ប្រែសម្រួលៈបំណង(CNA)៖អង្គការប៉ូលិសអន្តរជាតិហៅថាអាំងទែរប៉ូល(Interpol)កាលពីថ្ងៃព្រហស្បតិ៍ទី១០កុម្ភៈបាននិយាយថា ខ្លួនមិនអាចជួយប្រទេសដែលកំពុងជាប់ក្នុងស្ថានការណ៍ជម្លោះនយោបាយផ្ទៃក្នុងបានទេ។ការអះអាងដូច្នេះធ្វើឡើងតែពីរថ្ងៃបន្ទាប់ពីយោធាមីយ៉ាន់ម៉ា បានប្រកាសសុំអោយអង្គការប៉ូលិសពិភពលោកនេះផ្តល់ការគាំទ្រ។
ក្រសួងការបរទេសមីយ៉ាន់ម៉ាបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានអំពាវនាវអោយអង្គការសន្តិសុខអន្តរជាតិផ្សេងៗធ្វើការជាមួយមីយ៉ាន់ម៉ាដើម្បីប្រយុទ្ធប្រឆាំងនឹង«ភេរវកម្ម» ដោយចង់សំដៅទៅរកអំពើរបស់ពួកប្រឆាំងអាជ្ញាធរយោធា រួមមានរដ្ឋាភិបាលឯកភាពជាតិ(NUG)ដែលជារដ្ឋាភិបាលស្រមោលផ្សំឡើងដោយសមាភាពរដ្ឋាភិបាលមុន។
អ្នកតវ៉ាប្រឆាំងនៅមីយ៉ាន់ម៉ា រងការបាញ់គ្រាប់បែកផ្សែងដាក់ក្នុងបាតុកម្មកាលពីឆ្នាំ២០២១នៅទីប្រជុំជនកាឡេ ។អាជ្ញាធរយោធាចាត់ទុកពួកអ្នកប្រឆាំងនឹងរដ្ឋប្រហារជាពួកភេរវករ
សេចក្តីថ្លែងការណ៍របស់អង្គការប៉ូលិសនេះ បាននិយាយថា « អាំងទែរប៉ូលនឹងមិនផ្តល់ជំនួយសំរាប់សំណើណាមួយដែលអាចទាញអោយខ្លួនចូលក្នុងបញ្ហាពាក់ព័ន្ធនឹងនយោបាយផ្ទៃក្នុង ដូចជាសំណើចាប់ខ្លួនជនប្រឆាំងនយោបាយ ឬអ្នករិះគន់រដ្ឋាភិបាល»ទេ។
រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាដែលតែងតាំងឡើងដោយយោធា លោក វុនណា ម៉ោងលីន(Wunna Maung Lwin)បានជួបប្រជុំជាមួយឯកអគ្គរដ្ឋទូតនិងមន្ត្រីអង្គការសហប្រជាជាតិនៅក្រុងយ៉ាងហ្គោនកាលពីថ្ងៃអង្គារ។ក្នុងអំឡុងពេលប្រជុំនេះលោក បានចោទប្រកាន់ក្រុមរដ្ឋាភិបាលឯកភាពជាតិ(NUG) គណៈកម្មាធិការតំណាងយីឌូងស៊ូ លូតតាវ(CRPH)និងកងកម្លាំងការពារប្រជាជន(PDF)ថាសុទ្ធតែក្រុមភេរវកម្ម ដោយពួកគេបានប្រព្រឹត្តអំពើដូចជាកាប់សម្លាប់ជនស៊ីវិលស្លូតត្រង់ បុគ្គលិកកងកម្លាំងរដ្ឋាភិបាល និងបំផ្លាញអាគាររដ្ឋ ដូចជាសាលារៀន មន្ទីរពេទ្យនិងស្ពាន។
CRPH ត្រូវបានបង្កើនឡើងដោយក្រុមសមាជិកសភាដែលត្រូវបណ្តេញចេញពីតំណែងក្នុងរដ្ឋប្រហារថ្ងៃ១កុម្ភៈ។រដ្ឋាភិបាលឯកភាពជាតិ(NUG)និងPDFត្រូវបានបង្កើតឡើងក្រោមមកទៀតដើម្បីដឹកនាំប្រជាជនអោយប្រឆាំងនឹងការគ្រប់គ្រងយោធាបច្ចុប្បន្នហើយស្តារការគ្រប់គ្រងស៊ីវិលឡើងវិញ។
ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសមីយ៉ាន់ម៉ា បាននិយាយថា ខ្លួនបានជូនដំណឹងទៅបណ្តាអង្គការប្រឆាំងភេរវកម្មរបស់អង្គការសហប្រជាជាតិនិងអាស៊ាន បណ្តាប្រធានប៉ូលិសអាស៊ាន(អាស៊ានប៉ូល)និងអាំងទែរប៉ូល អោយថ្កោលទោសក្រុម NUG, CRPH, PDF។ក្រសួងបានអំពាវនាវអោយមាន«កិច្ចសហប្រតិបត្តិការវិជ្ជមាននៅក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម»។
តាមពិតយោធាមីយ៉ាន់ម៉ា ខ្លួនឯងក៏ត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តការសម្លាប់ទ្រង់ទ្រាយធំនិងការធ្វើទារុណកម្មលើសមាសភាពប្រឆាំង ជនស៊ីវិល រួមទាំងស្ត្រីនិងកុមារ។
ចាប់តាំងពីរដ្ឋប្រហារ មនុស្សជាង១.៥០០នាក់ត្រូវគេជឿថាត្រូវបានសម្លាប់ក្នុងការបង្ក្រាបពីសំណាក់កងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ាលើការតវ៉ាប្រឆាំងនឹងការគ្រប់គ្រងយោធា៕