ដោយៈ សុផល / សៀមរាបៈ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានដឹកនាំគណៈប្រតិភូ មួយក្រុម ដែលមាន មន្ត្រីការទូត អាមេរិក និងបុគ្គលិកស្ថានទូត ជាង ៦០ នាក់ ធ្វើទស្សនកិច្ចការងារ នៅខេត្តសៀមរាប និងចូលរួមប្រារព្ធកម្មវិធី សប្តាហ៍ស្ថានទូតអាមេរិក (U.S. Embassy Week) ចាប់ពីថ្ងៃទី ៧ ដល់ ១១ ខែកុម្ភៈ នៅក្នុងទីក្រុងធំទី ២ របស់កម្ពុជា។
គណៈប្រតិភូស្ថានទូត បានជួបប្រាស្រ័យការងារ ជាមួយដៃគូនានានៅកម្ពុជា ដែលធ្វើការ ក្នុងវិស័យសុខភាពសាធារណៈ អប់រំ វប្បធម៌ ពាណិជ្ជកម្ម យុវជន ការដោះមីន និងការអនុវត្តច្បាប់ ដែលនេះជាការបង្ហាញឱ្យឃើញ ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះប្រជាជន នៅសៀមរាប។
លោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថាៈ «យើងជាមន្ត្រីស្ថានទូតអាមេរិក ធ្វើការនៅ ទូទាំងខេត្ត ២៥ របស់ប្រទេសកម្ពុជា។ យើងមានសេចក្តី សោមនស្សរីករាយ ដ៏ក្រៃលែង ក្នុងការនាំ បុគ្គលិករបស់យើងមក ខេត្តសៀមរាបនាពេលនេះ»។
បុគ្គលិក មន្ត្រី ដែលចូលរួមធ្វើការងារ ក្នុងឱកាស សប្តាហ៍ ស្ថានទូតអាមរិក រួមមាន មន្ត្រីមកពី មជ្ឈមណ្ឌលប្រយុទ្ធជំងឺឆ្លងអាមេរិក (CDC) ទីភ្នាក់ងារ ជំនួយអាមេរិក (USAID) ផ្នែកស៊ើបអង្កេត នៃក្រសួងសន្តិសុខមាតុភូមិ និងមន្ត្រីមកពីវិស័យផ្សេងៗ ព្រមទាំងទីភ្នាក់ងារដទៃទៀត របស់សហរដ្ឋអាមេរិក ដែលបម្រើការ នៅស្ថានទូតអាមេរិក។
វត្តមាននៅខេត្តសៀមរាបនេះ លោកឯកអគ្គរដ្ឋទូត Murphy នឹងធ្វើទស្សនកិច្ច នៅមន្ទីរពេទ្យបង្អែកខេត្ត ដែលជាជំនួយ ពីទីភ្នាក់ងារប្រយុទ្ធជំងឺឆ្លងអាមេរិក ចូលរួមដឹកនាំ កិច្ចពិភាក្សាតុមូលមួយ ជាមួយក្រុមមនុស្ស ស្រឡាញ់ភេទដូចគ្នា និងអ្នកតស៊ូមតិ លើបញ្ហានេះ ព្រមទាំងទៅគោរពវិញ្ញាណក្ខន្ធ អ្នកបច្ចេកទេស របស់អង្គការដោះមីនកម្ពុជា ដែលបានបាត់បង់ជីវិត ក្នុងពេលបំពេញការងារ កាលពីខែមុន។
អង្គការហ្វារពន្លឺសិល្បៈកម្ពុជា ក៏បានចូលរួមធ្វើការសម្តែង អបអរពិធីសប្តាហ៍ ស្ថានទូត អាមេរិក ជូនដល់ដៃគូការងារ អ្នកទទួលផល និងមិត្តភក្ត្រទាំងអស់ កាលពីរាត្រីថ្ងៃពុធ ទី ៩ កុម្ភៈ ឆ្នាំ ២០២២។
សប្តាហ៍ ស្ថានទូតអាមេរិក នៅសៀមរាប បង្ហាញពីការងារ ជាបន្តបន្ទាប់ របស់ស្ថានទូត ក្នុងការអបអរនូវ ទំនាក់ទំនង អាមេរិក កម្ពុជា ឆ្នាំ ២០២២ (AmCam2022) លើចំណងទាក់ទងយូរអង្វែង រវាងប្រជាជនអាមេរិក និងប្រជាជន នៃប្រទេសកម្ពុជា ក៏ដូចជា ប្រជាជន នៅតំបន់អាស៊ីអាគ្នេយ៍៕/V-PC