ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ តារាភាពយន្ត អ៊ែនជេលីណា ចូលី បានត្រឡប់មកវិមានកាពីតូលហ៊ីល (Capitol Hill) វិញកាលពីថ្ងៃពុធទី៩កុម្ភៈដោយអង្វរសមាជិកសភាអាម៉េរិកឱ្យអនុម័តវិធានការនានាដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាក្នុងគ្រួសារជាបន្ទាន់។
នៅក្នុងសន្និសីទសារព័ត៌មានមួយនៅវិមានកាពីតូលរបស់សហរដ្ឋអាម៉េរិកលោកស្រីចូលីបានសម្តែងការគាំទ្រចំពោះការពិនិត្យឡើងវិញនូវច្បាប់ដែលនឹងផ្តល់ឱ្យជនរងគ្រោះនៃការរំលោភបំពានបែបនេះជាមួយនឹងជំនួយផ្នែកវេជ្ជសាស្ត្រនិងផ្នែកច្បាប់ក៏ដូចជាការគាំទ្រដល់កុមារដែលរងផលប៉ះពាល់ពីអំពើហិង្សានៅក្នុងផ្ទះ។
ផលិតករភាពយន្តនិងជាម្ចាស់ជ័យលាភីពានរង្វាន់ Academy Award រូបនេះបាននិយាយថា “ការពិតដ៏អាក្រក់គឺថា អំពើហិង្សានៅក្នុងផ្ទះបានក្លាយជារឿងធម្មតានៅក្នុងប្រទេសរបស់យើង”។
លោកស្រីចូលីបាននិយាយទាំងទឹកភ្នែកខណៈអំពាវនាវឱ្យសភាផ្តោតអាទិភាពលើការផ្តល់អំណាចឡើងវិញដល់ច្បាប់ស្តីពីអំពើហិង្សាលើស្ត្រី ( VAWA) យ៉ាងដូច្នេះថា”ខ្ញុំចង់ទទួលស្គាល់ដល់កុមារដែលមានការភ័យខ្លាចនិងរងទុក្ខនៅពេលនេះ និងមនុស្សជាច្រើនទៀត ដែលច្បាប់នេះចេញមកយឺតពេលពេកសម្រាប់ពួកគេ”។
តារាក្នុងរឿង Eternals អាយុ ៤៦ ឆ្នាំរូបនេះបានចោទប្រកាន់អតីតស្វាមី ប្រ៊ែត ភីត ថាមានចេតនាវាយកូនប្រុសរបស់ពួកគេឈ្មោះ ម៉ាតដុក ដែលគ្រានោះទើបតែមានអាយុ ១៥ ឆ្នាំទោះបីជាភីតត្រូវបានជម្រះពីការចោទប្រកាន់នេះក៏ដោយ។
លោកប្រធានាធិបតី ចូ បៃដិន ដែលពេលនោះជាព្រឹទ្ធសមាជិកអាម៉េរិក គឺជាអ្នកនិពន្ធចម្បងនៃសេចក្តីព្រាងដើមនៃច្បាប់ដែលបានចុះហត្ថលេខាជាលើកដំបូងក្នុងឆ្នាំ ១៩៩៤។កំណែជាបន្តបន្ទាប់នៃច្បាប់ VAWA បានអនុម័តដោយមានការគាំទ្រយ៉ាងខ្លាំងពីគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋ។
ប៉ុន្តែនៅឆ្នាំ ២០១៩ កំណែមួយ ដែលអនុម័តដោយសភាតំណាងរាស្ត្រ បានជាប់គាំងនៅក្នុងព្រឹទ្ធសភា ដែលកាលណោះគឺគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋដែលរារាំងច្បាប់នេះមិនឱ្យឈានដល់ការបោះឆ្នោតសម្រេចចុងក្រោយ។
ច្បាប់ដែលបានបង្ហាញកាលពីថ្ងៃពុធក៏មានការគាំទ្រពីបក្សទាំងពីរផងដែរហើយលោកបៃដិនបានអបអរសាទរក្រុមសមាជិកសភាមកពីគណបក្សទាំងពីរដែលបានរួមគ្នាដើម្បីផ្តល់អំណាចឡើងវិញដល់ច្បាប់ VAWA ៕
តារាភាពយន្ដអាម៉េរិក អ៊ែនជេលីណា ចូលី ផ្តល់សក្ខីកម្មនៅឯវិមានកាពីតូលសហរដ្ឋអាម៉េរិកកាលពីថ្ងៃពុធទី ៩ ខែកុម្ភៈឆ្នាំ ២០២២ ក្នុងការគាំទ្រច្បាប់ថ្មីដើម្បីជួយជនរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ