូប ដោយមានចោទប្រកាន់ចំណុចដូចខាងក្រោម៖
– គ្មានសីលធម៌ វិជ្ជាជីវៈ ជេរប្រមាថថ្នាក់ដឹកនាំ និងមន្ត្រី
– យកគ្រួសារមកនៅកន្លែងធ្វើការនិងចិញ្ចឹមសត្វឆ្កែបង្កភាពកខ្វក់ និងខាំមន្ត្រី
– ប្រជុំហាមមន្ត្រីមិនឱ្យគោរពតាមការណែនាំរបស់អនុប្រធានពន្ធនាគារ ទទួលផែន
– បក្ខពួកនិយម គាបសង្កត់មន្ត្រីមិនឱ្យមានការតវ៉ានិង ពុករលួយ
– បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង អាងអំណាចមិនឱ្យមន្ត្រីគោរពអ្នកណា ក្រៅពីខ្លួន។
លោក អ៊ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានបញ្ជាក់ ប្រាប់រស្មីកម្ពុជា កាលពីថ្ងៃទី៩ ខែកុម្ភៈថាៈ កិច្ចប្រជុំពិភាក្សាលើ របាយការណ៍ ស្តីពីលទ្ធផល នៃការធ្វើអធិការកិច្ច ពាក់ព័ន្ធមន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ ប្តឹងលោកអ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាមានជ័យ។
ចំណែកលោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារ ខេត្តបន្ទាមានជ័យ បានបដិសេធ មិនធ្វើ អត្ថាធិប្បាយទេ។ ប៉ុន្តែលោកបានបញ្ជាក់ថាៈ “អធិការកិច្ចក្រសួងមហាផ្ទៃ បានចុះមក ហើយ មានអីសួរទៅនឹងទៅ”៕/V-PC